ហួសចិត្ត ! គ្រាន់តែ​មើល​មុខ​ដេញ​វ៉ៃ​ឡើង​ផ្អើល

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​បាន​អង្គុយ​ផឹកស៊ី​សម្លឹងមុខ​គ្នា ឌឺដង​ដាក់​គ្នា បន្ទាប់​ពី​ចេញពី​ផឹកស៊ី​វិញ​ក្មេង​ទំនើង​១​ក្រុម​បាន​យក​ដុំ​ថ្ម​ដេញ​គប់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​ជិត​ស្តុ​បរោ​ង​កុង​លុ​ច្ស ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​មានឈ្មោះ ជ័យ ផល្លា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីន ស្នាក់​នៅ​សង្កាត់​ទន្លេ​បាក់ ខណ្ឌចំការមន និង​ម្នាក់​ទៀត​ឈ្មោះ ប៉ែន វត់ អាយុ​២៥​ឆ្នាំ ធ្វើការ​ជាមួយ​គ្នា ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង ក្នុង​នោះ​២​គ្រឿង​ម៉ាក MSX ម៉ូតូ​ម៉ាក Suzuki Let’s ពណ៌​ស ១​គ្រឿង និង​១​គ្រឿង​ទៀត​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ ចំណែក​ជន​រង​គ្រោះ​មាន​តែ​ម្នាក់ឯង ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​នៅ​តាម​ផ្លូវ​លេខ​១៧២ ក៏​ត្រូវ​ជន​បង្ក​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ តែ​សំណាងល្អ​មិន​មាន​រង​របួស​ទេ ។ ពេល​នោះ​អាវុធហត្ថ​ល្បាត​ប្រទះ​ឃើញ​បាន​ដេញចាប់​បាន​ជន​បង្ក​២​នាក់​នៅ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្បែរ​ស្តុ​ប​រោងកុន​លុ​ច្ស ត្រូវ​ប្រជាពលរដ្ឋ​ខឹង​ពេក​នាំ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​រង​របួស​យ៉ាងដំណំ ។

តាម​ការ​សារភាព​របស់​ជន​បង្ក​ទាំង​២​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទើបនឹង​ចេញពី​ផឹកស៊ី​នៅ​ហាង​ម្តុំ​សូ​រិ​យា ម៉​ល ពេល​ដែល​ផឹកស៊ី​នោះ​ជន​រង​គ្រោះ​បាន​អង្គុយ​សម្លឹងមុខ​ឌឺដង​ដាក់​ពួក​គេ ទើប​ពេល​ចេញពី​ផឹកស៊ី​ពួក​គេ​ដេញ​តាម​វាយ​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​មាន​រង​របួស​ស្នាម​អ្វី​ទេ​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​ដែរ ចំណែក​ជន​បង្ក​ត្រូវ​បាន​អាវុធហត្ថ​ឃាត់ខ្លួន​យក​ទៅ​ណែនាំ ហើយ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