តារា​ចម្រៀង​យក​បទ “នឹក​បង​៥០%​ផង” មក​ច្រៀង​ថ្មី សម្រេច​សុំ​ទោស អេនឌី

បន្ទាប់​ពី​កើត​រឿង​ឆ្លើយ​ឆ្លង​គ្នា ក្រោយ​បទ “នឹក​បង​៥០%​ផង” ដែល​ជា​បទ​លោក អេនឌី ត្រូវ​បាន​គេ​យក​ច្រៀង និង​ថត​ជា​វីដេអូ​ចម្រៀង​ទៀត​នោះ។ ឥឡូវ​នេះ ពៅ ពេជ្រ ដែល​ជា​អ្នក​យកបទ​ខាង​លើ​​មក​ច្រៀង បាន​សុំទោស អេនឌី ជា​ម្ចាស់​ទំនុក​ហើយ។ នេះ​បើ​តាម អេនឌី។

 

តារា​ចម្រៀង​យក​បទ “នឹក​បង​៥០%​ផង” មក​ច្រៀង​ថ្មី សម្រេច​សុំ​ទោស អេនឌី

 

ម្ចាស់​ទំនុក​ច្រៀង “នឹក​បង​៥០%​ផង” លោក អេនឌី បាន​ប្រាប់​ថា ពៅ ពេជ្រ បាន​សរសេរ​សារ​តាម​បណ្ដាញ​សង្គម​សំដៅ​(Tag)មក​លោក ក្រោយ​ពី​លោក​ប្រតិកម្ម​រឿង​យក​បទ​របស់​លោក​មក​ច្រៀង​ដោយ​មិន​សុំ​ការ​អនុញ្ញាត ដែល​តាម​ខ្លឹម​សារ គឺ​ពៅ ពេជ្រ បាន​សុំ​ទោស និង​សុំ​ការ​យោគយល់។

 

សារ​ដែល​សំដៅ​មក អេនឌី នោះ ពៅ ពេជ្រ បាន​លើក​ឡើង​ថា ការ​ដែល​លោក​យក​បទ​ចម្រៀង​ខាង​លើ មក​ច្រៀង គឺ​ដោយ​សារ​តែ​លោក​ស្រឡាញ់​បទ​នេះ​ខ្លាំង ព្រម​ទាំង​បាន​ទុក អេនឌី ជា Idol លោក​តាំង​ពី​តូច​ៗ​ទៀត​ផង។ ដូច្នេះ​ហើយ ទើប​លោក​សម្រេច​យក​បទ​នេះ មក​ច្រៀង ដោយ​បាន​សាក​សួរ​យោបល់​រៀម​ច្បង​មួយ​ចំនួន​ដែរ។

 

តារា​ចម្រៀង​យក​បទ “នឹក​បង​៥០%​ផង” មក​ច្រៀង​ថ្មី សម្រេច​សុំ​ទោស អេនឌី

 

ក្រោយ​ទទួល​ផល​វិជ្ជមាន​ពី​ការ​ប្រឹក្សា​យោបល់​ជាមួយ​រៀម​ច្បង​មួយ​ចំនួន ពៅ ពេជ្រ បញ្ជាក់​ថា លោក​បាន​យក​ប្រាក់​ដែល​លោក​សន្សំ​ជា​ច្រើន​ខែ​ទាំង​ប៉ុន្មាន មក​វិនិយោគ​ធ្វើ​បទ​នេះ​ទាំង​អស់។ លោក​ថា “ប្អូន​បាន​យក​ប្រាក់​ខែ​ដែល​ខំ​សន្សំ​ជា​ច្រើន​ខែ មក​ធ្វើ​ជា MV បទ​នេះ ដោយ​បាន​និយាយ​ទៅ​កាន់ Director ថា ធ្វើ​ឲ្យ​ល្អ ព្រោះ​ខ្ញុំ​ស្រឡាញ់​បទ​នេះ”។

 

ជា​ចុងក្រោយ ដោយ​សារ​តែ​បែប​នេះ តារា​ចម្រៀង​ដដែល ស្នើ​សុំ អេនឌី កុំ​ប្រកាន់​ខឹង ក៏​ដូច​ជា​យោគ​យល់​ផង ព្រោះ​លោក​មិន​បាន​យក​មក​ធ្វើ​អាជីវកម្ម​ទេ គឺ​ដាក់​ជូន​ប្រិយមិត្ត​ទស្សនា​ឥត​គិត​ថ្លៃ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ប៉ុណ្ណោះ។

 

តារា​ចម្រៀង​យក​បទ “នឹក​បង​៥០%​ផង” មក​ច្រៀង​ថ្មី សម្រេច​សុំ​ទោស អេនឌី

 

វិល​មក​លោក អេនឌី ម្ចាស់​ទំនុក​ច្រៀង​វិញ បាន​ឆ្លើយ​ជាមួយ Sabay ថា អ្វី​ដែល​លោក​ចង់​បាន តែ​ប៉ុណ្ណឹង គឺ​ហោច​ណាស់ ស្នើ​សុំ ឬ​ឲ្យ​ដំណឹង​ខ្លះ​ដែរ​មុន​ធ្វើ ព្រោះ​ជា​បទ​ដែល​លោក​ស្រឡាញ់​ជាង​គេ​ដូច​គ្នា។ លោក ថ្លែង​ថា “ខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង​តើ​បង…ហើយ​ឥឡូវ​ខ្ញុំ​សប្បាយ​ចិត្ត ពេល​ដឹង​ថា បទ​ខ្ញុំ​មាន​អ្នក​ស្រឡាញ់ រហូត​សុខ​ចិត្ត​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ធ្វើ​ដូច្នេះ។ ម្យ៉ាង​គាត់ ក៏​អត់​ធ្វើ​អាជីវកម្ម​ដែរ ខ្ញុំ​គិត​ថា ប៉ុណ្ណឹង​ទៅ​ចុះ”។

 

យ៉ាង​ណា ជា​ចុងក្រោយ តារា​ប្រុស​សាច់​ស​រូប​នេះ ស្នើ​សុំ​ថា សូម​កុំ​យក​ទៅ​ធ្វើ​អាជីវកម្ម​នា​ពេល​បន្ទាប់ តែ​បើ​ចង់​ធ្វើ គួរ​ជជែក​គ្នា​ជា​មុន​ផង។

 

ងាក​មក​លោក ពៅ នេត្រា អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ផលិត​កម្ម​នេត្រា​ដែល​ចេញ MV បទ “នឹក​បង​៥០%​វិញ” វិញ បញ្ជាក់​ថា លោក​ក៏​សប្បាយ​ចិត្ត​ដែរ នៅ​ពេល​ដឹង​ថា អ្វី​ៗ​ត្រូវ​បាន​ដោះ​ស្រាយ​ដូច្នេះ។ លោក​បន្ត​ថា នេះ​ចាត់​ជា​បទ​ពិសោធន៍​មួយ ទាំង​លោក និង​ប្អូន​ៗ​ជំនាន់​ក្រោយ ដែល​ចង់​យក​បទ​របស់​រៀម​ច្បង​ជំនាន់​មុន មក​ច្រៀង ឬ​ធ្វើ​អ្វី គួរ​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​បទ​ជា​មុន​សិន៕

 

អត្ថបទ៖ ទារិកា