ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្ដាល​​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​២១​ខ្នង​រង​ការ​ខូចខាត និង​របួស​មនុស្ស​ម្នាក់

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្ដាល​​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​២១​ខ្នង​រង​ការ​ខូចខាត និង​របួស​មនុស្ស​ម្នាក់



កំពង់ស្ពឺ​ ៖ ​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​២១​ខ្នង និង​វត្ត​មួយ​កន្លែង ​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​វាយប្រហារ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ​ព្រមទាំង​របួស​ស្ត្រី​ចំណាស់​ម្នាក់។

ករណី​នេះ​ បាន​កើត​​​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុង​ភូមិ​ចំនួន​៣​មាន​ភូមិ​កណ្តាល ,​ភូមិ​ព្រៃ​ឈើទាល និង​ភូមិ​ក្រៀល​បួស ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

លោក​វរសេនីយ៍ទោ​ សាយ ប៊ុនថន អធិការ​នគរបាល ស្រុក​ភ្នំស្រួច​បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ឧសភា​នេះ​ ក្រុមការងារ​ថ្នាក់​ស្រុក និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​ បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ ដែល​បាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ និង​សាកសួរ​សុខ​ទុក្ខ​បងប្អូន​ជនរងគ្រោះ​តាម​ខ្នង​ផ្ទះ។ លោក​បន្ត​ថា ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​មាន​ចំនួន​២១​ខ្នង ក្នុង​នោះ​ផ្ទះ​តៀម​ចំនួន ០៧​ខ្នង​ខូចខាត​ទាំងស្រុង របើក​ស័ង្កសី​ចំនួន ១៤​ខ្នង និង​របើក​ដំបូល​វត្ត​ក្រៀស​បួស​ មួយ​ខ្នង របួស​ល​មនុស្ស​ម្នាក់​​​ឈ្មោះ ហែម នី​ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ព្រៃ​ក្មេង​ស្រាល។

លោក​បន្ត​ថា ក្រោយពី​ប្រជាពលរដ្ឋ​បាន​ជួប​គ្រោះធម្មជាតិ​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​កន្ត្រាក់​បែបនេះ កម្លាំង​នគរបាល​បាល និង​អាជ្ញាធរ​បាន​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ភ្លាមៗ ហើយ​សាខា​កាកបាទក្រហម និង​ថ្នាក់ដឹកនាំ​ កំពុងតែ​រៀបចំ​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់ ដើម្បី​ចែក​ជូន​ក្នុង​ការ​ដោះស្រាយ​ការ​លំបាក​ជា​បណ្ដោះអាសន្ន។ លោក​បន្ត​ថា គ្រោះធម្មជាតិ​ក្នុង​ឆ្នាំ​នេះ ​ហាក់​បី​មាន​ការ​ចម្លែក​ខុស​រាល់​ឆ្នាំ ដូចជា​ការ​កើន​កម្ដៅ​ថ្ងៃ​ខ្លាំង រាំងស្ងួត​ហួតហែង​បណ្ដាល​ឲ្យ​ពលរដ្ឋ​តាម​តំបន់​មួយ​ចំនួន​មានការ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ហើយ​ពេល​មាន​ភ្លៀក​ធ្លាក់​តែងតែ​លាយឡំ​ជាមួយនឹង​ព្យុះ​ខ្យល់​កន្ត្រាក​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ផ្សេង ក្នុង​នោះ​មាន​រលំ​ផ្ទះ របើក​ដំបូល ឬ​រន្ទះបាញ់​ជាដើម ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​បំផុត​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​នោះ។

បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២១​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​ រៀបចំ​ធ្វើការ​ជួយសង្គ្រោះ​ ដោយ​នាំ​អំណោយ​មនុស្សធម៌ ដើម្បី​ជួយ​ដោះស្រាយ​ការ​លំបាក​ជា​បណ្ដោះអាសន្ន និង​មាន​បន្តបន្ទាប់​ទៀត​ពី​ថ្នាក់ដឹកនាំ ក៏​ដូចជា​សាខា​កាកបាទក្រហម​ផងដែរ៕

​ ​