អីុរ៉​ង់​ប្តេជ្ញា​អភិវឌ្ឍន៍​កម្មវិធី​បាលី​ស្ទិ​ក​របស់​ខ្លួន ហើយ​បំពាក់​ដោយ​មី​ស៊ី​ល S-300 របស់​រុ​ស្ស៊ី

ប្រទេស​អីុរ៉​ង់​អះអាង​ថា បាន​ធ្វើការ​បាញ់​សាកល្បង​កាលពី​២​ស​ប្តា​ហ៍​មុន​នូវ​មី​ស៊ី​ល​បាលី​ស្ទីក​មួយ ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់​២.០០០​គីឡូម៉ែត្រ តែ​ដោយ​គូសបញ្ជាក់​ថា លទ្ធិ​យោធា​របស់​ខ្លួន គឺ​សម្រាប់​តែ​កិច្ច​ការពារ​ប៉ុណ្ណោះ ។

ថ្លែង​កាលពី​ថ្ងៃ​ទី​៩ ឧសភា កន្លង​មកនេះ នៅ​សាកលវិទ្យាល័យ​ក្រុង​តេ​ហេ​រ៉​ង់ លោក HOSSEIN DEHQAN រដ្ឋមន្ត្រី​ការពារ​ប្រទេស​អីុរ៉​ង់​អះអាង​ជា​ថ្មី​ថា អីុ​រ៉​ង់​ពុំ​បោះបង់​ចោល​កម្មវិធី​បាលី​ស្ទិ​ក​របស់​ខ្លួន​ឡើយ ។ អីុរ៉​ង់​នឹង​មិន​បញ្ឈប់​អភិវឌ្ឍន៍​កម្មវិធី​បាលី​ស្ទិ​ក ព្រមទាំង​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​នេះ និង​ការ​ផលិត​មី​ស៊ី​ល​ថ្មី​ៗ​ឡើយ ។

លោក​បន្ត​ថា កាលពី​២​ស​ប្តា​ហ៍​មុន​អីុ​រ៉​ង់​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ ដែល​អាច​បាញ់​បាន​ចម្ងាយ​២.០០០​គីឡូម៉ែត្រ ជាមួយ​កម្រិត​នៃ​ការ​វាយ​ខុស​គោលដៅ​ត្រឹមតែ​៨​ម៉ែត្រ​ប៉ុណ្ណោះ ។ លោក​គូសបញ្ជាក់​ថា នោះ​ជា​ការ​បាញ់​ត្រង់​គោលដៅ​ស្ទើរតែ​សុ​ក្រិត​ទាំងស្រុង​សម្រាប់​ចម្ងាយ​មួយ​បែប​នេះ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អីុិ​រ៉​ង់​និយាយ​ទៀត​ថា  សហរដ្ឋ​អា​មេ​រិ​ក និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ខិតខំ​បង្ក​អ​ស្ថេ​រ​ភាព​តំបន់ ដោយ​ពង្រីក​ការ​ប្រឆាំង​អីុរ៉​ង់ ហើយ​ខិតខំ​បំភ័យ​ជុំវិញ​អីុរ៉​ង់ ។ តែ​ទោះបី​យ៉ាងណា រាល់​កម្មវិធី​យោធា​អីុ​រ៉​ង់​ផ្អែក​លើ​លទ្ធិ​ការពារ​ប៉ុណ្ណោះ ។ សមត្ថភាព​ការពារ​របស់​អីុ​រ៉​ង់ គឺជា​កត្តា​នៃ​ស្ថេ​រ​ភាព​ក្នុង​តំបន់ ។

កម្មវិធី​បាលី​ស្ទិ​ក​របស់​អីុ​រ៉​ង់​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សហរដ្ឋ​អា​មេ​រិ​ក បារាំង អង់គ្លេស និង​អា​ល្លឺ​ម៉​ង់ ដែល​បរិហារ​ពី​ការ​សាកល្បង​មី​ស៊ី​ល​ទាំងឡាយ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដោយ​វាយតម្លៃ​ថា ការ​សាកល្បង​មី​ស៊ី​ល​ទាំងនេះ​រំលោភ​បំពាន​ដំណោះស្រាយ​២.២៣១​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​អនុម័ត​ក្រោយ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ។

