ក្នុង​១​ឆ្នាំ មាន​អ្នកជំងឺ​អេដស៍​ប្រមាណ​២​ពាន់​នាក់​ស្លាប់​នៅ​កម្ពុជា​

ក្នុង​១​ឆ្នាំ មាន​អ្នកជំងឺ​អេដស៍​ប្រមាណ​២​ពាន់​នាក់​ស្លាប់​នៅ​កម្ពុជា​



ភ្នំពេញ ៖ លោក ស៊ន សុធា​រិ​ទ្ធ អ្នក​សម្របសម្រួល​ថ្នាក់​ជាតិ នៃ​បណ្ដាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា តាម​ការ​ប៉ាន់ប្រមាណ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​នៅ​ប្រទេស​កម្ពុជា​ប្រមាណ​២​ពាក់​នាក់​ បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ក្នុង​១​ឆ្នាំ​។​ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ លោក​មិន​អាច​ហ៊ាន​សន្និដ្ឋាន​ថា ​វា​ជា​ចំនួន​មួយ​ជាក់លាក់​នោះ​ដែរ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ​៧៤.០០០​នាក់ ​ក្នុង​នោះ​មាន​អ្នក​ទទួល​បាន​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ប្រមាណ​៦​ម៉ឺន​នាក់​ហើយ​អត្រា​ឆ្លង​ថ្មី​មាន​ប្រមាណ​៧០០​នាក់​ក្នុង​១​ឆ្នាំ​។​ ចំណែក​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ទៀត​នោះ​ក្រសួងសុខាភិបាល​ ក៏ដូចជា ​អង្គការ​ដែល​ធ្វើ​ការងារ​អេដស៍​កំពុង​ស្វែងរក​ និង​ជំរុញ​ឲ្យ​ពួកគេ​មក​ទទួល​ការ​ធ្វើ​តេស្ត​ឈាម។

លោក​បាន​បន្ថែម​ថា ​«​ដូចនេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ធ្វើតេស្ត​ឈាម​ ដើម្បី​ឲ្យ​ដឹង​ថា ​ខ្លួន​យើង​ពិតជា​មិន​មាន​ឆ្លង​ជំងឺ​អេដស៍​នេះ​ពិតប្រាកដ​ ព្រោះថា​មានតែ​ធ្វើតេស្ត​ឈាម​តែ​មួយ​គត់​ ដែល​ដឹង​ថា ​បងប្អូន​មាន ​ឬ​មិន​មាន​ផ្ទុក​មេរោគ​អេដស៍​។

«​ប្រសិនបើ​លទ្ធផល​ធ្វើតេស្ត​ឈាម​យើង​ដឹង​ថា​មាន​លទ្ធផល​វិជ្ជមាន​ យើង​អាច​ទៅ​រក​សេវា​ព្យាបាល​ និង​ការពារ​កុំ​ចំលង​ទៅ​អ្នក​ដទៃ​។ តែ​បើ​មិន​មាន​ទេ ​យើង​អាច​ការពារ​ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​»​។

ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​រក​ឃើញ​អ្នកមាន​ផ្ទុក​មេរោគ​អេដស៍​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៩១​ហើយ​ស្ថានភាព​ឆ្លង​រីក​រាលដាល ​នៃ​ជំងឺ​នេះ​ខ្លាំង​ នៅ​ឆ្នាំ​១៩៩៧​ និង​ឆ្នាំ​១៩៩៨​។ ប៉ុន្តែ​បន្ទាប់ពី​កម្ពុជា​បើក​យុទ្ធនាការ​ប្រើប្រាស់​ស្រោមអនាម័យ​១០០​ភាគរយ ​នៅ​ឆ្នាំ​១៩៩៩​រួចមក ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ឆ្លង​ជំងឺ​អេដស៍​បាន​បន្ត​ធ្លាក់​ចុះ​រហូតមកដល់​សព្វ​ថ្ងៃ។

បើ​តាម​លោក​វេជ្ជបណ្ឌិត​ ទា​ ផល្លា ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា ​អត្រា​ឆ្លង​ជំងឺ​អេដស៍​កាលពី​ឆ្នាំ​១៩៩៧​ និង​៩៨ ​ក្នុង​១​ថ្ងៃ​ មាន​រហូតដល់​ទៅ​១០០​នាក់ ​តែ​បច្ចុប្បន្ន​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹមតែ​២​នាក់​ប៉ុណ្ណោះ​ ក្នុង​១​ថ្ងៃ​។​

