មណ្ឌល​កម្សាន្ត​ «បឹង​ត្រជាក់​ចិត្ត​​» ឆក់​យក​ជីវិត​ម្នាក់​

ខេត្តបាត់ដំបង ៖​ មណ្ឌល​កំសាន្ត​ «​បឹង​ត្រជាក់ចិត្ត​» ដែល​គេ​សង្ស័យ​ថា គ្មាន​ច្បាប់​អនុញ្ញាត​នោះ ​កំពុង​បង្ក​ឱ្យ​​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​​ដល់​ប្រជា​ពលរ​ដ្ឋ និង​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​​នៅ​ទីនោះ អំពី​សុវត្ថិភាព បន្ទាប់​ពី​មណ្ឌល​កម្សាន្ត​​​គ្មាន​ច្បាប់​​មួយ​​នេះ បាន​ឆក់​យក​ជីវិត​​យុវ​សិស្ស​ម្នាក់​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ហើយ​នៅ​តែ​បើក​ដំណើរការ ដោយ​គ្មាន​វិធានការ​ពី​អាជ្ញាធរ​ឬ​ស្ថាប័ន​ពាក់​​​ព័ន្ធ ​។

មណ្ឌល​​កំសាន្ត​ «​បឹង​ត្រជាក់ចិត្ត​» មា​នទី​តាំងនៅ​ក្នុងភូមិ​ដំណាក់​​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ជា​កម្ម​សិទ្ធិ​របស់​ថៅកែ​ម្នាក់​ឈ្មោះ​ធិ និង​​ជា​មេការ​ក្លិប​ខារ៉ាអូខេ​ «​ហូ​លី​ហ្វូ​ត​» ​។ មណ្ឌល​កម្សាន្ត​​នេះ បាន​សាងសង់​ជា​តូប​តូច​ៗ​​បណ្ដែត​លើ​ទឹក ក្នុង​រណ្ដៅ​ដី​ដ៏​ធំ​មួយ ​ជីក​កកាយ​ដោយ​គ្រឿងចក្រ​​របស់​ក្រុមហ៊ុន​លោក​ហេង អេ​ង ដែល​មាន​ជម្រៅ​ជិត​២០​ម៉ែត្រ​។ បច្ចុប្បន្ន​ ទាំង​ប្រជា​ពលរ​ដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ទាំង​ភ្ញៀវ​ទេសចរ​​​នានា កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំ​ពី​សុវត្ថិភាព ក្រោយ​ពី​មណ្ឌល​កម្សាន្ត​ខាងលើ​នេះ បាន​ឆក់​យក​ជីវិត​យុវ​សិស្ស​ម្នាក់ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ។

មន្ត្រី​មូល​ដ្ឋា​​ន​បាន​និយាយ​ថា មណ្ឌល​កំសាន្ត​ «​បឹង​ត្រជាក់ចិត្ត​» ​របស់​លោក​ថៅកែ​ «​ធិ​» ​នេះ​ មិន​មានច្បាប់​ទម្លាប់​ទេ​ ។ មណ្ឌល​កំសាន្ត​នេះ​បាន​សាងសង់​បណ្ដើរ បើក​ទ​ទូល​ភ្ញៀវ​បណ្ដើរ​រយៈ​​ប្រហែល​១​ខែ​ហើយ​ ។ មន្ត្រី​ដដែល​បន្ត​ថា មណ្ឌល​កំសាន្ត ដែល​មាន​លក្ខណៈ​បើក​អាហារ​ដ្ឋាន​​ផង និង​សម្រាប់​ហែល​ទឹក​លេង​កម្សាន្ត​​ផង​​នេះ ហាក់​កំពុង​បង្ក​ឱ្យ​​មាន​ហានិភ័យ​យ៉ាង​ខ្លាំង ​ដល់​ប្រជា​ពលរ​ដ្ឋ ​ដែល​រស់នៅ​ក្បែរ​នោះ និង​ភ្ញៀវ​ទេសចរ​ ដោយសារ​តែ​គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ​ ចំពោះ​ការ​គ្រោះថ្នាក់​មនុស្ស និង​មិន​មាន​សម្ភា​រ​គ្រប់គ្រាន់​សំរាប់​ឱ្យ​ភ្ញៀវ​ពាក់​ ពេល​ហែល​ទឹក​កម្សាន្ត ​។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៨​ ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ មណ្ឌល​កំសាន្ត​ «​បឹង​ត្រជាក់ចិត្ត​» បាន​ឆក់​យក​ជីវិត​យុវ​សិស្ស​វិទ្យាល័យ​ «​ហ៊ុន​ សែន​ភ្នំ​សំពៅ​»​​ ម្នាក់ ​ឈ្មោះ​ហេង សុ​ភ័​ក្រ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ជា​កូន​មន្ត្រី​យោធា​ម្នាក់ ​នៅ​អង្គភាព​កង​រថក្រោះ​ មាន​មូល​ដ្ឋាន​​នៅ​ឃុំ​ឈើទាល ស្រុក​បាណ​ន់​ ។

យុវ​សិស្ស ហេង សុ​ភ័​ក្រ ជាមួយនឹង​មិត្តភក្ដិ​បាន​ចុះ​ហែល​ទឹក​ដែល​មាន​ជម្រៅ​១៨​ម៉ែត្រ ដោយ​គ្មាន​ពាក់​ឧ​បករ​ណ៍ សំរាប់​ហែល​ទឹក​ឡើយ​ ។ ជន​រង​គ្រោះ​បាន​លង់​ស្លាប់​ភ្លាម​ៗ ក្រោយ​ចុះ​ហែល​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បង្ក​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។