លោក​អះ​ម៉ាត់​យ៉ះ​យ៉ា ​ចូល​តុលាការ​ឆ្លើយ​បំភ្លឺ​បណ្ដឹង​បរិហារកេរ្តិ៍​អូស្មាន​ហាស្សាន់

លោក​អះ​ម៉ាត់​យ៉ះ​យ៉ា ​ចូល​តុលាការ​ឆ្លើយ​បំភ្លឺ​បណ្ដឹង​បរិហារកេរ្តិ៍​អូស្មាន​ហាស្សាន់



ភ្នំពេញ ​៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ​ខែ​ឧសភា ឆ្នាំ​២០១៦ លោក​អះ​ម៉ាត់​យ៉ះ​យ៉ា ប្រធាន​សមាគម​ឥស្លាម​កម្ពុជា បាន​ចូល​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍​លោក​ឧកញ៉ា​អូស្មាន​ហាស្សាន់ ពាក់ព័ន្ធ​នឹង​ករណី​កាត់​ដី​វិហារ​​ឥស្លាម​បឹង​កក់​ធ្វើ​ផ្លូវ។

ពាក់ព័ន្ធ​ករណី​នេះ​ លោក​អះ​ម៉ាត់​យ៉ះ​យ៉ា​ បាន​ផ្ដល់​បទ​សម្ភាស​ដល់​អ្នកកាសែត​នៅ​ព្រលប់​ថ្ងៃ​ទី​១០ ​ខែ​ឧសភា​ថា លោក​ឧកញ៉ា​អូស្មាន​ហាស្សាន់​ បាន​ប្ដឹង​រូបលោក​ពី​បទ​បរិហារកេរ្តិ៍​ ក្រោយ​ពី​គាត់​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​ ជុំវិញ​ការ​ពុះ​ច្រៀក​ដី​វិហារ​ឥស្លាម​បឹង​កក់​ធ្វើ​ផ្លូវ។

លោក អះ​ម៉ាត់​យ៉ះ​យ៉ា បាន​បញ្ជាក់​ថា ដី​វិហារ​ឥស្លាម​បឹង​កក់ ត្រូវ​បាន​អតីត​ព្រះ​បរមកោដ្ឋ​សម្ដេច​សីហនុ ព្រះ​ប្រទាន​វិញ​ឲ្យ​ធ្វើជា​ព្រះវិហារ​តាំងពី​ឆ្នាំ ១៩៩២ ហើយ​មុន​នឹង​លោកតា​ម៉ាត់​លី ស្លាប់ បាន​ធ្វើ​ប្លង់​ឲ្យ​មក​ខាង​សមាគម​ខ្មែរ​ឥស្លាម​កម្ពុជា។ លុះ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​០៥ ០៦​ កក្កដា ឆ្នាំ​១៩៩៧ សម្ដេច​ហ៊ុន សែន បាន​ប្រគល់​វិហារ​ហ្នឹង​តាមរយៈ​ លោក​អូ ស្មាន​ហាស្សាន់ ហើយ​ដី​មួយ​ចំណែក​ទៀត​អូស្មាន​ហាស្សាន់​គាត់​យក​ទៅ​ធ្វើ​ប្លង់​មូលនិធិ​របស់​គាត់ បណ្ដាល​ឲ្យ​មាន​ចម្រូងចម្រាស​គ្នា គឺ​ដី​សមាគម​ឥស្លាម​កម្ពុជា​ផង និង​ដី​របស់​មូលនិធិ​ផង។ ចំពោះ​លិខិតស្នាម​កាន់កាប់​ជា​កម្មសិទ្ធិ​របស់​សមាគម​វ៉ាន់ ម៉ាត់ របស់​មូលនិធិ​អូស្មាន​ហាស្សាន់ ប៉ុន្តែ​គាត់​គ្រាន់តែ​ឈរឈ្មោះ​ទេ។ តែ​វា​មិន​ត្រឹមត្រូវ​ទៅទៀត ​ដែល​ឈរ​ឈ្មោះ​ដូច​អូស្មាន​ហាស្សាន់ ព្រោះ​តាមពិត​ទៅ​ត្រូវ​ប្រគល់​ឲ្យ​វ៉ាន់ ម៉ាត់ ឈរ​ឈ្មោះ ​ទើប​ត្រឹមត្រូវ ព្រោះ​ជា​ដី​ព្រះវិហារ ប៉ុន្តែ​គេ​ចង់​ដោះដូរ​ដើម្បី​បាន​ផល​ប្រយោជន៍​ដោយសារ​ដី​នោះ ​គេ​ចង់​ធ្វើ​ផ្ទះ​ ចង់​ធ្វើ​ខុន​ដូ ជាដើម។

លោក​អះ​ម៉ាត់​យ៉ះ​យ៉ា បាន​អះអាង​ទៀតថា ដោយសារតែ​ការផ្ដល់​បទ​សម្ភាសន៍​ និង​ចង់​ការពារ​ផលប្រយោជន៍​សមាគម​ឥស្លាម​កម្ពុជា​នេះ​ហើយ​ ទើប​លោក​អូស្មាន​ហាស្សាន់​ប្ដឹង​រូប​គាត់​មក​តុលាការ៕