នយោបាយ​ឧស្សាហកម្ម​ធ្យូងថ្ម ធ្វើ​ឲ្យ ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចាញ់​នៅ​រដ្ឋ West Virginia

​បញ្ហា​សេដ្ឋកិច្ច និង​គោលនយោបាយ​ឧស្សាហកម្ម​ធ្យូងថ្ម​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានធ្វើ​ឲ្យ​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ West Virginia ងាក​ទៅ​បោះឆ្នោត​គាំទ្រ​លោក ប៊ែ​នី សេន​ដឺ វិញ​នៅ​ថ្ងៃ​អង្គារ​ទី ១០ ខែឧសភា​ម្សិលមិញ​នេះ​។ ជ័យជម្នះ​របស់​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont នេះ​ក៏​ពន្យឺតដំណើរ​ឆ្ពោះទៅរក​ការតែងតាំង​ពី​បក្ស​របស់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ផងដែរ​។
 

​លទ្ធផល​បោះឆ្នោត​សាកល្បង​ក្នុង​រដ្ឋ West Virginia នៅ​ថ្ងៃ អង្គារ​ទី ១០​ឧសភា បង្ហាញថា លោក ប៊ែ​នី សេន​ដឺ បាន​ផ្តួល​គូប្រជែង​លោក​គឺ លោកស្រី​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​។ សមាជិក​ព្រឹទ្ធសភា​រូបនេះ​បាន​ដណ្តើមយក​សំឡេងឆ្នោត​រហូតដល់ ៥១.៣​ភាគរយ ស្រប​ពេលដែល​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន បានទទួល​សំឡេងគាំទ្រ​ត្រឹម ៣៦.៣ ភាគរយ​ប៉ុណ្ណោះ​។​

​តាមពិតទៅ បរាជ័យ​របស់លោក​ស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​នៅ​រដ្ឋ West Virginia បណ្តាលមកពី​បញ្ហា​ធំៗ​មួយចំនួន​។​ក្នុង​បញ្ហា​នោះ​មាន​បញ្ហាលំបាក​ផ្នែក​សេដ្ឋកិច្ច​និង​គោលនយោបាយ​របស់លោក​សម្រាប់​ឧស្សាហកម្ម​ធ្យូងថ្ម​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកបោះឆ្នោត​ក្នុង​រដ្ឋ West Virginia ភាគច្រើន​ងាក​ទៅ​បោះឆ្នោត​គាំទ្រ​លោក ប៊ែ​នី សេន​ដឺ វិញ ដោយសារតែ​ពួកគេ​បារម្ភ​ពី​គោលនយោបាយ​ឧស្សាហកម្ម​របស់លោក​ស្រី គ្លី​ន​តុ​ន ដែល​នឹងធ្វើ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​រដ្ឋ​របស់ខ្លួន​ផ្លាស់ប្តូរ​នៅក្នុង​រយៈពេល ពីរ​ទៅ​បី​ឆ្នាំ​ទៀត​។​

​នេះ​ក៏​ព្រោះថា កាលពី​ខែមីនា​កន្លងទៅ អតីត​រដ្ឋលេខាធិការ​ក្រសួងការបរទេស​លោក​ខាងលើ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​លោកស្រី​ក្នុង​រដ្ឋ Ohio ថា សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​បញ្ឈប់​ឧស្សាហកម្ម​ធ្យូងថ្ម​និង​ក្រុមហ៊ុន​ធ្យូងថ្ម​ភាគច្រើន ក្នុងករណី​លោកស្រី​ជាប់ឆ្នោត​។ គោលនយោបាយ​លោកស្រី​នេះ វា​បាន​បង្កើត​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​ប្រជាជន​នៅ​រដ្ឋ Virginia ព្រោះ​រដ្ឋ​នេះ​ពឹងផ្អែក​សំខាន់​លើ​ឧស្សាហកម្ម​ធ្យូងថ្ម​នេះឯង​។

 តែ​កាលពី​សប្តាហ៍​មុន​លោកស្រី បានចេញ​សុំ​អភ័យទោស​ប្រជាជន​នៅ​រដ្ឋ Ohio និង រដ្ឋ West Virginia ចំពោះ​ការលើកឡើង​របស់លោក​ស្រី​ដែល​ចង់​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឧស្សាហកម្ម​ធ្យូងថ្ម និង​ដែកថែប​នោះ​។ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ពន្យល់ថា ការលើកឡើង​របស់លោក​ស្រី​កន្លងមក ជា​ផ្នែក​មួយ​នៃ​ផែនការ​សម្រាប់​ជួយ​អ្នកបម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ធ្យូងថ្ម​ឲ្យ​រៀនសូត្រ​ពី​ការងារ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​ប៉ុណ្ណោះ​។​

​បរាជ័យ​របស់លោក​ស្រី ពេលនេះ ហាក់បីដូចជា​ពន្យឺតកា​រ​ឈាន​ឆ្ពោះទៅរក​ការតែងតាំង​ពី​បក្ស​នៅក្នុង​សមាជ​ខែកក្កដា​ខាងមុខ​។ ហើយ​វា​ក៏​បង្ហាញ​ពី​សន្ទុះ​របស់​គូប្រជែង​លោកស្រី​ផងដែរ ក្នុងការ​ដណ្តើមយក​សំឡេងគាំទ្រ​និង​អ្នកតំណាង​ដែល​នៅ​សេសសល់​។​

​ក្នុង​បក្ស​ប្រជាធិបតេយ្យ ដើម្បី​បានទទួល​ការតែងតាំង​ពី​គណបក្ស បេក្ខជន​ត្រូវ​រក​អ្នកតំណាង​ឲ្យ​ចំនួន ២៣៨៣ នាក់​។ បច្ចុប្បន្ននេះ​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន បានទទួល​អ្នកតំណាង​សរុប​ចំនួន ២២៣៩ រួ​ទៅហើយ​ក្នុងនោះ​មាន​អ្នកតំណាង​ដែលជា​ក្រុម​អភិជន​សមាជិក​បក្ស​ប្រជាធិបតេយ្យ (Super Delegate) ចំនួន ៥២៣​នាក់​ផង​។ តែ​លោក ប៊ែ​នី សេន​ដឺ ទើបបាន​ទទួល ១៤៣០ នាក់​ប៉ុណ្ណោះ ហើយ​បួ​ក​ថែម ២៩​នាក់​ទៀត​សម្រាប់​ជ័យជម្នះ​ក្នុង​រដ្ឋ West Virginia ម្សិលមិញ​៕