​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​ព្រៃ​វែង​រៀប​រាប់​ពី​ផល​លំបាក​ជុំវិញ​ទី​លាន​

រហូត​ដល់​ពេល​នេះ​ ខេត្ត​ព្រៃវែង​​មិន​​ទាន់​​​ទទួល​បាន​ដំណឹង​​អ្វី​មួយ​ពី​ដំណើរ​ការ​ជួសជុល​កីឡដ្ឋាន​ប្រចាំ​ខេត្ត​​ឡើយ​​ បើ​ទោះ​ជា​​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កំពុង​ត្រូវ​បាន​អនុវត្ត​យ៉ាង​សកម្ម។

 

​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​ព្រៃ​វែង​រៀប​រាប់​ពី​ផល​លំបាក​ជុំវិញ​ទី​លាន​ លោក គង់ សយ

 

លោក​ គង់​ សយ​ ប្រធាន​ការិយាល័យ​​អប់រំ​ កាយ​ និង​កីឡា​ខេត្ត​ព្រៃ​វែង​​បាន​​ផ្តល់​បទ​សម្ភាសន៍​ថា​ ​នៅ​ខេត្ត​ព្រៃ​វែង​ទាំង​មូល​មិន​ទាន់​មាន​ទី​លាន​បាល់​ទាត់​ណា​មួយ​ដែល​​​ល្អ​តាម​លក្ខណៈ​ស្តង់ដារ​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ផ្លូវ​ការ​ឡើយ។ ​កីឡដ្ឋាន​ប្រចាំ​ខេត្ត​​មាន​វេទិកា​ដែល​អាច​អង្គុយ​បាន​ ប៉ុន្តែ​គ្មាន​ស្មៅ​ គ្មាន​គំនូស​ និង​ប្រព័ន្ធ​ទឹក​សម្រាប់​​​ថែ​រក្សា​​ឡើយ។

 

លោក​ថា​ កំណែ​ទម្រង់​របស់​ក្រសួង​ផ្តោត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កីឡា​ ប៉ុន្តែ​រហូត​ដល់​នេះ​មិន​ទាន់​មាន​ស្ថាប័ន​ណា​មួយ​ ឬ​សប្បុរស​ជន​​ថា​ នឹង​ជួយ​ជួសជុល​ទី​លាន​ប្រចាំ​ខេត្ត​ឡើយ។ មែន​ទែន​ទៅ​មាន​កម្មវិធី​ខ្លះ​រៀប​ចំ​នៅ​​កីឡដ្ឋាន​ដែល​ធ្វើ​ឲ្យ​កីឡដ្ឋាន​កាន់​តែ​ទ្រុឌទ្រោម​ថែម​ទៀត។

​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​ព្រៃ​វែង​រៀប​រាប់​ពី​ផល​លំបាក​ជុំវិញ​ទី​លាន​

កីឡដ្ឋាន​ខេត្ត​ព្រៃវែង

 

ទោះ​បី​ជា​យ៉ាង​ណា​ លោក​បាន​ឲ្យ​ដឹង​ថា​ ថ្នាក់​ដឹក​នាំ​ក្រសួង​​មួយ​ចំនួន​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ និង​វាស់​វែង​ម្តង​ជា​ពីរ​ដង​អំពី​ដំណើរ​ការ​នៃ​ការ​ជួសជុល​កីឡដ្ឋាន​ខេត្ត​ ក៏​ដូច​ជា​ទី​លាន​កីឡា​ផ្សេង​ៗ​ទៀត​ ប៉ុន្តែ​​ក្រោយ​ការ​ត្រួត​ពិនិត្យ​វាស់​វែង​ក៏​បាត់​ឈឹង។

 

លោក​​បន្ថែម​ថា បើ​ទោះ​ជា​​បាល់ទាត់​​ជា​កីឡា​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​ក្នុង​ខេត្ត​ក៏​ដូច​ជា​បណ្តា​ខេត្ត​ផ្សេង​ៗ​ទូទាំង​ប្រទេស​ ​ប៉ុន្តែ​នៅ​ទី​រួម​ខេត្ត​​ព្រៃ​វែង​មិន​​ទាន់​មាន​ក្រុម​ហ៊ុន​ឯក​ជន​ ឬ​ឥស្សរជន​ណា​​ចាប់​អារម្មណ៍​​រឿង​​ទី​លាន​បាល់ទាត់​ឡើយ។ ផ្ទុយ​ទៅ​​​កីឡា​​បាល់ទះ​ និង​ប៉េតង់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដែល​មាន​ទី​លាន​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ថែម​ទៀត​ផង៕

 

​ការិយាល័យ​អប់រំ​កាយ​និង​កីឡា​ព្រៃ​វែង​រៀប​រាប់​ពី​ផល​លំបាក​ជុំវិញ​ទី​លាន​

ទី​លាន​កីឡដ្ឋាន​ខេត្ត​ព្រៃវែង

​អត្ថបទ៖ ជាន ចាន់រ៉ា​