មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ហ៊ី​វ ពុទ្ធា​រិ​ទ្ធ ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ

ឈ្មួញ​រកស៊ី​ដឹកទំនិញ​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​បញ្ជាក់ថា ចាប់តាំងពី លោក ហ៊ី​វ ពុទ្ធា​រិ​ទ្ធ មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចូលកាន់​មុខតំណែង​មក​គ្មានអ្វី​ប្រែប្រួល​ច្រើន​ទេ គឺ​នៅតែ​គ្មាន​អភិបាលកិច្ច​ល្អ​ដដែល​។ ប្រភព​បាន​បញ្ជាក់ថា បញ្ហា​ការ​រិ​យា​ធិបតេយ្យ និង​អំពើពុករលួយ​នៅតែ​កើតមាន​ដដែល ហើយ​មន្ត្រី​គយ​នៅតែ​បង្ក​ការលំបាក​ដល់​ការធ្វើ​ជំនួញ​របស់​ឈ្មួញ​ស្របច្បាប់ និង​បង្ក​ភាពងាយស្រួល​ដល់​ឈ្មួញ​ចេះ​សូកប៉ាន់​ដែល​រកស៊ី​ដឹកទំនិញ​ផ្សេងៗ​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​

ក្នុងករណី​មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ហ៊ី​វ ពុទ្ធា​រិ​ទ្ធ ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​នេះ ក៏ត្រូវ​បាន​មន្ត្រីនគរបាល​បម្រើការ​ងារ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងភ្នំពេញ​បង្ហើប​ដែរ​ថា វា​មិនមែន​ទើបតែ​កើតឡើង​ក្នុងដំណាក់កាល លោក ហ៊ី​វ ពុទ្ធា​រិ​ទ្ធ ធ្វើជា​មេ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះទេ ព្រោះ​បញ្ហា​អំពើពុករលួយ​សូកប៉ាន់​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​នៅ​ព្រលានយន្តហោះ​បាន​កើតឡើង​រាប់សិប​ឆ្នាំ​មកហើយ​។​

អតីតមន្ត្រី​បម្រើ​ការងារ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​បញ្ជាក់ដែរថា ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងភ្នំពេញ​ជា​តំបន់​មួយ​ដែល​មន្ត្រី​គយ​ជាច្រើន​ដណ្តើម​គ្នា​មកកាន់​កន្លែង​នេះ​តាម​គ្រប់​មធ្យោបាយ ព្រោះ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ខ្លាញ់​សម្រាប់​មន្ត្រី​ពុករលួយ ដោយ​អាច​រកប្រាក់​ចំណូល​ក្រោម​តុ​មិន​ចាញ់​កំពង់ផែ​ស្វ​យ​យ័​ត​ក្រុងព្រះសីហនុ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ផ្សេងៗ​ទៀត​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​កម្ពុជា​-​វៀតណាម​។​

​មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រិះគន់ថា​    ​បន្ទាប់ពី​លោក អូន ព័ន្ធមុនីរ័ត្ន ឡើងជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​លោក គាត ឈន់ ដោយមាន​លោក គុណ ញឹម ឡើងជា​អគ្គនាយក នៃ​អគ្គនាយក​ដ្ឋា​គយ និង​រដ្ឋាករ ជំនួស​លោក ប៉ែន ស៊ីម៉ន រួចមក មន្ត្រី​គយ​មួយចំនួន ត្រូវបាន​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់ ហើយ​មាន​មន្ត្រី​គយ​ជាច្រើន​បាន​ប្រជែង​ជើង​គ្នា​ទៅកាន់​មុខតំណែង​ល្អៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការកែទម្រង់​របស់រ​ដ្ឋា​ភិ​បាល​លើ​បញ្ហា​គយ និង​ពន្ធដារ​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​មន្ត្រី​ពុករលួយ​នៅតែ​អាច​ពុករលួយ​បាន​ដដែល ហើយក៏​គ្មាន​មន្ត្រី​គយ​ណា​ម្នាក់​ត្រូវ​កាត់ទោស​តាមច្បាប់​ដែរ​៕

99 99_3