មានការរិះគន់ ជុំវិញការសុំដកខ្លួនរបស់ក្រុមខេត្តព្រះវិហារ ពីពានសម្តេចហ៊ុនសែន

លោក ហន ឆន ប្រធានសមាគមកីឡាខេត្តព្រះវិហារ បានផ្ញើលិខិតមួយទៅកាន់ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីសុំដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១០ ប្រចាំឆ្នាំ២០១៦នេះ ដោយសារខ្វះខាតថវិកាក្នុងការចំណាយថៃ្លអាហារហូបចុក និងស្នាក់នៅរបស់កីឡាករ សម្រាប់ចូលរួមនៅវគ្គបន្ត។
preah-vihea
បើតាមលិខិត ដែលបានផ្ញើមកសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះមានខ្លឹមសារថា៖«ក្រុមបាល់ទាត់របស់ខេត្តព្រះវិហារមិនអាចបន្តចូលរួមការប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្របាននោះទេ ដោយសារខ្វះខាតថវិកាសម្រាប់ផ្គត់ផ្គង់ការហូបចុក និងស្នាក់នៅរបស់កីឡាករ សម្រាប់ចូលរួមនៅវគ្គបន្ត»។

យ៉ាងណាក៏ដោយ សម្រាប់ការសុំដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្តេចហ៊ុនសែននេះ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡានៅខេត្តព្រះវិហារ ពិសេសកីឡាករដែលជាមាជិកក្រុមខេត្តព្រះវិហារ បាននាំគ្នាចូល comment និង Share លិខិតសុំឈប់នេះបន្តពេញបណ្តាញសង្គមហ្វេសប៊ុក ហើយនៅក្នុងចំណោមនោះគឺភាគច្រើន ពួកគេបានរិះគន់ដល់ថ្នាក់ដឹកនាំខេត្ត ពិសេសមន្ទីរអប់រំ យុវជន និងកីឡា និងប្រធានសមាគមកីឡាខេត្តព្រះវិហារតែម្តង ដែលមិនចូលរួមជួយជ្រោមជ្រែងដល់ក្រុមបាល់ទាត់តំណាងឲ្យខេត្តមួយនេះ ខណៈពួកគេបានព្យាយាមចូលរួមលេង ខាតបង់ទាំងថវិកា ពេលវេលា និងកម្លាំង ដើម្បីជួយឲ្យក្រុមមួយនេះ បានឡើងមកដល់វគ្គដំណាក់កាលផ្តាច់ព្រ័ត្រនោះ។
mm2 Untitled-1
គណនីយហ្វេសប៊ុកឈ្មោះថា Tom Mey ដែលជាសមាជិកម្នាក់(ពាក់អាវលេខ៧)របស់ក្រុមខេត្តព្រះវិហារនោះ បានបង្ហាញការខកចិត្តខ្លាំងជាងគេ ចំពោះការសម្រេចដកខ្លួនរបស់ក្រុមព្រះវិហារនេះ ដោយគេបាន Share លិខិតសុំឈប់នោះ ហើយបានសរសេរថា៖«ហេតុអីអត់ពិភាក្សាជាមួយកីឡាករចឹង កាលដាក់ពាក្យចូលរួមមិចក៏មករកពួកខ្ញុំបាន តែដល់ពេលអស់លុយសំរេចចិត្តខ្លួនឯងអត់ប្រាប់គ្នាអីតិច។ ដើម្បីខេត្ត ពួកខ្ញុំចំណាយលុយខ្លួនឯង ឬរៃពីបងប្អូនក៏បាន ចំណាយអស់ច្រើនណាស់ទៅមែនទេ? ទៅវិលល្ងាចខ្ញុំយកឡានខ្ញុំទៅមកចម្ងាយដី២០០ទៅ៣០០គីឡូម៉ែត្រជិះគ្នា១២ទៅ១៣នាក់ ឲ្យខ្ញុំ២០០០០០ហូបបាយ ឲ្យ២០០០០០ម៉ឺនហូបលើសចេញលុយខ្លួនឯងគ្រាន់តែទៅលើកនេះផ្លូវឆ្ងាយ ត្រូវដេកអត់លុយច្រើន ប៉ុន្តែបើចំណាយប៉ុណ្ណឹងច្រើនលើកក្រោយមិនបាច់ចូលរួមទេស្ដាយពេលវេលាខ្លាំងណាស់»។

មានអ្នកចូល Comment ឆ្លើយឆ្លងទៅនឹងការលើកឡើងរបស់ Tom Mey ដោយអ្នកខ្លាំងអាណិតទៅដល់ការខិតខំរបស់កីឡាករ តែថ្នាក់លើរបស់ខេត្តបែជាមិនរវល់ ហើយអ្នកខ្លះទៀតបាននិយាយចំអកដល់ថ្នាក់ដឹកនាំធំៗនៅខេត្តព្រះវិហារថា ពួកអស់ហ្នឹង គ្មានលុយយកមកជួយដល់កីឡាតំណាងឲ្យខេត្តទេ បើលុយយកឲ្យប្អូនធម៌ ឬស្រីក្មេងមិនខ្វះនោះទេ។ រីឯលោក គល់ វិដួង បានលើកឡើងថា៖« បើសិនជាលោក ហន ឆន នៅបន្តគ្រប់គ្រងគឺកីទ្បាខេត្តព្រះវិហារ មិនរីកចំរើនទេ»។
MM3
យ៉ាងណាក៏ដោយ លោក យឹម អមរិន្ទសួគ៍ គ្រូបង្វឹកក្រុមខេត្តព្រះវិហារ បានបង្ហាញហេតុផលពិតចំពោះការសុំដកខ្លួននេះ ដល់វេបសាយក្នុងស្រុកមួយថា៖ “ហឹម… គិតមើលទៅចេញទៅប្រកួតនៅក្រៅដីដូចជានៅភ្នំពេញអីនោះ គ្រាន់តែថ្លៃឡាន៣០០ដុល្លារ ផ្ទះសំណាក់អាអន់បំផុត៦ដុល្លារគ្រែ២ ត្រូវជួល១០បន្ទប់ ថ្លៃស៊ីចុកមួយពេល ៣០ម៉ឺនយ៉ាងតូច។ អីចឹងគិតមើលទៅអស់ប៉ុន្មាន ហើយបានវិញត្រឹមតែ៦០ម៉ឺនហ្នឹង… ចាយអីគ្រាន់»។

គួរបញ្ជាក់ថា ក្រុមខេត្តព្រះវិហារ បានឈរក្នុងពូលD ជាមួយក្រុមខេត្តក្រចេះ ក្រុមសៀបរាមអង្គរ អគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ណាហ្គាវើល និងក្រុមខេត្តស្វាយរៀង ហើយសម្រាប់២ប្រកួតកន្លងមកនេះ ក្រុមខេត្តព្រះវិហារ បានចាញ់ក្រុមប៉ូលិស ៩-០ និងចាញ់ក្រុមសៀមរាបអង្គរ ១១-០។ ចំណែកនៅរសៀមម៉ោង ៣:៣០ ថ្ងៃពុធនេះ ពួកគេត្រូវជួបក្រុមខេត្តស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង ហេតុនេះការដកខ្លួនរបស់ក្រុមនេះ នឹងធ្វើឲ្យក្រុមខេត្តស្វាយរៀង ទទួលបាន៣ពិន្ទុដោយស្វ័យប្រវត្តិ៕