ផ្សោត​២​ក្បាល​បាន​បាត់​ជីវិត ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៦

​សត្វ​ផ្សោត​ទន្លេមេគង្គ​មួយ​ក្បាល​ទៀត ត្រូវបាន​ក្រុម​កា​ងារ​អភិរក្ស​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​ធនធានធម្មជាតិ​(WWF) បាន​ប្រទះឃើញ​ងាប់​ដោយ​ជាប់​មង នៅ​ថ្ងៃទី​១០ ខែឧសភា សត្វ​ផ្សោត​ដែល​ស្លាប់​នេះ  ជា​ផ្សោត​ញី​មាន​ទំងន់​៨០​គីឡូក្រាម និង​មាន​ប្រវែង​១៨៣​សង់ទីម៉ែត្រ និង​ត្រូវបាន​ប្រទះឃើញ​នៅ​ចំណុច​អន្លង់​កោះ​ផ្តៅ ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។

​លោក ឈិ​ត សំអាត ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១១​ខែឧសភា​នេះ​ថា នៅក្នុង​ឆ្នាំ​២០១៦​នេះ មាន​សត្វ​ផ្សោត​២​ក្បាល​ហើយ ដែល​បាន​ស្លាប់​។ លោក​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​សត្វ​ផ្សោត​ទឹកសាប​ដ៏​កម្រ​ជា​បន្តបន្ទាប់​នេះ​។

​ក្រៅពី​ការនេសាទ​ខុសច្បាប់ ការប្រែប្រួល​ប្រព័ន្ធ​អេកូឡូស៊ី និង​ទឹក​កខ្វក់ ព្រមទាំង​កត្តា​អាកាសធាតុ​ក្តៅ​ហួតហែង​ដូច​បច្ចុប្បន្ន ក៏​កំពុង​គំរាមកំហែង​ដល់​សត្វ​ផ្សោត​ដែរ​។ នេះ​ជាការ​បន្ថែម​របស់ លោក ឈិ​ត សំអាត ទន្ទឹមនឹង​ការអំពាវនាវ​ឲ្យ​សាធារណជន ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋា​ន និង​ប្រជាពលរដ្ឋ ឲ្យ​យកចិត្តទុកដាក់ ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ដែលជា​សត្វ​កម្រ​ជិត​ផុត​ពូជ និង​ជា​បេតិកភណ្ឌ​មានជីវិត​ក្នុង​ពិភពលោក​មួយ​នេះ​។​

​សូមបញ្ជាក់ថា សត្វ​ផ្សោត​ត្រូវបាន​អង្គការ IUCN ចាត់ថ្នាក់​ជាស​ត្វ​កម្រ​ជិត​ផុត​ពូជ​ក្នុង​ពិភពលោក​។ នៅ​កម្ពុជា​សត្វ​ផ្សោត គឺជា​បេតិកភណ្ឌ​មានជីវិត​មួយ ដែល​កំពុង​ទាក់​ទាញយក​ទេសចរណ៍​យ៉ាងច្រើន ផ្តល់​ការងារ និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​៕