វិទ្យាស្ថាន​ ខុង ​ជឺ ​រៀបចំ​កម្មវិធី​ ស្តីពី​អត្ថប្រយោជន៍​នៃ​បណ្ណាល័យ​

វិទ្យាស្ថាន​ ខុង ​ជឺ ​រៀបចំ​កម្មវិធី​ ស្តីពី​អត្ថប្រយោជន៍​នៃ​បណ្ណាល័យ​



ភ្នំពេញ ៖ មាន​ទស្សនៈ​មួយ​បាន​លើក​ឡើង​ថា ផ្ទះ​ល្អ ត្រូវ​ពិនិត្យមើល​បន្ទប់ទឹក រីឯ​សាលារៀន​ល្អ ត្រូវ​ពិនិត្យមើល​បណ្ណាល័យ ជា​ទស្សនៈ​ប្រកបដោយ​អត្ថន័យ​និង​ជម្រៅ​នៃ​បំណង​ក្នុង​ការ​ផ្ដល់​តម្លៃ​លើ​អំ​ណាន​។ យើង​នៅ​ចងចាំ​បាន​ថា ការសិក្សា​នា​បុរាណសម័យ ការសិក្សា​ជា​សំខាន់​ផ្តោត​លើ​អំណាន​ដោយ​តម្រូវ​ឱ្យ​សិក្ខាកាម​ទន្ទេញ និង​ចងចាំ​ទុក​។

ដើម្បី​ជំរុញ​កំណើន​នៃ​អ្នកអាន និង​បង្កើន​ប្រសិទ្ធភាព​នៃ​អំ​ណាន ការរៀបចំ​និង​ការគ្រប់គ្រង​បណ្ណាល័យ​ជា​កិច្ចការ​ចាំបាច់​និង​បន្ទាន់​មួយ​ដែល​គ្រប់​គ្រឹះស្ថានសិក្សា គ្រឹះស្ថាន​អប់រំ និង​គ្រឹះស្ថាន​បម្រើ​សេវា​កម្មសិក្សា​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ជា​ចម្បង​លើ​កិច្ចការ​នេះ​។​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជ បណ្ឌិត្យសភា​កម្ពុជា​តែង​បើក​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​ទាក់ទង​នឹង​ការរៀបចំ ការគ្រប់គ្រង និង​ការពង្រីក កិត្យានុភាព​របស់​បណ្ណាល័យ​។ ក្រោយ​ការ​បញ្ចប់​វគ្គ​សិក្សា​នីមួយៗ សិក្ខាកាម​ក៏​ទទួលបាន​ឱកាស​ទៅ​សិក្សា​ស្វែងយល់​ពី​បណ្ណាល័យ​នានា​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។

ដើម្បី​ពង្រីក​ការ​យល់ដឹង​ពី​ពុទ្ធិ​និង​បទពិសោធន៍​ដែល​ទទួល​បាន​ពី​ទស្សនកិច្ច​នៅ​បណ្ណាល័យ​នានា​ក្នុង​ប្រទេស​ចិន កាលពី​ម្សិលមិញ​នេះ នៅ​សាល​ប្រជុំ​ខាងជើង​របស់​ព្រឹទ្ធសភា មានការ​រៀបចំ​កម្មវិធី​ស្តីពី​អត្ថប្រយោជន៍​បណ្ណាល័យ​ដោយ​សង្កត់ធ្ងន់​លើ​ទស្សនៈ​ខិតខំ​រៀន ខិតខំ​អាន និង​អំ​ណាន​ដែល​មាន​ប្រយោជន៍។

ថ្លែង​ទៅកាន់​អង្គ​ពិធី​ដែល​មាន​អ្នកចូលរួម​ចំនួន​ជាង​២០០​នាក់ (​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត្យ សភា​កម្ពុជា សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​) លោកស្រី កែវ វណ្ណា​រិ​ទ្ធ ប្រធាន បណ្ណាល័យ​ព្រឹទ្ធសភា​បានបញ្ជាក់​ពី​អត្ថប្រយោជន៍​នៃ​អំ​ណាន និង​ទំនើបកម្ម​របស់​បណ្ណាល័យ​ប្រទេស​ចិន​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ហើយក៏​ជួយ​សម្រួល​ដល់​ការអាន ការខ្ចី និង​ការ​សង​សៀវភៅ​របស់​អ្នកអាន​ផង​ដែរ​។

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យ សភា​កម្ពុជា​បាន​បញ្ជាក់ថា ក្រោយ​កិច្ចសហការ​រយៈពេល​ក​ន្លះ​ទសវត្សរ៍​ជាមួយ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ក្នុងការ​បង្រៀន​ភាសា​ចិន វិទ្យាស្ថាន​បាន​រួម​ចំណែក​ពង្រឹង​និង​ពង្រីក​ធនធានមនុស្ស និង​ជួយ​បង្កើន​ចំនួន​អ្នកអាន​ដល់​ព្រឹទ្ធសភា​។ ជា​កិច្ច​ឆ្លើយតប​នឹង​ការ​ជួយជ្រោមជ្រែង​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក្នុង​ការ​ផ្តល់​ឱកាស​ដល់ មន្ត្រីរាជការ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ចិន ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរង​ព្រឹទ្ធសភា​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ព្រឹទ្ធសភា​ចូលរួម​សិក្សា​ភាសា​ចិន ហើយ​ឯកឧត្តម​ក៏បាន​គាំទ្រ​ដល់​បេសកកម្ម​ការងារ​របស់​វិទ្យាស្ថាន​ប្រចាំ​នៅ​អគ្គលេ​ខាធិការដ្ឋាន​ព្រឹទ្ធសភា​ផងដែរ​។ ឯកឧត្តម​ក៏បាន​ដឹកនាំ​សមាជិក​អង្គពិធី​ទាំងមូល​ទៅ​ទស្សនា​សមិទ្ធ​ផល​ស្នាដៃ​ស្រាវជ្រាវ​ដែល​បាន​បោះពុម្ពផ្សាយ​របស់​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ តាមរយៈ​បទ​បង្ហាញ​នា​ថ្ងៃនេះ វិទ្យាស្ថាន​នឹង​រៀបចំ​ឱ្យមាន​ទស្សនកិច្ច​របស់​បណ្ណារក្ស​នៃ​សាក​លវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​ទៅ​បន្ត​ការយល់ដឹង​ពី​បណ្ណាល័យ​និង​បណ្ណា​ល័យ​អេឡិចត្រូនិក​ក្នុង​ប្រទេស​ចិន​នា​ពេលខាងមុខ​៕
វិទ្យាស្ថាន​ ខុង ​ជឺ ​រៀបចំ​កម្មវិធី​ ស្តីពី​អត្ថប្រយោជន៍​នៃ​បណ្ណាល័យ​