​​ត្រូវ​​តែ​ប្រយ័ត្នដោយ​ខ្លួន​ឯង ទោះ​បន្ថែម​​១១​៣គ្រឿង​ទៀត​ក៏​ដោយ​

រាជធានី​ភ្នំពេញ ​៖ រថ​យន្ត​ពន្លត់អគ្គិ​ភ័យ​ចំ​នួ​យ​១១៣​គ្រឿង ដែល​​រដ្ឋាភិបាល​បានទិញ​បន្ថែម​នោះ នៅថ្ងៃទី​១១ ឧសភា ២០១៦ នេះ ​បាន​ម​ក​ដល់​កំពង់​ផែ​​អន្តរជាតិ​​ក្រុងព្រះសីហនុ​​ហើយ ដើម្បី​ទុក​ចែករំលែក​​ទៅ​តាម​បណ្តា​ស្រុក​-រាជធានី-ខេត្ត នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​​​គោលបំណងបង្កា​គ្រោះ​អគ្គិ​ភ័យ​កើតឡើង​ជាយថា​ហេតុ​ ។

លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាននគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​បានឱ្យ​​កោះសន្តិភាព​ដឹង​​តាម​រយៈ​ទូរស័ព្ទ កាលពីព្រឹក​ថ្ងៃដដែល​​ថា នៅ​ក្នុង​ពិធី​សន្តិ​បាត​របស់​ក្រសួងមហាផ្ទៃ កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ប្រកាស​​ថា ក្រសួង​នឹង​​ទិញ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​បន្ថែម ដើម្បី​បំពាក់​នៅ​តាម​បណ្តា​ស្រុក-ខេត្ត-រាជធានី នៅ​ក្នុង​ប្រទេស​ឱ្យ​​បាន​ច្រើន ដើម្បី​ត្រៀម​សង្គ្រោះ​​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយ​ថាហេតុ​ ។

លោក​បន្ត​ថា ​មក​​ដល់​ថ្ងៃ​ទី​១១ ឧសភា​ នេះ រថយន្ត​ពន្លត់អគ្គិ​ភ័យ​ចំនួន​១១៣​គ្រឿង​ បាន​មក​ដល់​កំពង់​ផែ​​អន្តរជាតិ​ក្រុងព្រះសីហនុ​ហើយ ទៅ​តាម​ការ​​សន្យា​។ ដូច្នេះ សរុប​ទាំង​រថយន្ត​ចាស់​ដែល​មាន​ស្រាប់ បន្ថែម​​​រថយន្ត​ទើប​ទិញ​​មកនេះ នៅ​កម្ពុជា​មាន​​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​២៤១​គ្រឿង ។​ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​រថយន្ត​១២៨​គ្រឿង​ បាន​ខូច​អស់​ចំនួន​៣១​គ្រឿង ​។

លោក​បន្ត​ថា បើ​ទោះបី​កម្ពុជា​​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ដ៏​ច្រើនយ៉ាងណា​ក៏​ដោយ ​គឺ​នៅ​តែ​មាន​បញ្ហា​ប្រឈម ប្រ​សិន​​មិន​មានការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ ​ព្រោះ​ប្រជាពលរដ្ឋ​នៅ​តែ​ធ្វេសប្រហែស នៅ​តែ​មិន​ចាប់​អារ​ម្ម​ណ៍ នៅ​តែ​មិន​ចូលរួម គឺ​ពិត​មាន​បញ្ហា​ប្រឈម​នៅ​គ្រោះ​អគ្គី​ភ័យ​នេះ​ដដែល ​។ លោក​ក៏​សុំ​អំពាវនាវ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ មានការ​ចូលរួម​ឱ្យ​បាន​ច្រើន ពិសេស​ត្រូវ​មាន​ឧប​ការ​ណ៍​ និង​សម្ភារ ដែល​ជា​វិធានការ​ចេះ​បង្កាដោយ​ខ្លួនឯង​ទុកជា​មុន​ ទើប​ជួយ​ទប់ស្កាត់ ​និង​សង្គ្រោះ​បាន​ទាន់​ពេល ​។