លោក កឹម ​សុខា ​ប្តេជ្ញា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន

ភ្នំពេញៈ ប្រធានស្តីទីគណបក្សប្រឆាំងលោក កឹម សុខា បានសម្រេចមិនចូលបំភ្លឺនៅតុលាការ នៅថ្ងៃនេះ ក្នុងសំណុំរឿងបរិហាកេរ្តិ៍ដ៏ចម្រូងចម្រាស ដែលប្តឹងដោយសកម្មជននយោបាយកញ្ញា ធី សុវណ្ណថា ឡើយ បើទោះបីជាលោកត្រូវប្រឈមនឹងការចាប់ខ្លួនក៏ដោយ។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលបានចូលរួមធ្វើសេចក្តីសម្រេចជាមួយតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិផ្សេងទៀតហាមលោក កឹម សុខា មិនឲ្យចូលបំភ្លឺនៅតុលាការ បានថ្លែងកាលពីម្សិលមិញថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺនៅតែដដែលក្នុងការជំរុញលោក កឹម សុខា មិនឲ្យចូលបំភ្លឺនៅតុលាការ សម្រាប់ការសាកសួរ តាមដីកាកោះរបស់តុលាការ។

នៅពេលសួរអំពីការគំរាមចាប់ខ្លួនលោក កឹម សុខា ប្រសិនបើលោកមិនព្រមចូលបំភ្លឺនៅតុលាការ លោក ឆៃអ៊ាង អស់សំណើច ដោយថ្លែងថា ប្រសិនបើលោក កឹម សុខា ត្រូវបានចាប់ខ្លួន «វាជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរខ្លាំងឡើងៗ»។

លោក ថ្លែងថា៖ «គោលជំហររបស់ក្រុមតំណាងរាស្រ្តបានបង្ហាញកាលពីថ្ងៃទី៤ ឧសភា រួចហើយ។ ដូច្នេះមិនមានអ្វីផ្លាស់ប្តូរទេ។ ប្រសិនបើ[តុលាការ] ចាប់ខ្លួន[លោក កឹម សុខា] វាជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ»។

លោក កឹម ​សុខា ​ប្តេជ្ញា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន

លោក កឹម សុខា ពេលសំណេះសំណាលជាមួយសកម្មជននៅតាមខេត្តកាលពីថ្មីៗនេះ។ រូប ហ្វេសប៊ុក

កាលពីសប្តាហ៍មុន ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ បានប្រជុំពិភាក្សាអំពីដីការបស់សាលាដំបូង រាជធានីភ្នំពេញ ដែលកោះហៅលោក កឹម សុខា សាកសួរនៅថ្ងៃនេះពាក់ព័ន្ធនឹងករណីបរិហាកេរ្តិ៍ និងតំណាងរាស្រ្តពីររូបផ្សេងទៀត គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា សម្រាប់ការសាកសួរនៅថ្ងៃទី ១៦ ឧសភា ពាក់ព័ន្ធនឹងករណីពេស្យាកម្មបន្ទាប់ពី នាង ស្រី មុំ ដែលត្រូវបានគេអះអាងថា ជាស្រីកំណាន់របស់លោកកឹម សុខាបានដាក់ពាក្យប្តឹងដោយចោទប្រកាន់តំណាងរាស្រ្តទាំងពីររូបថាណែនាំនាងទៅលោក កឹម សុខា និងបានទៅលេងប្រទេសថៃជាមួយលោក កឹម សុខា។

អ្នកនាំពាក្យនិងជាព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានបដិសេធផ្តល់អត្ថាធិប្បាយលម្អិត ពាក់ព័ន្ធនឹងការគំរាមចាប់ខ្លួនលោក កឹម សុខា ដោយលោកថ្លែងថា ត្រូវរង់ចាំមើលថាតើលោក កឹម សុខា ចូលបំភ្លឺនៅតុលាការតាមដីកាកោះឬអត់។ «ថ្ងៃស្អែក [ថ្ងៃនេះ] [យើង] ឃើញ [លោកកឹម សុខា] ឬអត់ យើងនឹងចាត់ការទៅតាមនីតិវិធី។ យើងមាននីតិវិធីច្រើន ប៉ុន្តែថាតើ [យើង] ប្រើប្រាស់មួយណាមិនអាចបញ្ជាក់ឥឡូវនេះបានទេ»។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងកាលពីថ្ងៃចន្ទថា លោកកឹម សុខា អាចនឹងត្រូវចាប់ខ្លួន បើមិនចូលទៅបំភ្លឺ ទៅតាមការកោះហៅរបស់តុលាការ។

អ្នកវិភាគនយោបាយឯករាជ្យ លោក កែម ឡី បានថ្លែងថា ប្រសិនបើលោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយសារការមិនចូលបំភ្លឺនៅតុលាការ វាជាកំហុសធ្ងន់ធ្ងរមួយក្នុងការអនុវត្តច្បាប់របស់ប្រព័ន្ធយុត្តិធម៌កម្ពុជា។

លោកថ្លែងថា លោក កឹម សុខា សម្រេចចិត្តមិនចូលបំភ្លឺនៅតុលាការ គឺត្រឹមត្រូវ។

លោក បន្តថា៖«មិនមានបទល្មើសជាក់ស្តែងណាដែលត្រូវចាប់ខ្លួននោះទេ លុះត្រាតែតុលាការ ស្នើសុំទៅរដ្ឋសភាដើម្បីដកអភ័យឯកសិទ្ធិសិន ទើបតុលាការអាចចាប់ខ្លួនបាន។ ប្រសិនបើ [លោក កឹម សុខា] ត្រូវបានចាប់ខ្លួន នយោបាយនេះមិនល្អសម្រាប់គណបក្សកាន់អំណាចទេព្រោះវាខុសច្បាប់»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