សហគមន៍​នេសាទ​នៅ​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង​ថា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​មិន​ទាន់​រលត់​នៅ​ឡើយ

សហគមន៍​នេសាទ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ខ្លាច​ហិនហោច​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ដោយសារ​ភ្លើង​ឆេះ​ព្រៃ។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​អ្នក​ភូមិ​ប្រទះ​ឃើញ​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ខ្លាំង​ឡើង​អស់​ព្រៃ​ជាច្រើន​ហិកតារ ហើយ​ភ្លើង​ពុំ​ទាន់​រលត់​នៅ​ឡើយ។

ប្រជា​នេសាទ​នៅ​ស្រុក​ឯកភ្នំ លើក​ឡើង​ថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នឹង​រាល​ដាល​កាន់​តែ​ខ្លាំង​ថែម​ទៀត ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​មាន​វិធានការ​ទប់ស្កាត់។

ប្រជា​សហគមន៍​នេសាទ​ភូមិ​ព្រែកត្រប់ លោក អ៊ុន ហាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​៨ ឧសភា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​វាល​បឹង​តា​ចាន់ នៃ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ។ លោក​អះអាង​ទៀត​ថា មក​ទល់​ពេល​នេះ​ភ្លើង​មិន​ទាន់​រលត់​នៅ​ឡើយ ធ្វើ​ឲ្យ​ហិនហោច​ព្រៃ​លិច​ទឹក​អស់​ប្រមាណ ២០​ហិកតារ ហើយ​ថា​ភ្លើង​ឆេះ​កាន់​តែ​ខ្លាំង​ឡើង តែ​អាជ្ញាធរ​មិន​ទាន់​មាន​លទ្ធភាព​ជួយ​ពន្លត់​ភ្លើង​នេះ​បាន​នៅ​ឡើយ៖ «ខ្ញុំ​ស្នើ​ឲ្យ​អាជ្ញាធរ និង​អង្គការ​ពាក់ព័ន្ធ​នានា ជួយ​ទប់ស្កាត់​ភ្លើង​ឲ្យ​បាន ព្រោះ​អី​ភ្លើង​ឆេះ​លឿន​ណាស់ ហើយ​អាច​នឹង​អស់​ព្រៃ​ក្នុង​រដូវ​ប្រាំ​ឆ្នាំ​នេះ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឿន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​វាល​បឹង​តា​ចាន់ ឃុំ​ព្រែកនរិន្ទ ប្រាកដ​មែន។ លោក​អះអាង​ថា ភ្លើង​ឆេះ​នៅ​ចំណុច​នេះ​បាន​រលត់​ទៅ​វិញ​ស្ទើរ​ទាំង​ស្រុង​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា​លោក​ថា ទីកន្លែង​ដែល​ព្រួយ​បារម្ភ គឺ​ចំណុច​ព្រៃ​លិច​ទឹក​នៅ​ភូមិ​តាអួ ឃុំ​កោះជីវាំង កៀក​បឹង​ទន្លេសាប ភ្លើង​ឆេះ​ព្រៃ​មិន​ទាន់​រលត់​នៅ​ឡើយ៖ «ខាង​សមត្ថកិច្ច​យើង​រហូត​ដល់​កម្លាំង​របស់​ស្នងការ​ខេត្ត បាន​យក​ឡាន​ទឹក​ដើម្បី​ទៅ​ជួយ​ពន្លត់​ភ្លើង​ដែរ ប៉ុន្តែ​ព្រៃ​នៅ​តំបន់​ខ្លះ ឡាន​ដឹក​ទឹក​មិន​អាច​ចូល​ទៅ​ជួយ​ពន្លត់​ភ្លើង​បាន​នោះ​ទេ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ការ​ព្រួយ​បារម្ភ​របស់​ប្រជា​សហគមន៍​អំពី​បញ្ហា​ភ្លើង​ឆេះ​ព្រៃ គឺ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ធ្វើ​ឲ្យ​បាត់បង់​ទី​ជម្រក​របស់​សត្វ និង​មច្ឆជាតិ ហើយ​ប៉ះពាល់​ជា​ខ្លាំង​ដល់​របរ​នេសាទ​ត្រី​របស់​ពលរដ្ឋ។ លោក​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់ ធ្វើ​យ៉ាង​ណា​ពន្លត់​ភ្លើង​ឲ្យ​បាន​ឆាប់​រហ័ស ជៀសវាង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ៖ «ទោះ​បី​យើង​មិន​ទាន់​មាន​ឧបករណ៍​ទំនើប​ដូច​នៅ​ស្រុក​គេ​ក៏ដោយ ខ្ញុំ​គិត​ថា អាជ្ញាធរ​គប្បី​បញ្ជូន​កម្លាំង ទាំង​សហគមន៍ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅ​ប្រចាំ​ការ​តំបន់​ភ្លើង​ឆេះ​ព្រៃ ដើម្បី​ជួយ​ពន្លត់​ភ្លើង​បាន​ទាន់​ពេល»

ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង មាន​សន្ទុះ​ខ្លាំង​តាំង​ពី​ចុង​ខែ​មីនា រហូត​មក។ របាយការណ៍​របស់​ស្រុក​ឯកភ្នំ បង្ហាញ​ថា ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ស្រុក​នេះ ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​២០១៦ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​អស់ ៥.២៦៩​ហិកតារ​នៅ​ក្នុង​ឃុំ​ចំនួន​៤ គឺ​ឃុំ​ព្រែកនរិន្ទ ព្រៃចាស់ ព្រែកហ្លួង និង​ឃុំ​កោះជីវាំង។ ក្នុង​ចំណោម​នោះ ឃុំ​កោះជីវាំង ភ្លើង​ឆេះ​ច្រើន​ជាង​គេ គឺ​ជាង ៥​ពាន់​ហិកតារ​ក្នុង​ចំណោម​ផ្ទៃដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​នេះ​ប្រមាណ​ជាង ២៥.០០០​ហិកតារ​គ្រប​ដណ្ដប់​លើ​ឃុំ​ចំនួន​៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។