ថ្ងៃ​ទី​១៧​ឧសភា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន​

ថ្ងៃ​ទី​១៧​ឧសភា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន​



ភ្នំពេញ​ ៖ មន្ត្រី​សាលាឧទ្ធរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​ជំនុំជម្រះ​ជា​អសាធារណៈ ចំពោះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

គួរ​រំលឹក​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុន​ហេង កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦ សម្រេច​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន។​

លោក អ៊ុំ សំអាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៦ ក្រោម​ការចោទប្រកាន់​ចំនួន​២​បទល្មើស គឺ​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ( បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៥ ​និង​៤៩៦​ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦។

បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ កំណត់​ការ​ផ្ដន្ទាទោស​ពី​៦​ខែ ​ទៅ​២​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ​ទៅ​៤​លាន​រៀល។

បទល្មើស​ញុះញង់​ឲ្យ​មានការ​រើសអើង កំណត់​ការ​ផ្ដន្ទាទោស​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ​ទៅ​៦​លាន​រៀល។

ពាក់ព័ន្ធ​ករណី​នេះ ទាំង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​អ្នកនាំពាក្យ​រដ្ឋសភា​បញ្ជាក់​ដូចគ្នា​ថា ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន គឺ​ដោយសារ​ការប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង ដែល​ធ្វើឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ជា​ធរមាន៕
ថ្ងៃ​ទី​១៧​ឧសភា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន​

ថ្ងៃ​ទី​១៧​ឧសភា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន​