កែមឡី៖ គណបក្សប្រជាជនមានលទ្ធភាពឈ្នះ និងបន្តកាន់អំណាច បន្តទៀតបានករណី…

គណបក្សប្រជាជនមានលទ្ធភាពឈ្នះ និងបន្តកាន់អំណាច បន្តទៀតបានករណីដែលមានការផ្លាស់ប្តូរវប្បធម៌បុគ្គល វប្បធម៌ស្ថាប័ន និងភាពជាអ្នកដឹកនាំបើកចំហ តម្លាភាព គណនេយ្យភាព ទំនួលខុសត្រូវសង្គមខ្ពស់ តាមបែបប្រជាធិបតេយ្យពិត និងជំរុញឲ្យមានការចូលរួមរបស់ពលរដ្ឋពេញលេញ និងសកម្ម។

ករណីមិនអាចផ្លាស់ប្តូរខ្លួនឯងបានទេ មានន័យថា រង់ចាំឲ្យគេផ្លាស់ប្តូរឲ្យតាមរយៈការបោះឆ្នោតឬ តាមគោលការណ៍ប្រជាធិបតេយ្យ។

យុទ្ធសាស្រ្តខ្លះៗដែលគណបក្សប្រជាជនគួរធ្វើជាបន្ទាន់រួមមាន ៖

១. បង្កើតដៃគូថ្នាក់ជាតិរវាងអង្គការសង្គមសុីវិល និងរដ្ឋាភិបាល និងចាប់ផ្តើមវិភាថថវិការដ្ឋយ៉ាងតិច១០ភាគរយសម្រាប់អង្គការសង្គមសុីវិលទៅអនុវត្តកម្មវិធីណាដែលរដ្ឋមិនអាចបំពេញបាន។

២. វិភាគស្ថាប័នក្រសួងនិងវិភាគមុខងារក្នុងការពិនិត្យលទ្ធភាព កាត់បន្ថយក្រសួងនៅត្រឹម១០គណ:រដ្ឋមន្ត្រីមកត្រឹម២៣នាក់ និងកាត់បន្ថយការរិយាល័យធិបតេយ្យមកត្រឹមថ្នាក់ជាតិ ក្រុង និងសហគមន៍ ឬឃុំ ឬតែ៣កម្រិតពីពលរដ្ឋមកថ្នាក់ជាតិ។

៣. រៀបចំផែនការសាងសង់ផ្លូវតាមខ្សែក្រវាត់ព្រំដែនជា ពិសេសព្រំដែនវៀតណាមមុនគេ។ លើកទឹកចិត្ត និងផ្តល់ប្រាក់ខែគ្រប់គ្រាន់ដល់កងកម្លាំងការពារព្រំដែន និងមន្រ្តីនានា។

៤. ដកដីសម្បទានសេដ្ឋកិច្ច និងតំបន់កោះទាំងអស់ពីក្រុមហ៊ុន ដោយពិភាក្សាសំណង់សមស្របដល់ក្រុមហ៊ុន រួចរៀបចំផែនការសំណង់រដ្ឋបាលតាមកោះទាំងអស់និង ផ្តល់លទ្ធភាពឲ្យពលរដ្ឋរស់នៅនិងរៀបចំតំបន់ទេសចរណ៍ជាលក្ខណគ្រួសារ ព្រមទាំងឱកាសកសិឧស្សាហកម្មជាលក្ខណគ្រួសារ។

៥. រៀបចំផែនការយុទ្ធនាការបញ្ជូនជនជាតិវៀតណាមដែល ចូលមកខុសច្បាប់ចេញឲ្យអស់រយ:ពេល៦ខែដោយគោរពតាមគោលការណ៍សិទ្ធិមនុស្សនិងយកគំរូតាមរដ្ឋាភិបាលថៃដែលធ្លាប់បញ្ជូន ជនជាតិខ្មែរនៅឆ្នាំ២០១៤។

៦. រៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋ និងស្ថាប័នគ្រប់ជាន់ថ្នាក់ដោយផ្អែកលើគុណភាព និងប្រជាប្រិយភាព ប្រសើរជាងតាមខ្សែ សាច់ឈាម បក្ស និងទឹកប្រាក់។

