ពលករ​៦​នាក់ ដែល​មេខ្យល់​ដឹក​ចូល​ថៃ​ដោយ​ខុសច្បាប់ ត្រូវបានក្រសួងការបរទេសកម្ពុជាជួយ

ភ្នំពេញ:
លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអោយដឹង នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ ត្រូវបាន​មេខ្យល់​ដឹក​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​ទុក​ពួកគាត់​ចោល​នៅ​ខេត្ត​សា​កែវ ប្រទេស​ថៃ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត សា​កែវ ប្រទេស​ថៃ បាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ រៀបចំ​បញ្ជូន​ពលរដ្ឋ​ខ្មែរ ទាំង​៦ នាក់ អោយ​ត្រឡប់មក​កម្ពុជា​វិញ តាម​ច្រក​ម៉ាឡៃ កាលពី​យប់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​។​

​លោក ជុំ សុន្ទរី បន្តថា ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់ ដូច​មាន​រាយ នាម​ខាងក្រោម  
១- អូន សំណាង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​
២- ឡុង សៀម ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​
៣- យង់ នី ភេទ​ប្រុស អាយុ ១៤​ឆ្នាំ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​
៤- ម៉ូ សំណាង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​
៥- សូ សុខ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ នៅ​ស្រុក​ទាំង ខេត្តតាកែវ​
៦-​ឯក សា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ស្រុក​ទឹកឈូរ ខេត្តកំពត​

​តាម​របាយការណ៍​ដែល​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានទទួល​ពី​ស្ថាន អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ ២០១៦ បានអោយដឹងថា មាន​ករណី​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​ឃាតករ​បាញ់​ស្លាប់​នៅ​ស្រុក​វ​ឌ្ឍ​ណា​ណា​ខន ខេត្ត​សា​កែវ ប្រទេស​ថៃ​។ ពលរដ្ឋ​ខ្មែរ​រូបនោះ មាន​ឈ្មោះថា ឃា​ក់ ផា ភេទ​ស្រី អាយុ ៤៨ ឆ្នាំ នៅ​ភូមិ​ឬ​ស្សី ឃុំ រុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ប្ដី​ជា​ជនជាតិ​ថៃ (​ពុំបាន​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ទេ​)​។​

​នៅ​ថ្ងៃទី​៨ ខែឧសភា សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​ជនបង្ក​ឈ្មោះ ស៊ុ​ផៈ​ឆៃ អា​ណូ​តៈ​ផាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ថៃ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​កាត់ទោស​តាមច្បាប់​។ ជនសង្ស័យ គឺជា​កូនចុង​របស់​ស្ត្រី​រងគ្រោះ​ខាងលើ​។​
​ចំពោះ​សាកសព អាជ្ញាធរ​ថៃ បាន​បញ្ជូន​ទៅធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ​ខេត្ត​ច​ន្ទ័​បុរី រួច​ប្រគល់ អោយ​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​