ពុទ្ធិក​សាកលវិទ្យាល័យ “ព្រះសីហនុ​រាជ” ​ប្រារព្ធ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៦-២០១៧

ពុទ្ធិក​សាកលវិទ្យាល័យ “ព្រះសីហនុ​រាជ” ​ប្រារព្ធ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៦-២០១៧



​ភ្នំពេញ ​៖ នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុ​រាជ បាន​ប្រារព្ធ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៦- ២០១៧ ដើម្បី​បន្ត​ការបណ្ដុះបណ្ដាល​ឆ្នាំ​សិក្សា​ថ្មី ដល់​បណ្ដា​សមណ​សិស្ស​-​និស្សិត ក្នុង​គោលបំណង​រួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ឲ្យ​កាន់​រីកចម្រើន​តទៅទៀត ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ​។

ពិធី​ប្រារព្ធ​បើក​បវេសនកាល​ថ្មី​នេះ ត្រូវ​បាន​ធ្វើឡើង​ក្រោម​សហ​ព្រះអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស និង សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត​។​

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា​ថា ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដំបូង​គេ​នៅ​កម្ពុជា និង​ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែល​មាន​វ័យ​ចំណាស់​ទី​២ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដូច្នេះ​តាមរយៈ​បទពិសោធន៍​ដ៏​យូរលង់​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ប្រកបដោយ​គុណភាព និង ជោគ​ជ័យ​របស់​ខ្លួន​​។

លោក​បាន​បន្តថា កាលពីពេល​ថ្មីៗ​នេះ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បានចេញ​សេចក្ដីជូនដំណឹង​សិក្សា​ពិសេស ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ តម្លៃ​ត្រឹមតែ​៤៥០​ដុល្លារ​ប៉ុណ្ណោះ ​ក្នុង​មួយ​ឆ្នាំ ដែល​ផ្តោត​លើ​ឯកទេស​៣​សំខាន់ ដូចជា ទស្សនវិជ្ជា​, អក្សរសាស្ត្រ​ខ្មែរ​, គ្រប់គ្រង​អប់រំ។

ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៦-២០១៧​នេះ​ ក៏​មាន​ការ​ចូលរួម​ពី​សម្តេច​ព្រះ​ពោធិ​វង្ស អំ លឹម​ហេង លោក ណា​វីន ស្រី​វ៉ា​ស្តា​វ៉ា ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា លោក​មហា​បណ្ឌិត​សាស្ត្រាចារ្យ លោកេស ច​ន្ត្រា នាយក​សាកលវិទ្យាល័យ​ញូ​ដា​លី (​ប្រទេស​ឥណ្ឌា​) ព្រមទាំង​មន្ត្រី​សង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យ សមណ​និស្សិត​-​និស្សិត​ទាំងអស់​សរុប​ប្រមាណ​២៥០​រូប​៕