នគរបាល​តាម​ចាប់​ឃាតករ​កំណាច​នៅ​លើដំបូល​ផ្ទះ

នគរបាល​តាម​ចាប់​ឃាតករ​កំណាច​នៅ​លើដំបូល​ផ្ទះ



ខេត្តកំពត ៖ មានការ​ភ្ញាក់ផ្អើល​ឆោឡោ​មួយ បាន​កើតឡើង​ទាំង​កណ្តាល​ថ្ងៃ ដោយ​គេ​ឃើញ​ក្រុម​សមត្ថកិច្ច​ពង្រាយ​កម្លាំង ឡោម​ព័ទ្ធ​ផ្ទះ​មួយ​កន្លែង ដែល​គេ​បានដឹង​ថា​ម្ចាស់ផ្ទះ​នេះ​បាន​អារ​.​ក​សម្លាប់​បុគ្គលិក​ម្នាក់​ធ្វើការ​ផ្នែក​ឥណទាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ។

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ឈូក ឱ្យ​ដឹង​ថា មាន​ករណី​ចាប់​អា​រក​សម្លាប់​មិន​ញញើត​ដៃ​លើ​បុគ្គលិក​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ «​អម្រឹត​» ស្រុក​ឈូក ម្នាក់ បន្ទាប់​ពី​បុរស​ម្ចាស់ផ្ទះ​ហៅ​ឱ្យ​ចូល​ក្នុងផ្ទះ​របស់​ខ្លួន ក្នុង​ឃុំ​ត្រមែង ស្រុក​ឈូក នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់ ទី​១០ ឧសភា ។

បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា មានការ​ចាប់​អារ​.​ក​សម្លាប់​ស្លាប់​យ៉ា​ង​អាណោច​អ​ធ័​ម​នៅ​ក្នុងផ្ទះ​នោះ ទើប​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល​និង​ដំបង​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ​ជា​ឃាតករ​ជុំ​ជិត រួម​ជាមួយ​អ្នកស្រុក​រាប់រយ​នាក់​ទៅ​ចោមរោម​មើល ។

ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប្រុ​ក វិត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ឃាតករ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម បុ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត ជា​បុគ្គលិក «​អម្រឹត​» ។

ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្នុងភូមិ​នោះ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឃាតករ​គឺជា​មនុស្ស​វិកលចរិត បាន​ហៅ​បុគ្គលិក​រូប​នោះ​ឱ្យ​ចូល​ផ្ទះ​ពេល​ឃើញ​កំពុង​ជិះ​ម៉ូតូ​កាត់មុខ​ផ្ទះ ហើយ​ពេល​បុគ្គលិក​ផ្នែក​ឥណទាន​នោះ​ចូល​ផ្ទះ​តាម​ការ​ហៅ ក៏​កើត​មានការ​ឈ្លោះប្រកែក​គ្នា ព្រមទាំង​វាយ​ប្រតប់​គ្នា​នៅ​ក្នុងផ្ទះ​រហូត​ដល់​ម្ចាស់ផ្ទះ​នោះ​ចាប់​អារ​.​ក​សម្លាប់​តែ​ម្តង​នៅ​ក្បែរ​ជណ្តើរ​កណ្តាល​ផ្ទះ ។

បន្ទាប់​ពី​ការ​ផ្អើល​ឆោឡោ និង​មានការ​ឡោម​ព័ទ្ធ​ពី​សមត្ថកិច្ច​ជា​ច្រើន​នាក់ ជនសង្ស័យ​ជា​ឃាតករ​ដែល​គេ​ដឹង​ថា ជា​មនុស្ស​ឆ្កួត​ឬ​ឡប់សតិ​នោះ បាន​ព្យាយាម​រក​វិធី​គេច​មិន​ឱ្យ​ចាប់ខ្លួន តែ​មិន​អាច​រត់​រួច​នោះ​ទេ ។ ស្ថិត​នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​ដើម្បី​ចាប់ខ្លួន​នេះ ជនសង្ស័យ​ជា​ឃាតករ បាន​ឡើង​ទៅ​ឈរ​នៅ​លើដំបូល​ផ្ទះ ទំនង​មាន​បំណង​ចង់​គេចខ្លួន ។ ឃើញ​ឃាតករ​មិន​ព្រម​ចុះ​មក​ដី​បែប​នេះ សមត្ថកិច្ច​ប្រដាប់​ដោយ​អាវ​ក្រោះ​និង​ខែល​ពី​៥​ទៅ​៦​នាក់ បាន​ដាក់​ជណ្តើរ​ឡើង​ទៅ​លើ ហើយ​សង្គ្រប់​ចាប់​វ៉ៃ​ខ្នោះ​បាន​ទាំង​លំបាក​នៅ​វេលា​ម៉ោង​៣​កន្លះ​រសៀល ព្រមទាំង​យោង​សណ្តោង​តាម​ពិ​ដានដែល​ទម្លាយ នាំ​ចុះ​មក​ដី​ដោយ​ពុំ​បង្ក​ឱ្យ​មាន​រង​របួស​អ្វី​ឡើយ ហើយ​ក៏​បញ្ជូន​បន្ត​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។

អ្នក​ភូមិ​និយាយ​ថា ជន​នេះ​នៅផ្ទះ​តែ​ម្នាក់ឯង​ទេ ព្រោះ​ប្រពន្ធ​និង​កូន​បាន​មក​ភ្នំពេញ​២-៣​ថ្ងៃមុន​នេះ ៕