៣​ខែ​ឆ្នាំនេះ ធនាគារ​អេស៊ីលីដា​ ទទួល​បាន​ប្រាក់ចំណេញ​ចំនួន​២៦​លាន​ដុល្លារ​

៣​ខែ​ឆ្នាំនេះ ធនាគារ​អេស៊ីលីដា​ ទទួល​បាន​ប្រាក់ចំណេញ​ចំនួន​២៦​លាន​ដុល្លារ​



ភ្នំពេញ ​៖ ​នៅ​ក្នុង​រយៈពេល​៣​ខែ​ ដើម​ឆ្នាំ​២០១៦​នេះ​ ធនាគារ​អេស៊ីលីដា​ ទទួល​បាន​ប្រាក់ចំណេញ​ចំនួន​២៦​លាន​ដុល្លារ​អាមេរិក​ កើន​ឡើង​ជា​ឆ្នាំមុន​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ​រយៈពេល​៣​ខែ ​ឆ្នាំ​២០១៦​នេះ ​ធនាគារ​ទទួល​បាន​ប្រាក់ចំណេញ​២៦​លាន​ដុល្លារ​កើន​ឡើង​ប្រមាណ​២​លាន​ដុល្លារ បើ​ប្រៀបធៀប​៣​ខែ ​ឆ្នាំ​២០១៥​ ទទួល​បាន​ប្រាក់ចំណេញ​តែ​២៤​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

លោក​បាន​បន្ត​ថា​ នៅ​ឆ្នាំ​២០១៦​នេះ​ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ នឹង​បន្ថែម​ដើមទុន​ប្រមាណ​ជា​៦០០​លាន​ដុល្លារ​អាមេរិក​បន្ថែម ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ​ធនាគារ​ អេស៊ីលីដា​ ទទួល​បាន​ប្រាក់ចំណេញ​១០០​លាន​ដុល្លារ​លើស​ផែនការ ​នៃ​គ្រោងទុក​។ ​ឆ្នាំ​២០១៦​នេះ​ ធនាគារ​ អេស៊ីលីដា ​រំពឹង​ថា​ អាច​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​ពី​១២០ ​ទៅ​១២៨​លាន​ដុល្លារ។

ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ទាំង​អស់​នេះ​លោក​បណ្ឌិត អ៊ិន ចាន់នី​ បាន​បន្ថែម​ថា​«​ការ​ទាក់​ទាញ​ប្រើប្រាស់​សេវាកម្ម​ពី​ធនាគារ​ គឺ​លក់​តម្លៃ​ឲ្យ​សមរម្យ​ និង​គាំទ្រ​អតិថិជន​ឲ្យ​បាន​ច្រើន​ការ​សាងសង់​អគារ ​និង​ដាក់​បម្រើ​សេវា​ថ្មីៗ​ ក៏​ដើម្បី​អតិថិជន​ព្រោះថា​ ធ្វើ​ម៉េច​ឲ្យ​អតិថិជន​ចំណាយ​កាន់​តែ​តិច ​ចំណេញ​ពេល​វេលា​ ព្រោះ​អតិថិជន​ចាយ​ច្រើន​ពេល​មកកាន់​ធនាគារ​ បើ​នៅផ្ទះ​អតិថិជន​ចំណាយ​តែ​២​ពាន់​រៀល​ អាច​ប្រើប្រាស់​សេវាកម្ម​ពី​ធនាគារ​បាន​។​ ការ​ចំណេញ​នេះ​មិនមែន​ការ​លក់​ឲ្យ​ថ្លៃ​សេវា​ឲ្យ​ខ្ពស់​យក​ចំណេញ​»។

បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ឲ្យ​មាន​អារ្យ​ភាវូបនីយកម្ម​ទាន់សម័យ ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ អស់​រយៈពេល​ជាង​២៣​ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាមរយៈ​បណ្ដាញ​ប្រតិបត្តិការ​រហូត​២៥៨​សាខា ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​៤១​ការិយាល័យ នៅ​ប្រទេស​ឡាវ និង​៦​ការិយាល័យ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​៤,១៩០ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន​២,៧៣៣​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន​២,៨៦៥​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៦​នេះ។​

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ​, អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី​, វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា​, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា និង​អេស៊ីលីដា ប្រូ​ភើ​ធី អិ​ល​ធី​ឌី៕

៣​ខែ​ឆ្នាំនេះ ធនាគារ​អេស៊ីលីដា​ ទទួល​បាន​ប្រាក់ចំណេញ​ចំនួន​២៦​លាន​ដុល្លារ​