ប្រជាពលរដ្ឋ​៤៧​គ្រួសារ​ ដែល​បាត់បង់​ដី ​សុំ​ក្តី​មេត្តា​ពី​សម្ដេច​តេ​ជោ​

ប្រជាពលរដ្ឋ​៤៧​គ្រួសារ​ ដែល​បាត់បង់​ដី ​សុំ​ក្តី​មេត្តា​ពី​សម្ដេច​តេ​ជោ​



ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ព្រែក​ថ្មី ​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ​បាន​លើកដៃ​សំពះ​សុំ​ក្ដី​​​មេត្តា​ពី​ស​ម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​ក្នុង​ការ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​ព្រែក​ថ្មី​​ ​រំលោភ​យក​ទាំង​បំពាន​បើ​ទោះបី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​ដឹង​ឮ​ថា​ជា​ដី​របស់​ប្រជាពលរដ្ឋ​ក៏ដោយ​ តែ​ក្រុមហ៊ុន​មិន​សហការ​ជាមួយ​អាជ្ញាធរ​ឡើយ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ពួកគាត់​គឺ​សង្ឃឹម​ជឿជាក់​ថាបើ​រឿងរ៉ាវ​នេះ ​បានដឹង​ទៅដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នោះ​ សម្តេច​ពិតជា​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជា​​ពុំ​ខាន​ព្រោះ​ជានិច្ចកាល​សម្តេច​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ពី​សំណាក​អ្នក​មាន​អំណាច​នៅ​ទូទាំងប្រទេស​។​

ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ​បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា ដី​របស់​ពួកគាត់​ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​រំលោភ​យក​​ សរុប​​​មាន​ទំហំ​ជាង​១៦​ហិកតារ​ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ​ដីស្រែ​របស់​ពួក​បាន​បង្ក​បង្កើន​ផល​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ​ ដោយមាន​អាជ្ញាធរ​សម័យ​រដ្ឋ​កម្ពុជា​ដឹងឮ​ហើយ​ពួកគាត់​បានធ្វើ​ស្រែ​ជា​រៀង​រហូត​មក។ លុះ​ដល់​ ឆ្នាំ​២០០៧​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​បាន​ទៅ​ធ្វើការ​អភិវឌ្ឍ​ ដោយមាន​អ្នក​កួកជេ​ចុះ​ទៅ​ទិញ​ដី​នៅ​ជុំវិញ​ដី​ ដែល​ប្រជាពលរដ្ឋ​៤៧​គ្រួសារ​កំពុង​បង្កបង្កើនផល​ ហើយ​អ្នក​កួកជេ​មិនបាន​មក​ជួប ​​​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ឡើយ។អ្វីដែល​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ​មានការ​ភ័យខ្លាច​ និង​នឹក​ដល់​កងទ័ព​ខ្មែរ​ក្រហម​ធ្វើ​មក​លើ​ប្រជាពលរដ្ឋ​នា​ថ្ងៃ​១៧​ ខែ​មេសា ​ឆ្នាំ​១៩៧៥នោះ​ គឺ​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​បាន​យក​កម្លាំង​ប្រដាប់​អាវុធ​មក​ធ្វើការ​ឡោម​ព័ទ្ធ​បង្ខិតបង្ខំ​ឲ្យ​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​លើ​ដី​បង្កបង្កើនផល​ឲ្យ​ចាកចេញ​ជាបន្ទាន់​បើ​ចង់​រស់។

ប្រជាពលរដ្ឋ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា​ ពួកគាត់​បាក់ស្បាត​តាំងពី​របប​ប៉ុលពត បាន​កាន់​អំណាច​កន្លងផុតទៅ​ មិនគួរណា​កើតមាន​ក្នុងសម័យ​នេះ​ជា​លើក​ទី​២​សោះ​ ប៉ុន្តែ​ពួកគាត់​ជឿជាក់ថា​ពុំ​មែនមាន​ការ​បញ្ជារ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​ឡើយ​គឺ​ផ្តើម​ឡើង​ដោយ​ក្រុមហ៊ុន​តែម្តង។

ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ​បាន​រៀបរាប់​ទៀត​ថា ​នៅ​ថ្ងៃ​ ដែល​ក្រុមហ៊ុន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​រំលោភបំពាន​នោះ​គឺ​អាជ្ញាធរ​សង្កាត់​ និង​ខណ្ឌ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះទៅ​សម្របសម្រួល ​និង​បាន​ស្តាប់​តាម​ការ​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​កាន់កាប់​នេះ​ដែរ​ ហើយ​ប្រជាពលរដ្ឋ​មិន​ចង់​ប្រឈមមុខ​នឹង​ការ​បង្ហូរ​ឈាម​ ក៏​សុខចិត្ត​ចាកចេញ​លើ​ដី​របស់​ខ្លួន​ទាំង​ទឹកភ្នែក​រាប់លាន​ដំណក់​ និង​រង់ចាំ​ការ​ដោះស្រាយ​ព្រោះ​ក្រុមហ៊ុន​សន្យា​ថា​ដោះស្រាយ​ ប៉ុន្តែ​ក្រុមហ៊ុន​​ពុំ​បាន​​រក្សា​សម្ដី​របស់​ខ្លួន​ឡើយ។

ទន្ទឹម​នឹង​នោះ​ដែរ ​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​លើ​ដី​របស់​ពួកគាត់​ដោយ​បាន​ជីក​គាស់​បង្គោល​ព្រំដី​របស់​ពួកគាត់​ថែម​ទៀត​ផង។ ដោយសារតែ​ការរំលោភ​បែប​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៤៧​គ្រួសារ​ សូម​សំពះ​សុំ​ក្តី​មេត្តា​ពី​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​សម្តេច​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ផង៕

​​​