ករណី​អគ្គិភ័យ​ដើមឆ្នាំ​នេះ គឺ​កើនឡើង​ខ្លាំង

រាជធានី​ភ្នំពេញ​ ៖ គ្រោះ​អគ្គិភ័យ​នៅ​ក្នុង​រយៈពេល​៥​ខែ​​ដើមឆ្នាំ​២០១៦​នេះ ​បាន​កើតឡើង​ចំនួន​៣៦២​លើក កើន​ជាង​ឆ្នាំមុន​ បើ​ប្រៀប​​ធៀប​រយៈពេល​ដូច​គ្នា ​មាន​ចំនួន​១៤​លើក ក្នុង​នោះ​មនុស្ស​១៣​នាក់​បាន​​ស្លាប់​ ​។

លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​​របស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៦​នេះ មាន​គ្រោះ​អគ្គិ​ភ័យ​បាន​កើតឡើង​ចំនួន​៣៦២​លើក លើ​​៣៤៨​លើក បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា ​ទៅ​ឆ្នាំ​២០១៥ មាន​ការ​​កើន​ឡើង​ចំនួន​​១៤​លើក ។ លោក​បន្ត​ថា គ្រោះ​អគ្គិ​ភ័យ គឺ​បាន​​បណ្តាល​ឱ្យ​​ឆេះ​​ផ្ទះ​អស់​ចំនួន​៦០១​ខ្នង តូប​ក្នុង​ផ្សារ​១២២០​តូប មនុស្ស​​១៣​នាក់​បាន​ស្លាប់​​ និងរង​របួស​៨​នាក់ ។

​មូលហេតុ​ដែល​​បណ្តាល​ឱ្យ​​កើត​មាន​គ្រោះ​អគ្គិភ័យ​នោះ មក​ពី​ឆ្លង​ចរន្តអគ្គិសនី​មាន​៤៣,២៤% ​ការ​ធ្វេសប្រហែស​ការ​ប្រើប្រាស់​៣៦,២៤%​ និង​ក្តាប់​មិន​បាន​២០,៥២%​ ។

លោកបាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ជាមួយនឹង​ការ​ប្រើប្រាស់​របស់​ ដែល​ងាយ​កើត​មាន​អគ្គិភ័យ​ ដូច​ជា ចរន្តអគ្គិសនី កំប៉ុង​ហ្គា​ស និង​ភ្លើងទៀន​ធូ​ក​ជាដើម ។ ជា​វិធានការ​បង្ការ​ចម្បង គឺ​ប្រជាពលរដ្ឋ​ពិសេស​ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ​ត្រូវ​បំពាក់​ធុង​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​គ្រប់​ផ្ទះ និង​គ្រប់ទីកន្លែង ។