លោក កុយ គួង៖​ «គេចោទមន្ត្រីទូត មិនមែនចោទចំពោះរូបខ្ញុំទេ! »

ឯកអគ្គរាជទូត​កម្ពុជា លោក កុយ គួង បានបញ្ជាក់​​ប្រាប់សារព័ត៌មានថ្មីៗថា លោកបាន​ឆ្លើយតបមក​ក្រសួង​ការបរទេស​កម្ពុជា​រួចហើយ​ អំពី​សំណុំរឿង​ចោទប្រកាន់មន្ត្រីទូត​ពី​សំណាក់​អាជ្ញាធរ​អូស្ត្រាលី ទាក់ទងនឹង​ការ​រត់ពន្ធទំនិញនោះ។

បើស្តាប់តាមការ​អះអាង​របស់​លោក កុយ គួង ដែលជា​ឯកអគ្គរាជទូត​កម្ពុជា​នៅទីក្រុង​កង់បេរ៉ា​នៃប្រទេសអូស្ត្រាលី លោក​មិនបានស្ថិតនៅក្នុង​បញ្ជីឈ្មោះ​នៃ​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​អូស្ត្រាលីឡើយ។  លោក កុយ គួង បាន​បញ្ជាប់ប្រាប់​សារព័ត៌ថ្មីៗ​តាម​រយៈសារ​អេឡិចត្រូនិក​យ៉ាង​ដូច្នេះថា៖« គេចោទមន្ត្រី​ស្ថានទូត។ គេមិនបាន​ចោទ​ចំពោះ​រូបខ្ញុំទេ»។

មន្ត្រី​ទូត​ជាច្រើន​នាក់ រួមទាំងឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​អូស្ត្រាលី​ផង​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿង​ស្រវឹង​និង​ថ្នាំជក់​ក្នុង​ទីផ្សារងងឹត។ នេះបើតាមសារព័ត៌មាន Sydney Morning Herald។

អ្នកការទូត និង​ស្ថានទូត​បរទេស​មាន​បុព្វ​សិទ្ធ​ពិសេស​ក្នុង​នាំចូល​ទំនិញ​ដូចជា​បារី និង​គ្រឿង​ស្រវឹង​មិនបាច់​បង់ពន្ធ​ក្នុង​បរិមាណ​ច្រើន។

បើ​យោង​សារព័ត៌មាន Sydney Morning Herald  មន្ត្រី​ទូត​ម្នាក់​អាច​នាំ​ស្រា​បៀ ៥០០ លីត្រ  ស្រា ១២០លីត្រ និង​បារី ១០០០០ ដើម​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន ពីរដង​ក្នុង​រយៈពេល​មួយឆ្នាំ។ តែបើ​ស្ថានទូត​អាច​នាំចូល​ទំនិញ​ខាងលើ​ក្នុង​បរិមាណ​ទ្វេដង។

យ៉ាងណាមិញ វា​ជា​រឿង​ខុសច្បាប់ សម្រាប់​អ្នកការទូត និង​ស្ថានទូត​បរទេស​ដែល​លក់​គ្រឿង​ស្រវឹង​និង​បារី ដោយ​មិន​បង់ពន្ធ​ត្រឹមត្រូវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី៕