៧. ដាក់បេក្ខភាពយុវជនដែលមានសមត្ថភាព និងគុណភាពខ្ពស់ក្នុងតំណែងរដ្ឋមន្ត្រី៥០ភាគរយ អភិបាលនៃគណ:អភិបាល៥០ភាគរយ និងស្ថាប័នដ៏ទៃទៀត។ សមភាពយេនឌ័រត្រូវយកចិត្តទុកដាក់ខ្ពស់

៨. ពិនិត្យលទ្ធភាពបេក្ខភាពនាយករដ្ឋមន្រ្តីក្នុងដំណាក់ កាលនេះដោយពិនិត្យលើសមត្ថភាពនិងគុណភាពខ្ពស់ដោយមិនចាំបាច់គិតពីឋានានុក្រមក្នុងបក្ស ។ ការប្រកួតប្រជែងរកមនុស្សល្អ ស្អាតស្អំ ក្នុងចំណោមអ្នកល្អ និងស្មោះត្រង់ជាច្រើនទៀតជាការចាំបាច់។

៩. រៀបចំពិធីផ្ទេរតំណែងនាយករដ្ឋមន្រ្តីក្នុងអាណត្តិ ជាប្រវត្តិសាស្រ្ត ដោយកិតិ្តយស សេចក្តីថ្លៃថ្នូរ និងមានការចូលរួមពីគ្រប់ភាគីរួមទាំងព្រះមហាក្សត្រ។

១០. រៀបចំផែនការកាត់បន្ថយភាពក្រីក្រជាលក្ខណគ្រួសារ ឲ្យបាន២០ភាគរយ ឬប្រមាណ៥០០០០០គ្រួសារដោយដាក់ ឲ្យអង្គការសង្គមសុីវិលដេញថ្លៃតាមរយៈផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារតាមភូមិនីមួយៗ ។ ផ្អែកលើទិន្ន័ន័យស្ថានភាពក្រីក្រនៅថ្នាក់ក្រោមជាតិរបស់ក្រសួងផែនការ។

១១. យន្តការឯករាជ្យនានាដូចជាគណកម្មការសិទ្ធិមនុស្ស អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរសាវនកម្មជាតិ គណ:កម្មការជាតិរៀបចំការបោះឆ្នោត និង ស្ថាប័នឯករាជ្យដ៏ទៃទៀត ត្រូវផ្តល់លទ្ធភាពឲ្យអង្គការសង្គមសុីវិលចូលរួមជាសហប្រធាន និងក្រុមការងារដឹកនាំ សម្របសម្រួល។

១២. ផ្តល់ស្វ័យភាពពេញលេញទាំងប្រព័ន្ធពន្ធដា ផែនការអភិវឌ្ឍន៍ ចំណូល ចំណាយ ។ល។ ដល់ថ្នាក់ក្រោមជាតិ។ ផ្តល់ឱកាសឲ្យមានការប្រកួតប្រជែងក្នុងការដឹកនាំ និងអនុវត្តន៍ដែលមានក្រុមប្រឹក្សាជាយន្តការអភិបាលកិច្ចល្អ និងពលរដ្ឋចូលរួម។

ចំណុចដ៏ទៃទៀត និងចំណុចលម្អិតដែលមានយុទ្ធសាស្រ្តជាក់លាក់ សកម្មភាព និងកត្តាវាស់វែងត្រឹមត្រូវ ខ្ញុំបាទអាចសរសេរជូនបានដោយឥតគិតថ្លៃ ករណីមានការស្នើសុំ។

ករណីមិនអាចធ្វើបាន ឬមិនចង់ធ្វើ មានលទ្ធភាពតិចតួចណាស់ក្នុងការឈ្នះ។

ករណីមិនធ្វើការផ្លាស់ប្តូរខ្លួនឯងបានទេ មានន័យថា រង់ចាំឲ្យគេផ្លាស់ប្តូរឲ្យតាមរយៈការបោះឆ្នោតឬ តាមបែបប្រជាធិបតេយ្យ។

កែមឡី៖ គណបក្សប្រជាជនមានលទ្ធភាពឈ្នះ និងបន្តកាន់អំណាច បន្តទៀតបានករណី…

ប្រភពៈ khmertoday.news