លោក​វេជ្ជបណ្ឌិត​ ទា​ ផល្លា ​បាន​បន្ថែម​ថា ​ចាប់ពី​ប្រទេស​កម្ពុជា​​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រហូតមកដល់​ឆ្នាំ​២០១៥​កន្លងមកនេះ ​ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​អាមេរិក ​ក្នុង​នោះ​ថវិកា​ជំនួយ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​មាន​៩០​ភាគរយ​ និង​ថវិកា​ជាតិ​មាន​១០​ភាគរយ​។​

លោក​បាន​បន្ត​ថា​ ដើម្បី​ឆ្លើយតប​នឹង​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នេះ ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ចំណាយ​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នេះ​ពី​១០​ទៅ​២០ ​ឬ​លើស​ពី​នេះ​នៅ​ឆ្នាំ​២០២០​ខាងមុខ​ ដើម្បី​ធានា​និរន្តរភាព​នៅ​ពេល​ណា​ដែល​ម្ចាស់​ជំនួយ​កាត់បន្ថយ​ជំនួយ​ជួយ​លើ​ផ្នែក​នេះ​។

គួរ​បញ្ជាក់​ថា ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF) រួម​នឹង​អង្គការ​ក្នុងស្រុក​ចំនួន​២៧​ កាលពី​សប្ដាហ៍​មុន ​បាន​បើក​យុទ្ធនាការ​«FUND the FUN»​ ដើម្បី​អំពាវនាវ​ដល់​ប្រទេស​មហាអំណាច​ពិភពលោក​ចំនួន​៣​ គឺ​ជប៉ុន ចិន និង​ប្រទេស​អាល្លឺម៉ង់ ​និង​ប្រទេស​អ្នកមាន​ដទៃ​ទៀត​ជួយ​ផ្តល់​ថវិកា​បន្ថែម​ដល់​មូលនិធិ​សាកល​នៅ​ជុំ​ទី​៥​ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ របេង​ គ្រុនចាញ់​ដើម្បី​ឲ្យ​មូលនិធិ​នេះ​យក​ថវិកា​ទាំង​នោះ​មក​បែងចែក​ជួយ​ដល់​ប្រទេស​នានា​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​អេដស៍​មាន​ប្រទេស​កម្ពុជា​ជាដើម។

លោក​វេជ្ជបណ្ឌិត​ ស្រី​ វណ្ណ​ធួន​ ប្រធាន​អង្គការ​AHF​ ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ថា ប្រសិន​បើ​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ទេ វា​នឹង​បង្ក​ផលវិបាក​ដល់​សង្គម​ធ្ងន់ធ្ងរ​ ពោល​គឺ​ជំងឺ​អេដស៍ ​នឹង​មាន​ការ​រីក​រាលដាល​ឡើងវិញ​។

​លោក​បាន​បន្ត​ថា ​កាលពី​ជុំ​ទី​៤​ មូលនិធិ​សកល​ បាន​ស្នើ​សុំ​ថវិកា​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​ទាំង​៣​ខាងលើ ​តែ​ចុង​ទទួល​បាន​ថវិកា​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​តែ​១២​ពាន​លាន​ដុល្លារ​ទេ​ ហើយ​នៅ​ជុំ​ទី​៥​នេះ ​នឹង​ស្នើសុំ​ឲ្យ​ប្រទេស​មហាអំណាច​ជួយ​ផ្តល់​ជំនួយ​ប្រមាណ​ជា​១៣​ពាន់​លាន​ដុល្លារ​ដល់​មូលនិធិ​សកល​។​

លោក​បាន​បន្ថែម​ថា ​«អញ្ចឹង​នៅ​ជុំ​ទី​៥​នេះ​ យើង​សង្ឃឹម​ថា​ ប្រទេស​មហាអំណាច​ដូចជា ​ចិន ជប៉ុន ​និង​ប្រទេស​អាល្លឺម៉ង់ ​នឹង​ជួយ​ផ្ដល់​ថវិកា​បន្ថែម​ដល់​មូលនិធិ​សកល​ ដើម្បី​ឲ្យ​មូលនិធិ​នេះ​យក​ថវិកា​ទាំងនោះ​បែងចែក​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​បញ្ហា​ជំងឺ​អេដស៍​ គ្រុនចាញ់​ និង​របេង​»​៕
ក្នុង​១​ឆ្នាំ មាន​អ្នកជំងឺ​អេដស៍​ប្រមាណ​២​ពាន់​នាក់​ស្លាប់​នៅ​កម្ពុជា​