ភ្ញាក់ផ្អើល​! លោកយាយ​អាយុ ៧២ ឆ្នាំ​ម្នាក់​ទើប​សម្រាល​បានកូន​ប្រុស​ដំបូង​ក្នុង​ឆាកជីវិត

6 Videos


ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយព្រោងព្រាតអំពីប្ដីប្រពន្ធវ័យជរាមួយគូដែលទើបសម្រាលបានកូនប្រុសដំបូងក្នុងឆាកជីវិត ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយដែលទើបតែបានក្លាយជាអ្នកម្ដាយថ្មោងថ្មីមានឈ្មោះថា Daljinder Kaur អាយុ ៧២ ឆ្នាំ ចំណែកប្ដីរបស់លោកយាយមានឈ្មោះ Mohinder Singh Gil អាយុ ៧៩ ឆ្នាំ ជាកសិករ រស់នៅក្នុងតំបន់ Amritsar រដ្ឋ Punjab ភាគពាយ័ព្យនៃប្រទេសឥណ្ឌា ។

តាមសម្ដីផ្ទាល់របស់លោកតា Mohinder Singh Gil បានឲ្យដឹងថា ពួកគាត់រៀបការបានរយៈពេល ៤៧ ឆ្នាំហើយ ប៉ុន្តែមិនអាចមានលទ្ធភាពបង្កើតកូនសូម្បីម្នាក់ឡើយ ដូចនេះហើយទើបធ្វើឲ្យលោកតា និង លោកយាយអស់សង្ឃឹមក្នុងឆាកជីវិត ។ លោកតាដដែលបានបន្តថា ដោយសារតែគំនិតចង់បានកូនខ្លាំងពេកទើបនៅឆ្នាំ ២០១៣ លោកតា Mohinder Singh Gil និង លោកយាយ Daljinder Kaur ធ្វើដំណើរទៅកាន់គ្លីនិកឯកជនមួយឈ្មោះ « National Fertility and Test Tube Baby» ស្ថិតនៅក្នុងក្រុង Hisar រដ្ឋ Haryana ប្រទេសឥណ្ឌា ដើម្បីទទួលការប្រឹក្សា និង ចាក់បញ្ចូលមេជីវិត(IVF) ។

ភ្ញាក់ផ្អើល​! លោកយាយ​អាយុ ៧២ ឆ្នាំ​ម្នាក់​ទើប​សម្រាល​បានកូន​ប្រុស​ដំបូង​ក្នុង​ឆាកជីវិត

បន្ទាប់ពីបានទទួលយកមេជីវិតហើយរយៈពេល ៣ ឆ្នាំ ទើបលោកតាលោកយាយទទួលបានកូនប្រុសម្នាក់ដោយបានសម្រាលនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះ និង បានដាក់ឈ្មោះថា Arman Singh ។ ចំពោះវត្តមានកូនប្រុសដំបូងរបស់ប្ដីប្រពន្ធវ័យជរាខាងលើនេះបានធ្វើឲ្យពួកគាត់មានភាពសប្បាយរីករាយខ្លាំងបំផុត ដោយអំណោយកូនប្រុសម្នាក់នេះគឺជាដង្ហើមចុងក្រោយរបស់ពួកគាត់ ។ ជាមួយគ្នានេះដែរម្ចាស់គ្លីនិក « National Fertility and Test Tube Baby» ឈ្មោះលោក Anurag Bishnoi បាននិយាយឲ្យដឹងថា «ដំបូងខ្ញុំមិនចង់ឲ្យគាត់មានកូនទេ ព្រោះសង្កេតឃើញគាត់មានសភាពទ្រុឌទ្រោម ប៉ុន្តែក្រោយមកលទ្ធផលធ្វើតេស្តបានបង្ហាញថាគាត់ពិតជាអាចមានលទ្ធភាពពពោះបាន» ។

ម្ចាស់គ្លីនិកដដែលបានបន្តថា នេះជាលើកទីពីរហើយដែលគ្លីនិករបស់លោកបានធ្វើឲ្យមនុស្សជរាមានផ្ទៃពោះបានយ៉ាងជោគជ័យ ដោយកាលពីឆ្នាំ ២០០៦ មានលោកយាយអាយុ ៧០ ឆ្នាំម្នាក់ឈ្មោះ Rajo Devi បានសម្រេចនូវបំណងដ៏ធំធេងរបស់គាត់គឺគាត់ទទួលបានកូនស្រីម្នាក់ដោយសារការចាក់បញ្ចូលមេជីវិតដូចគ្នាដែរ ៕ កុសល (ប្រភព៖ មីត្រូ)

ភ្ញាក់ផ្អើល​! លោកយាយ​អាយុ ៧២ ឆ្នាំ​ម្នាក់​ទើប​សម្រាល​បានកូន​ប្រុស​ដំបូង​ក្នុង​ឆាកជីវិត