ឯកអគ្គរដ្ឋទូត​អាមេរិក បដិសេធ​មិនបាន​អំពាវនាវ​ឲ្យ​ធ្វើ យុទ្ធនាការ​ស្លៀក ពាក់​ពណ៌​ខ្មៅ​

ភ្នំពេញ:
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានធ្វើការ​បដិសេធថា ទាក់ទង​ការធ្វើ​យ​យុទ្ធនាការ​បដិវត្តន៍​ពាក់អាវ​ពណ៌​ខ្មៅ របស់​ក្រុមមន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី បានធ្វើ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ កន្លងមកនេះ គឺ​ទូត​អាមេរិក​មិនបាន​អំពាវនាវ​ឲ្យ​ធ្វើ​យ​យុទ្ធនាការ​នេះ​ទេ ហើយ​មិន​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ផ្សាយ​នោះទេ​។​
​    ​
ការបដិសេធ​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រ​ត​យិ​ប​ត្តិ​ការ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​
​  
 ​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែងថា នៅក្នុង​ជំនួប​ពិភាក្សា​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក បាន​លើកឡើងថា មានការ​ផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​ថា ទូត​អាមេរិក​មានការ​រៀបចំ​ជំនួប​មួយ ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល ហើយ​បាន​លើកឡើងថា នៅក្នុង​ជំនួប​នោះ​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​អំពាវនាវ​រៀបចំ​យុទ្ធនាការ​ស្លៀកពាក់​ពណ៌​ខ្មៅ នៅ​រាល់ថ្ងៃ​ច័ន្ទ​។

លោក​បន្តថា ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​បញ្ជាក់ថា គឺមាន​ការជួបជុំ​រវាង​ឯកអគ្គរដ្ឋទូត​អាមេរិក​ជាមួយនិង​អង្គការក្រៅរដ្ឋាភិបាល គឺមាន​ពិតប្រាកដ​មែន ហើយ​នេះ​ជា​សកម្មភាព​ការផ្សាភ្ជាប់​គ្នា​រវាង​ទូត​អាមេរិក​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​។ ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​បដិសេធ​ដាច់ខាត​ថា គឺ​អាមេរិក​អត់​មានបាន​អំពាវនាវ​ឲ្យ​មាន​ការធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ពណ៌​ខ្មៅ​នៅ​ថ្ងៃ​ចន្ទ​នោះទេ​៕​

ឯកអគ្គរដ្ឋទូត​អាមេរិក បដិសេធ​មិនបាន​អំពាវនាវ​ឲ្យ​ធ្វើ យុទ្ធនាការ​ស្លៀក ពាក់​ពណ៌​ខ្មៅ​