ពលរដ្ឋ​មាន​ការ​​​ភ្ញាក់ផ្អើល​ ខណៈ​​ប្រទះឃើញ​ថ្ម​បុរាណ​៣​ដុំ​នៅ​កណ្ដាល​បឹង​ទន្លេសាប

ពលរដ្ឋ​មាន​ការ​​​ភ្ញាក់ផ្អើល​ ខណៈ​​ប្រទះឃើញ​ថ្ម​បុរាណ​៣​ដុំ​នៅ​កណ្ដាល​បឹង​ទន្លេសាប



សៀមរាប​ ៖​ ពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ខណៈ​ពួកគាត់​ប្រទះ​​ឃើញ​ថ្ម​បុរាណ​៣​ដុំ​នៅ​កណ្ដាល​បឹង​ទន្លេសាប ​បន្ទាប់ពី​រីង​ទឹក​អស់​មួយ​ចំនួន​នោះ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ​កើតឡើង​ កាលពី​ថ្ងៃ​ទី​១០​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ត្រង់​ចំណុច​កណ្ដាល​បឹង​ទន្លេសាប ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ​​ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​នេះ​ថា ​៖​ ​​ប្រជាពលរដ្ឋ​​មាន​ការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​ ក្រោយ​ពី​​ឃើញ​ដុំ​ថ្ម​ផុស​នៅ​កណ្ដាល​បឹង​ទន្លេសាប​ចំនួន​៣​ដុំ​ជិត​គ្នា​ ដោយ​១​ដុំ​មាន​បណ្ដោយ​៣.៧០​ម៉ែត្រ​ ទទឹង​១.២០​ម៉ែត្រ ​ជា​ប្រភេទ​ថ្ម​រលីង​ធម្មតា​នៅ​ខាងត្បូង​ភូមិ​មាត់​ខ្លា​ជាប់​ព្រំប្រទល់​ខេត្ត​ពោធិ៍សាត់។ លោក​បន្ត​ថា ​៖​ ដោយមាន​ស្ថាន​ទឹក​បឹង​ទន្លេសាប​រីង​ហួតហែង​ខ្លាំង​ ទើប​ប្រជាពលរដ្ឋ​ប្រទះឃើញ​ ហើយ​ផ្អើល​​​ទៅ​មើល​យ៉ាង​ដូច្នេះ។

លោក​បន្ថែម​ថា ថ្ម​ទាំង​នោះ​មិន​ត្រូវ​បាន​នាំ​យក​ទៅ​ទីណា​នោះ​ទេ ដោយសារ​វា​មាន​ទម្ងន់​ធ្ងន់​ពេក ​ហើយ​លោក​ក៏បាន​ឲ្យ​អ្នកភូមិ​នៅ​ទីនោះ​ជួយ​ថែរក្សា​ផង​ដែរ។ ទោះ​យ៉ាង​ណា​គេ​នៅ​មិនទាន់​ដឹង​ពី​ចំណាត់​ការ​បន្ត​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅឡើយ៕
ពលរដ្ឋ​មាន​ការ​​​ភ្ញាក់ផ្អើល​ ខណៈ​​ប្រទះឃើញ​ថ្ម​បុរាណ​៣​ដុំ​នៅ​កណ្ដាល​បឹង​ទន្លេសាប