ព្រះមហាក្សត្រខ្មែរ នឹងយាងធ្វើពិធីសែនព្រេន ជូនព្រះមហាក្សត្រជំនាន់មុន នៅប្រាសាទកោះកេរ្តិ៍ ថ្ងៃទី២៥ ខែឧសភា

ព្រះវិហារ៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា នឹងយាងធ្វើពិធីសែនព្រេន ជូនដល់ព្រះមហាក្សត្រជំនាន់មុន នាប្រាសាទកោះកែរ្ដិ៍ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។  ដើម្បីត្រៀមរៀបចំប្រារព្ធពិធីថ្វាយព្រះមហាក្សត្រ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរមរាជវាំង អមដំណើរដោយ អាជ្ញាធរជាតិ​ព្រះវិហារ គណៈភិបាលខេត្តព្រះវិហារ រួមទាំងកំលាំងប្រដាប់អាវុធផងដែរនោះ បានពិនិត្យទីតាំងរៀបចំទីតាំងសម្រាប់ត្រៀមយាងព្រះមហាក្សត្រ ទ្រង់យាងមកធ្វើពិធីសែនព្រេន ​ជូនដល់ព្រះមហាក្សត្រជំនាន់មុន និងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅភូមិកោះកែរ្ដិ៍ និងភូមិរចេកចំនួន៤៤៧នាក់៕