ឧត្តមសេនីយ៍ HOSSEIN DEHQAN ក៏​បាន​ថ្លែង​នា​ថ្ងៃ​ទី​១០ ឧសភា​ដែរ​ថា កងកម្លាំង​ការពារ​អាកាស​អីុរ៉​ង់​ពេល​នេះ​កំពុង​បំពាក់​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​រុ​ស្ស៊ី S-300 ។

លោក DEHQAN អះអាង​ថា​ពេល​នេះ​យើង​កំពុង​ប្រគល់​ឱ្យ​ដល់ទី​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​អាកាស​របស់​ប្រទេស​នូវ​ប្រព័ន្ធ​មី​ស៊ី​ល S-300  ។ យើង​ក៏​បាន​ផលិត​ផង​ដែរ​ក្នុង​កម្រិត​ជាតិ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រហាក់ប្រហែល​គ្នា​នេះ​ជាមួយ​ភាព​សុ​ក្រិត និង​កិច្ច​ដំណើរការ​ដូច​គ្នា ហើយ​យើង​នឹង​ធ្វើការ​ផលិត​វា​ជា​ខ្សែ​សង្វា​ក់​នា​ដំណាច់ឆ្នាំ​ស៊ី​វិល​អីុ​រ៉​ង់ ។

ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​របស់​អីុ​រ៉​ង់​នោះ​មានឈ្មោះ​ថា BAVAR 373 ដែល​អាច​កម្ទេច​បណ្តា​មី​ស៊ី​ល​បណ្តែត និង​បណ្តា​យន្តហោះ​ប្រដេញ ។

ប្រធានាធិបតី​អីុរ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី ក្នុង​សុន្ទរកថា​មួយ​នា​ឱកាស​បុណ្យ​កងទ័ព​កាលពី​ថ្ងៃ​ទី​១៧ មេ​សា ថ្លែង​ថា អីុ​រ៉​ង់​ត្រូវការ​អាវុធ​ដ៏​ខ្លាំង​មួយ ដើម្បី​ការពារ​ព្រំដែន​ជាតិ​របស់​ខ្លួន ។

ប្រទេស​រុ​ស្ស៊ី និង​អីុ​រ៉​ង់​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០០៧ នូវ​កុងត្រា​មួយ​មាន​ទឹកប្រាក់​៨០០​លាន​ដុល្លារ ដែល​យោង​តាម​កុងត្រា​នេះ ក្រុង​មូ​ស្គូ​ត្រូវ​ប្រគល់​ឱ្យ​ក្រុង​តេ​ហេ​រ៉​ង់​នូវ​ប្រព័ន្ធ​មី​ស៊ី​ល S-300 ចំនួន​៥ ។

ប្រព័ន្ធ​មី​ស៊ី​ល S-300 ដែល​អូតង់​ហៅ SA-10 GRUMBLE ត្រូវ​បាន​ដាក់​ពង្រាយ​ជា​លើក​ដំបូង​ក្នុង​អតីត​សហភាព​សូ​វៀត​កាលពី​ឆ្នាំ​១៩៧៩ ដើម្បី​ការពារ​ប្រទេស​ប្រឆាំង​បណ្តា​យន្តហោះ និង​មី​ស៊ី​ល​បណ្តែត ។ បន្ទាប់​មក​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​ត្រូវ​បាន​ធ្វើ​ឱ្យ​ទំនើប ដើម្បី​ស្ទាក់​កម្ទេច​មី​ស៊ី​ល​បាលី​ស្ទិ​ករួច S-300 បច្ចុប្បន្ន​ត្រូវ​ចាត់​ទុក​ថា ជា​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ខ្លាំង​បំផុត ៕