ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​កែសម្រួល​សមាសភាព​អ្នកនាំពាក្យ​ពី​៣​រូប ​ទៅ​៥រូប​

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​កែសម្រួល​សមាសភាព​អ្នកនាំពាក្យ​ពី​៣​រូប ​ទៅ​៥រូប​



ភ្នំពេញ​ ៖ សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​កែសម្រួល​សមាស​ភាព​អ្នកនាំពាក្យ​ថ្មី ដែល​ពីមុន​មាន​ចំនួន​៣​រូប ​ទៅជា​៥​រូប​វិញ​ ដើម្បី​ទទួលបន្ទុក​ឆ្លើយឆ្លង​ព័ត៌មាន​ជុំវិញ​ហេតុការណ៍ និង​បច្ចុប្បន្នភាព​នៅ​ទូទាំង​រាជធានី។​
សមាសភាព​ចំនួន​៥​រូប​នេះ ​ត្រូវ​បាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ធ្វើការ​ប្រកាស​តែងតាំង កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ដោយ​ការបោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២ ក្រោម​ការដឹកនាំ​របស់ ​លោក ​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រា​ជ​ធានី​ភ្នំពេញ​។​

សមាសភាព​មន្ត្រី​ទាំង​៥​រូប​នោះ​រួមមាន លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ជា​ប្រធាន ដោយមាន​សមាជិក​៤​រូប ក្នុង​នោះ​មាន លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំ​ពេញ​, លោក ម៉េ​ត មាស​ភក្តី ប្រធាន​ការិយាល័យ​សុវត្ថិភាព​សាធារណៈ​, លោក ជិន ប៊ុនធឿន មន្ត្រី​ការិយាល័យ​សុវត្ថិភាព​សាធារណៈ​, និង​ លោក ឈាង ប៊ុន​ថា មន្ត្រី​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​។​

លោក មាន ចាន់​យ៉ា​ដា បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ទាំង​៥​រូប​នេះ មាន​តួនាទី និង​ភារកិច្ច​នៅក្នុង​ការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ ការងារ​សន្តិសុខ និង​ព័ត៌មាន​ផ្សេងៗ​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ​ទៅដល់​អ្នកសារព័ត៌មាន​។

លោក​បញ្ជាក់​ថា លោក ម៉េ​ត មាស​ភក្តី ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទទួលបន្ទុក​ឆ្លើយឆ្លង​ព័ត៌មាន​ជុំវិញ​ការ​ងារ​ផ្នែក​ច្បាប់ និង​សណ្ដាប់ធ្នាប់ សន្តិសុខ​។ ចំណែក​ការងារ​ពាក់ព័ន្ធ​ ជាមួយនឹង​កិច្ចការ​របស់​អភិបា​ល គឺ​ទាក់ទង​ លោក ជិន ប៊ុនធឿន​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ការងារ​ធំៗ​របស់​រាជធានី គឺ​មាន​លោក ឃួ​ង ស្រេង និង​លោក​រូបលោក​ផ្ទាល់​(​មាន ចាន់​យ៉ា​ដា​) ជា​អ្នក​ទទួលបន្ទុក​។​

គួរ​បញ្ជាក់​ផង​ដែរ​​ថា ការ​កែសម្រួល​សមាសភាព​មន្ត្រី​នាំពាក្យ​ប្រចាំ​សាលា​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី ​លោក ឡុង ឌី​ម៉​ង់ អតីតមន្ត្រី​នាំពាក្យ​ប្រចាំ​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បាន​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​(​កូរ៉េខាងត្បូង​) ជំនួស​ លោក ស៊ុត​ ឌី​ណា ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុ​ក​រលួយ​រក​ឃើញ​ពី​ភាព​មិន​ស្អាតស្អំ ក្នុង​តួនាទី និង​ភារកិច្ច ជា​ឯកអគ្គរាជទូត​តំណាង​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​៕

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​កែសម្រួល​សមាសភាព​អ្នកនាំពាក្យ​ពី​៣​រូប ​ទៅ​៥រូប​

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ​កែសម្រួល​សមាសភាព​អ្នកនាំពាក្យ​ពី​៣​រូប ​ទៅ​៥រូប​