ប្រមុខ​គណបក្ស​មួយ​ត្រូវ​ប្រហារជីវិត​ដោយ​ព្យួរ​.​ក​នៅ​បង់​ក្លា​ដែ​ស

រដ្ឋមន្ត្រី​យុត្តិធម៌​បង់​ក្លា​ដែ​ស លោក​អា​នី​ស៊ុ​ល​ហាក់​ប្រកាស​ថា ប្រមុខ​គណបក្ស JAMAAT-E-ISLAMI លោក​ម៉ូ​ទី​អួរ រ៉ា​ហ៍​ម៉ា​ន់ នី​ហ្សា​មី បាន​ត្រូវ​ប្រហារជីវិត​ដោយ​ព្យួរ​.​ក​កាលពី​យប់​ថ្ងៃ​ទី​១០ ឧសភា នៅ​បង់​ក្លា​ដែ​ស​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រព្រឹត្ត​នា​សម័យកាល​សង្គ្រាម​ទាមទារ​ឯករាជ្យ​ឆ្នាំ​១៩៧១ ។

ការ​ប្រហារជីវិត​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ច្រានចោល​របស់​តុលាការ​កំពូល​នូវ​ការ​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​ការ​កាត់ទោស​ប្រហារជីវិត​រូប​លោក ដែល​សាលក្រម​កាត់ទោស​នេះ​ប្រកាស​ដោយ​តុលាការ ពិសេស​មួយ​ទទួល​ប​ន្ក​ការ​កាត់ទោស​ពី​បទ​ប្រល័យ​ពូជ​សាន៍ ការ​ចាប់រំលោភ និង​ការ​សម្លាប់​រង្គាល​បណ្តា​ប​ញ្ញ​វ័ន នា​សម័យ​សង្គ្រាម​ឥណ្ឌា​-​ប៉ា​គី​ស្ថាន​លើក​ទី​៣ ដែល​នាំ មក​នូវ​ឯករាជ្យ​ដល់​ប៉ា​គី​ស្ថាន​ខាងកើត ឬ​បង់​ក្លា​ដែ​ស ។

អតីត​សមាជិក​សភា លោក​នី​ហ្សា​មី អាយុ​៧៣​ឆ្នាំ ទទួល​ការ​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ​២០១៤ ត្រូវ​បាន​គេ​ព្យួរ​.​ក​សម្លាប់​នៅ​ឯ​ពន្ធនាគារ​កណ្តាល​ក្រុង​ដាក់​កា រដ្ឋធានី​បង់​ក្លា​ដែ​ស ។ លោក​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ចុង​ក្រោយ​របស់​លោកស្រី​ខា​ឡឺ​ដា​ហ្ស៊ី​យ៉ា ពេល​លោកស្រី​ជា​នាយក​រដ្ឋមន្ត្រី ។

ប៉ូលិស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​រដ្ឋធានី​ដាក់​កា និង​ក្នុង​បណ្តា​ទីក្រុង​ធំ​ៗ​របស់​ប្រទេស ដើម្បី​រារាំង​អំពើ​ហិង្សា​នានា ក្រោយ​ការ​ប្រហារជីវិត​លោក​នី​ហ្សា​មី ។

អ្នកនយោបាយ​ប្រឆាំង​៥​រូប​ហើយ ក្នុង​នោះ​មាន​មេដឹកនាំ​គណបក្ស JAMAAT -E-ISLAMI ៤​រូប ត្រូវ​ប្រហារជីវិត​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៣​មក ។

មនុស្ស​ប្រមាណ​ជា​៣​លាន​នាក់​ត្រូវ​ស្លាប់​នា​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧១ រួច​នារី​ជា​ច្រើន​ពាន់​នាក់​ត្រូវ​ចាប់រំលោភ ។ នា​សម័យ​កាលនោះ គណបក្ស JAMAAT -E-ISLAMI បាន​ប្រឆាំង​ចំពោះ​ការ​បំបែក​ខ្លួន​ចេញពី​ប៉ា​គី​ស្ថាន ៕