ឥណ្ឌា កម្ពុជា ជំរុញ​រួមគ្នា​ក្នុង​ការ​ទាក់ទាញ ​ដល់​វិស័យ​ទេសចរណ៍​

ឥណ្ឌា កម្ពុជា ជំរុញ​រួមគ្នា​ក្នុង​ការ​ទាក់ទាញ ​ដល់​វិស័យ​ទេសចរណ៍​



ភ្នំពេញ ៖ ​ក្នុង​គោលបំណង​រួមគ្នា ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​រវាង​កម្ពុជា និង​ឥណ្ឌា​នោះ​នៅ​រសៀល​ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ​២០១៦ ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ Lokesh Chandra ប្រធាន​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌ ឥណ្ឌា (President of Indian Council of Cultural Relations) ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​។​

លោក ឯក ថា អនុប្រធាន​ព័ត៌មាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​ថា នៅក្នុង​ជំនួប​ពិភាក្សា​នោះ ភាគី​ទាំង​២​បាន​យល់ស្រប​គ្នា​លើ​ចំនុច​ចំនួន​បី​ ដើម្បី​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង២កាន់តែ​មាន​ការ​រីកចម្រើន​ទ្វេ​ទៀត​។ ​ទី​១ ​គឺ​លើកទឹកចិត្ត​ឲ្យ​មានការ​ហោះហើរ​ត្រ​ង់​ពី​ឥណ្ឌា​មកកាន់​ប្រទេស​កម្ពុជា ដែល​ជា​មធ្យោបាយ​ដើម្បី​នាំ​អ្នកទេសចរ​ឥណ្ឌា​បន្ថែម​ទៀត​មក​កា​ន់​កម្ពុជា​។ ​ទី​២​គឺ ភាគី​ទាំង២ បាន​ជំរុញ​ឲ្យ​មាន​ការ​ថត​ខ្សែភាពយន្ត​ឯកសារ ដែល​រំលេច​ឡើង​ពី​អរិយ​ធម៌​ដ៏​អស្ចារ្យ របស់​ប្រាង្គ​ប្រាសាទអង្គរវត្ត ដើម្បី​ទាក់ទាញ​ដល់​អ្នក​ទេសចរណ៍​ឥណ្ឌា ក៏ដូចជា​ទេស​ច​រ​ណ៍​ពិភពលោក​ទាំងមូល​ផង​ដែរ​។ ​ទី​៣​ គឺ​ភាគី​ឥណ្ឌា លើកទឹកចិត្ត​ចង់​ឲ្យ​មានដំណើរ​ធម្ម​យាត្រា ការ​ជួប​ជុំគ្នា​រវាង​កម្ពុជា​ទៅកាន់​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា ដ៏​ធំ​១​នៅ​ប្រទេស​ឥណ្ឌា ហើយ​នៅក្នុង​ដំ​ណើរ​ ដែល​លោក​អញ្ជើញ​មក​ប្រទេស​កម្ពុជា​នេះ ​ក៏​ដើម្បី​ជួប​ជាមួយនឹង​ព្រះសង្ឃ​ខ្មែរ មួយចំនួន ដោយសារតែ​ព្រះសង្ឃ​កម្ពុជា មានបំណង​ចង់​និមន្ត ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ផ្នែក​ព្រះ​ពុទ្ធ​សា​សនា​។

​បន្ថែម​ពីលើ​នេះ ​ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ Lokesh Chandra ប្រធាន​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្ប​ធម៌ ឥណ្ឌា​ក៏​មាន​បំណង​ចង់​ឲ្យ​មាន​ការ​ធ្វើ​សន្ទានុ​ក្រម​ផ្នែក​វចនានុក្រម​អំពី​ពាក្យ​ហិណ្ឌូ ដែល​មាន​ពាក្យ​ណាខ្លះ​ដូច​នឹង​ភាសា​ខ្មែរ​ ដែល​អាច​ប្រើប្រាស់​បាន​ជាមួយ​នឹង​ឥណ្ឌា​។​

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌា ដោ​យ​សារ​ឥណ្ឌា កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ជា​យូរ​មក​ហើយ​។ ​ទន្ទឹម​នឹង​នេះ​ ឥណ្ឌា​ជា​សហ​ប្រធាន​នៃ​គណៈកម្មការ​សម្របសម្រួល​នៃ​កិច្ចការ​អភិរក្ស​ និង​ជួសជុល​ប្រាសាទព្រះវិហារ ជាមួយ​នឹ​ង​ភាគី​ចិន​ថែមទៀត​។ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន​បាន​ចែករំលែក​បទពិសោធន៍​ដ៏​ជោគ​ជ័​យ​របស់​កម្ពុជា​ទាក់ទង​នឹង​ការ​អភិរក្ស ថែរក្សា​ប្រាង្គ​ប្រាសាទបុរាណ​អង្គរ សៀមរាប​ ​ព្រះវិហារ និង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សំបូរ​បែប​ជូន​ដល់​ឯកឧត្តម បណ្ឌិត​សាស្ត្រាចារ្យ Lokesh Chandra បាន​ជ្រាប​បន្ថែម​ទៀត​ផង​។​

គួរ​រំលឹក​ថា​ ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ Lokesh Chandra គឺជា​សាស្ត្រាចារ្យ​ ដែល​មាន​បទពិសោធន៍​ទាំង​បាលី ​និង​សំស្ក្រឹត ក៏ដូចជា​ផ្នែក​វប្បធម៌​នៅ​អាស៊ី ឯកឧត្តម​មាន​ចំណេះ​ដឹង​ទូលំទូលាយ​លើ​ការ​សិក្សា​ស្វែងយល់​ខ្ពស់​លើ​ភាសាបាលី ភាសា​សំស្ក្រឹត ឥណ្ឌា ក្រិក ឡាតាំង ចិន ជប៉ុន​។

​ឯកឧត្តម បណ្ឌិត​សាស្ត្រាចារ្យ Lokesh Chandra បាន​សរសេរ​សៀវភៅ​ជាច្រើន​ទាក់ទង​នឹង​អក្សរ​សា​ស្ត្រ ប្រវត្តិសាស្ត្រ​ទី​បេ និង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ទៀត​នៅក្នុង​តំបន់​អាស៊ី​ដែល​ស្នាដៃ​របស់​លោក​មា​ន​ប្រមាណ​ជា​៥៩៦​ក្បាល​។ ​បច្ចុប្បន្ន​ឯកឧត្តម បណ្ឌិត​សាស្ត្រាចារ្យ Lokesh Chandra មាន​អាយុ​ឈាន​ចូល​៩០​ឆ្នាំ​ហើយ​៕

ឥណ្ឌា កម្ពុជា ជំរុញ​រួមគ្នា​ក្នុង​ការ​ទាក់ទាញ ​ដល់​វិស័យ​ទេសចរណ៍​