សរ រាជសីហ៍ នៅ​មាន​ផ្លូវ​អ៊ុត ខណៈ​ពេជ្រ សីហា បាន​ត្រឹម​កំដរ​កីឡាករ​ឡាវ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ថ្ងៃ​ទី​១៤ ឧសភា ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ឈាន​ចូល​ដល់ទី​បញ្ចប់​ហើយ​។ ចំណែក​សមាសភាព​កីឡាករ​ដែល​ត្រូវ​ចូល​ប្រកួត​នៅ​ថ្ងៃ​នោះ​មាន សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី ឯ​ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ នំ​ធីប ស​.​រុង​រ៉ា​វី ។

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ សរ រាជសីហ៍ អាច​នៅ​មាន​ផ្លូវ​អ៊ុត​ខ្លះ​ប្រសិនបើ​គេ​ឈ្នះ ។ សរ រាជសីហ៍ ប្រកួត​៣​លើក ឈ្នះ​២​លើក ចាញ់​១​លើក ដូច្នេះ​ការ​ប្រកួត​លើក​នេះ​សំខាន់​បំផុត​សម្រាប់​រូបគេ ។ ប៉ុន្តែ​បើ​តាម​ដឹង គូប្រកួត​របស់​គេ​គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ផ្លែ​ល្អ​បំផុត ជាក់ស្ដែង​ប្រកួត​៣​លើក​មកនេះ​អត់​ដែល​ស្គាល់​ចាញ់​ម្ដងណា​ឡើយ ។ សរ រាជសីហ៍ មាន​សង្ឃឹម​តិចតួច​ពេល​ជួប​កីឡាករ​ឡាវ​រូប​នេះ ដោយសារ​សូ​ម្បី​តែ​កំពូល​ជើង​ខ្លាំង​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា ក៏​ធ្លាប់​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី ដែរ ។

ចំណែក​ពេជ្រ សីហា ថ្វី​ដ្បិតតែ​គេ​នៅ​មាន​ជំនឿ​ចិត្ត​ឈ្នះ​ច្រើន​ពេល​ជួប​នំ​ធីប ស​.​រុង​រ៉ា​វី ក៏​ដោយ ក៏​អត់​មានឱកាស​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដែរ ។ ព្រោះ​បើសិនជា ពេជ្រ សីហា ឈ្នះ​លើក​នេះ ក៏​នៅ​ចាញ់​តែម ឡុ​ង សុ​ភី ដែល​ប្រកួត​៤​លើក​ឈ្នះ​២​លើក ចាញ់​២​លើក និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​ទឹក​ទី​១​ម្ដង​ដែរ ។ សរុបសេចក្ដី​ទៅ សម្រាប់​កីឡាករ​ខ្មែរ​មាន​តែ រឿង សោ​ភ័​ណ្ឌ ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ មា​ជ សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង ថា​ន រ៉ា​ឌី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​សេក មេ​សា មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ៕