ទូត​អាមេរិក​បដិសេធ​ការ​អំពាវនាវ​ឲ្យ​មាន​យុទ្ធនាការ​អាវ​ខ្មៅ​ តែ​គាំទ្រ​សកម្មភាព​ក្រុម​សង្គម​ស៊ីវិល​

ទូត​អាមេរិក​បដិសេធ​ការ​អំពាវនាវ​ឲ្យ​មាន​យុទ្ធនាការ​អាវ​ខ្មៅ​ តែ​គាំទ្រ​សកម្មភាព​ក្រុម​សង្គម​ស៊ីវិល​



ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក វីល្លៀម ហេ​ត (William A. Heidt) បាន​អះអាងថា លោក​មិនបាន​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​ប្រជាពលរដ្ឋ​ពាក់អាវ​ពណ៌​ខ្មៅ​នោះ​ទេ ប៉ុន្តែ​លោក​បាន​អះអាងថា លោក​គាំទ្រ​សកម្មភាព​របស់​សង្គម​ស៊ីវិល។ ការអះអាង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិ​បត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​ករបរ​ទេស។

លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ជម្រាប​ជូន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អំពី​បំណង​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ដែល​ក្នុង​នោះ​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច វិនិយោគទុន ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម ផ្នែក​ទេសចរណ៍ និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។

ចំណែក​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​រួមវិភាគទាន​ដោយ​ផ្ទាល់​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​អាមេរិក ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ហើយ​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ទាំង​ការ​រីកចម្រើន​នៅ​ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន ទេសចរណ៍ សហប្រតិបត្តិការ​លើ​ផ្នែក​យោធា ដែល​លោក​បាន​បញ្ជាក់​ថា ចាប់ពី​ឆ្នាំ​២០១០ មក​មាន​សមយុទ្ធ​យោធា​រវាង​កម្ពុជា និង​អាមេរិក​។

ជា​មួយគ្នានេះ លោក ប្រាក់ សុខុន បានលើកឡើង​ពី​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​កាល​ពីដើមឆ្នាំ​២០១៦ ក៏​ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​លោក John Krrey ព្រមទាំង​លោកជំទាវ​ទី​១ អូ​បា​ម៉ា និង​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត ហើយ​ភាគី​ទាំងពីរ​ក៏​បាន​ឯក​គ្នា​ក្នុង​ប្រយុទ្ធប្រឆាំង និង​គ្រឿងញៀន និង​ការ​រត់ពន្ធ​មនុស្ស​ផង​ដែរ​។ ចំណែក​ទាក់ទង​និង​ការ​វិនិយោគ លោក ប្រាក់ សុខុន ក៏​បាន​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើការ​សិក្សា​លើ​សេចក្តីព្រាង​កិច្ច​ព្រមព្រាង​វិនិយោគទុន​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​នាពេលខាងមុខ។

ឆ្លើយតប​អ្នក​សា​ព័ត៌មាន​ពី​បញ្ហា​មួយ​ចំនួន ​ដែល​បាន​លើក​ឡើងថា ឯកអគ្គរដ្ឋទូត​អាមេរិក​អាមេរិក បាន​ជាប់​ពាក់ព័ន្ធ​និង​ការ​ការ​ធ្វើ​យ​យុទ្ធនាការ​បដិវត្តន៍​ពាក់អាវ​ពណ៌​ខ្មៅ​របស់​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​ប្រជាពលរដ្ឋ​នោះ លោក William A. Heidt បាន​លើក​ឡើងថា យុទ្ធនាការ​បដិវត្តន៍​ពាក់អាវ​ពណ៌​ខ្មៅ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ នោះ ទូត​អាមេរិក​មិនបាន​អំពាវនាវ​ឲ្យ​ធ្វើ​យ​យុទ្ធនាការ​នេះ​ទេ ហើយ​មិន​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផ្សាយ​នោះទេ​។

លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​នោះ ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​លើកឡើង​ថា មានការ​ផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា​ថា ទូត​អាមេរិក​មានការ​រៀបចំ​ជំនួប​មួយ​ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ហើយ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ជំនួប​នោះ​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​អំពាវនាវ​រៀបចំ​យុទ្ធនាការ​ស្លៀកពាក់​ពណ៌​ខ្មៅ​នៅ​រាល់ថ្ងៃ​ច័ន្ទ​។ លោក​បន្តថា ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​បញ្ជាក់ថា គឺមាន​ការ​ជួបជុំ​រវាង​ឯកអគ្គរដ្ឋទូត​អាមេរិក​ជាមួយនិង​អង្គការក្រៅរដ្ឋាភិបាល គឺមាន​ពិតប្រាកដ​មែន ហើយ​នេះ​ជា​សកម្មភាព​ការ​ផ្សាភ្ជាប់​គ្នា​រវាង​ទូត​អាមេរិក​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​បដិសេធ​ដាច់ខាត​ថា គឺ​អាមេរិក​អត់​មានបាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ពណ៌​ខ្មៅ​នៅ​ថ្ងៃ​ច័ន្ទ​នោះ​ទេ អាមេរិក​ដឹង​ថា អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ​។​

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន លោក វីល្លៀម ហេ​ត (William A. Heidt) អះអាងថា ជំនួប​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ផ្លែផ្កា និង​ស្វគម​ន៍​ចំពោះ​កា​ឡើងជា​រដ្ឋមន្ត្រីការបរទេស​របស់​លោក ប្រាក់ សុខុន ពីព្រោះ​លោក​មាន​ទំនាក់ទំនង​ល្អ​តាំងពី​លោក ប្រាក់ សុខុន នៅ​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ម្លេះ ហើយ​នៅក្នុង​ជំនួប​នោះ លោក​ក៏​បាន​ពិភាក្សា​ពី​កិច្ច​សហ​ប្រប​ត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ពី​បញ្ហា​ជំនួយ និង​បញ្ហា​យោធា​ផង​ដែរ​។

លោក William A. Heidt លើកឡើង​ដែរ​ថា អាមេរិក​បាន​គាំទ្រ​សង្គម​ស៊ីវិល ហើយ​នៅ​ក្នុង​ជំនួប​នោះ ក្រៅពី​បញ្ហា​ខាងលើ ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ ពី​បញ្ហា​នយោបាយ​បច្ចុប្បន្ន និង​បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​គាំទ្រ​សង្គម​ស៊ីវិល​តាំងពី​ឆ្នាំ​១៩៩៣ មក ហើយ​អាមេរិក​បាន​ជួយ​ដល់​ការងារ NGO និង​សកម្មភាព​ចូលរៀន​របស់​យុវជន​នៅ​តាម​សាលា និង​បាន​គាំទ្រ​សង្គម​ស៊ីវិល ដែល​បាន​ធ្វើការ​អភិវឌ្ឍន៍​ប្រទេសជាតិ និង​សង្ឃឹមថា សង្គម​ស៊ីវិល​នឹងធ្វើ​ការងារ​ដ៏​ល្អ​នេះ​តទៅទៀត​៕
ទូត​អាមេរិក​បដិសេធ​ការ​អំពាវនាវ​ឲ្យ​មាន​យុទ្ធនាការ​អាវ​ខ្មៅ​ តែ​គាំទ្រ​សកម្មភាព​ក្រុម​សង្គម​ស៊ីវិល​

ទូត​អាមេរិក​បដិសេធ​ការ​អំពាវនាវ​ឲ្យ​មាន​យុទ្ធនាការ​អាវ​ខ្មៅ​ តែ​គាំទ្រ​សកម្មភាព​ក្រុម​សង្គម​ស៊ីវិល​