ព្រះករុណា​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី​ នឹង​យាង​ធ្វើ​ព្រះរាជ​ពិធី​បួងសួង​នៅ​ប្រាសាទ​កោះកេរ្តិ៍​

ព្រះករុណា​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី​ នឹង​យាង​ធ្វើ​ព្រះរាជ​ពិធី​បួងសួង​នៅ​ប្រាសាទ​កោះកេរ្តិ៍​



ព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​ឧសភា​ ឆ្នាំ​២០១៦ ​ប្រតិភូ​ព្រះបរមរាជវាំង​ ដឹកនាំ​ដោយ​សម្តេច​ចៅហ្វា​វាំង​ គង់​ សំអុល ​រដ្ឋមន្ត្រី​អម​ព្រះបរមរាជវាំង​ អម​ដំណើរ​ដោយ​លោក​ សួស ​យ៉ា​រ៉ា​ តំណាង​រាស្ត្រ​ខេត្ត​ព្រះវិហារ​,​អាជ្ញាធរ​ជាតិ​ព្រះវិហារ ​និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះវិហារ​ រួម​ទាំង​អាជ្ញាធរ​ស្រុក​គូលែន ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​បរិវេណ​ប្រាសាទ​កោះកេរ្តិ៍។​

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ដំណើរ​ចុះ​ពិនិត្យ​នេះ​ដើម្បី​ត្រៀម​រៀបចំ​យាង​ព្រះករុណា​នរោត្តម​សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ព្រះរាជ​ពិធី​បួងសួង​ដល់​ស្តេច​ដែល​គ្រងរាជ្យ​នៅ​រាជធានី​ប្រាសាទ​កោះកេរ្តិ៍​ ជំនាន់​បុរាណ ​ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ​ជូន​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។​

ប្រាង្គ​ប្រាសាទបុរាណ​ប្រណីតៗ​មាន​ចំនួន​ជាង​៩០​ប្រាសាទ ​ស្ថិត​ក្នុង​រាជធានី​ប្រាសាទ​កោះកេរ្តិ៍​ ហៅថា ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទកោះកេរ្តិ៍​ ស្ថិតនៅ​ភូមិ​កោះ​កេរ្តិ៍​ ឃុំ​ស្រយង់ ​ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ទាក់ទាញ​ខ្លាំង​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​អញ្ជើញ​ទៅ​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​។​

លោក ​អ៊ុន​ ចាន់​ដា ​អភិបាលរង​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១១​ឧសភា​ថា ​ប្រតិភូ​ព្រះបរមរាជវាំង​សម្តេច​ចៅហ្វា​វាំង​ គង់​ សំអុល​ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​បរិវេណ​ប្រាសាទកោះកេរ្តិ៍​ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​សប្បាយ ​ដែល​ព្រះករុណា​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​យាង​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​។​

លោក​បន្ត​ថា​ ព្រះរាជ​ពិធី ​នឹង​ប្រព្រឹត្ត​ធ្វើជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ស្ថិតក្នុង​បរិវេណ​ប្រាសាទកោះកេរ្តិ៍​ផ្ទាល់​។​

​លោក​អភិបាលរង​ខេត្ត​ថ្លែងឲ្យដឹងថា​ ព្រះករុណា ​នឹង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​របស់​ព្រះអង្គ​ចំនួន​៤៥០​នាក់ ​មកពី​ភូមិ​កោះ​កេរ្តិ៍​ និង​ភូមិ​រំចេក​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្ត​ព្រះវិហារ​ ដែល​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​នោះ​។ ​ព្រះរាជ​ពិធី​បួងសួង​ដ៏​មាន​សារសំខាន់​នេះ​ជា​លើក​ទី​១​ហើយ ​ដែល​ព្រះករុណា​យាង​ធ្វើជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​និង​ជា​លើក​ទី​០៦​ផង​ដែរ​ ដែល​ព្រះអង្គ​យាង​សួរសុខទុក្ខ​ និង​ចែក​ព្រះរាជ​អំណោយ​ដល់​ប្រជាពលរដ្ឋ​របស់​ព្រះអង្គ​នៅ​ខេត្ត​ព្រះវិហារ​៕

ព្រះករុណា​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី​ នឹង​យាង​ធ្វើ​ព្រះរាជ​ពិធី​បួងសួង​នៅ​ប្រាសាទ​កោះកេរ្តិ៍​