Roy Hodgson ពន្យារពេល​ប្រកាស​ឈ្មោះ​កីឡាករ​សម្រាប់​ការ​ប្រកួត Euro 2016

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Roy Hodgson រំពឹង​ថា នឹង​ប្រកាស​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​សម្រាប់​ត្រៀម​ប្រកួត Euro 2016​នៅ​ប្រទេស​បារាំង ប៉ុន្តែ​លោក​សម្រេច​ពន្យារពេល​ប្រកាស​វិញ​រហូត​ដល់​ការ​ប្រកួត​ប្រឺ​មី​ញេ​លី​ក​រដូវ​កាល​នេះ​ចប់​ពោល​គឺ​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ ។ ការ​ពន្យារពេល​នេះ​ដោយសារ​តែ​ព័ត៌មាន​ជុំវិញ​បញ្ហា​សុខភាព​របស់​ខ្សែបម្រើ​-​ប្រយុទ្ធ​កីឡាករ Danny Welbeck ដែល​នឹង​អាច​ប្រឈម​ការ​វះកាត់​និង​ព្យាបាល​ជា​ច្រើន​ខែ និង​បញ្ហា​របួស​កីឡាករ​មួយ​ចំនួន​ទៀត ។

សូម​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​ក្លិប​Arsenal រូប​នេះ​ត្រូវ​បាន​បង្ខំចិត្ត​ប្តូរ​ចេញ​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្លិប​Man City​ដែល​ទទួលលទ្ធផល​ស្មើ​២-២​នា​ថ្ងៃអាទិត្យ​កន្លង​ទៅ ។ ចំណែក​ឯ​ខ្សែបម្រើ​សំខាន់​ម្នាក់​ទៀត​កីឡាករ​Jordan Henderson ក៏​មាន​បញ្ហា​របួស​ដែរ ប៉ុន្តែ​កីឡាករ​រូប​នេះ​ប្រហែលជា​អាច​ចូលរួម​ប្រកួត​បាន​ព្រមទាំង​កីឡាករ Jack Wilshere ដែល​​បាន​ចូល​លេង​វិញ​ឱ្យ​ក្លិប Arsenal កាលពី​ខែ​មុន​ក៏​នឹង​ត្រូវ​រាប់​បញ្ចូល​សម្រាប់​ការ​ប្រកួត Euro នេះ​ដែរ ។

អង់គ្លេស​នឹង​រាយការណ៍​ទៅ​មជ្ឈមណ្ឌល St. George’s Park នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​ក្រោយ  មុន​ពេល​ការ​ប្រកួត​សាកល្បង​ជាមួយ​តួ​ក​គី អូស្ត្រាលី និង​ព័រ​ទុ​យ​ហ្គា​ល់ ៕