សមត្ថកិច្ច​ប្រើ​គ្រាប់​បែក​ផ្សែង ដើម្បី​ចាប់​បុរស​សម្លាប់​បុគ្គលិក​អម្រឹត

កំពតៈ បុរសជនដៃដល់ដែលសម្លាប់បុគ្គលិកគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុអម្រឹតសាខាស្រុកឈូកខេត្តកំពត កាលពីម្សិលមិញត្រូវបានប៉ូលិសឡោមព័ទ្ធចាប់បានហើយ ដោយប្រើគ្រាប់បែកផ្សែង បន្ទាប់ពីជននោះអារកសម្លាប់ជនរងគ្រោះក្នុងផ្ទះជនសង្ស័យនោះ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងឲ្យដឹងថា ប៉ូលិសបានឡោមព័ទ្ធចាប់ជនសង្ស័យក្រោយពីជននេះបានសម្លាប់អារកបុគ្គលិកអម្រឹតក្នុងផ្ទះរបស់ខ្លួនរហូតដល់ស្លាប់ភ្លាមៗ រួចឡើងដំបូលផ្ទះពេលឃើញប៉ូលិសឡោមព័ទ្ធ។

លោកបានបន្តថា ប៉ូលិសឡោមព័ទ្ធចាប់ជនសង្ស័យពីម៉ោង ១២ ដល់ម៉ោង ៣ និង ៣០ នាទី រសៀលទើបចាប់បាន ដោយប្រើគ្រាប់បែកផ្សែង ៤ គ្រាប់ដើម្បីបញ្ចៀសហេតុការណ៍គ្រោះថ្នាក់កើតឡើង។

លោកថា៖ «ជននោះបានឡើងដំបូលផ្ទះពេលឃើញប៉ូលិសឡោមព័ទ្ធ យើងសម្រេចប្រើគ្រាប់បែកផ្សែងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ទីបំផុតយើងចាប់បានជនសង្ស័យនោះ»។

សមត្ថកិច្ច​ប្រើ​គ្រាប់​បែក​ផ្សែង ដើម្បី​ចាប់​បុរស​សម្លាប់​បុគ្គលិក​អម្រឹត

សមត្ថកិច្ចទម្លុះពិតានដើម្បីចាប់ជនសង្ស័យប្រព្រឹត្តឃាតកម្ម។ រូបថត សហការី

លោកបានឲ្យដឹងថា ក្រោយពីចាប់បាន ជនសង្ស័យត្រូវបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីសួរចម្លើយបន្តទៀត។

លោកបានបញ្ជាក់ថា «យើងមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានការសម្លាប់បុគ្គលិកអម្រឹតនោះទេព្រោះកំពុងនាំជនសង្ស័យសួរ តែតាមក្រុមគ្រួសារគេថា រយៈពេលប៉ុន្មានថ្ងៃនេះជនសង្ស័យដូចជាកំរោលចូល»។

ជនសង្ស័យឈ្មោះ ប្រុក វិត អាយុ៤៧ឆ្នាំនិងជនរងគ្រោះឈ្មោះ ជឹម បុរិន ភេទប្រុស អាយុ២៦ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតសាខាស្រុកឈូក។

អ្នកស្រី ជូន សុខា មេឃុំត្រមែង ស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា ជាជនសង្ស័យជាអតិថិជនរបស់អម្រឹត ដោយរៀងរាល់ខែបុគ្គលិកតែងទៅផ្ទះរបស់ជនសង្ស័យ ហើយករណីនេះមិនដឹងថា ជនសង្ស័យប្រើសេវាសន្សំលុយឬខ្ចីលុយពីអម្រឹតនោះទេ។

អ្នកស្រីថា ជនសង្ស័យនៅថ្ងៃកើតហេតុនៅផ្ទះតែម្នាក់ឯង ព្រោះប្រពន្ធកូនស្រី មកភ្នំពេញព្យាបាលជំងឺហើយកូនប្រុសធ្វើការនៅកូរ៉េ។

អ្នកស្រី ថា៖«រឿងគេថាគាត់ជាមនុស្សវិកលចរិត ខ្ញុំមិនហ៊ានថាទេ តែគ្រួសារថាគាត់មានជំងឺ ហើយនៅថ្ងៃកើតហេតុនៅតែឯងទៀត។ គាត់ជាអតិថិជនរបស់អម្រឹតដោយបុគ្គលិកមកជារៀងរាល់ខែ តែមិនដឹងថាគាត់សន្សំលុយឬខ្ចីលុយទេព្រោះនេះជាផ្ទាល់ខ្លួន»។

លោក ឈុន តាភួយ ប្រធានសាខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតនៅស្រុកឈូកខេត្តកំពតកាលពីម្សិលមិញបានបដិសេធមិនអត្ថាធិប្បាយទេ ដោយលោកថា ទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