កង្វះ​ទឹក​និង​បច្ចេកទេស​ប៉ះពាល់​ដល់​អនាគត​កសិករ​ដាំ​ថ្នាំ​ជក់​នៅ​ខេត្ត​ត្បូងឃ្មុំ

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ឃុំ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ភាគ​ច្រើន​ប្រកប​របរ​ធ្វើ​ចម្ការ​ថ្នាំ​ជក់។ របរ​ធ្វើ​ចម្ការ​ថ្នាំ​ជក់ បាន​រលាយ​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ជីវិត​រស់នៅ​របស់​ប្រជា​កសិករ​នៅ​តំបន់​នេះ ដែល​បាន​ក្លាយ​ជា​ប្រពៃណី និង​ទំនៀមទម្លាប់​ទៅ​ហើយ។

ទំនៀមទម្លាប់​ធ្វើ​ចម្ការ​ថ្នាំ​ជក់ មាន​ពី​ដូនតា​ត​កូន​ត​ចៅ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ស្ទើរ​ពេញ​មួយ​ឆ្នាំ ពោល​គឺ​រយៈពេល​ចន្លោះ​ពី ៧​ខែ​ទៅ ៨​ខែ បន្ទាប់​ពី​ធ្វើ​ស្រែ​ហើយ កសិករ​នៅ​ឃុំ​ស្វាយឃ្លាំង នេះ ចំណាយ​ពេល​ថែទាំ​កូន​ថ្នាំ​រហូត​ដល់​ពេល​ស្លឹក​ថ្នាំ​ធំ​ធាត់ ដើម្បី​កាច់​យក​មក​ហាន់​ជា​សរសៃ​ឆ្មារៗ​ហាល​លើ​ភ្ជល់​សម្រាប់​ធ្វើ​ថ្នាំ​ជក់។

នៅ​ពេល​រដូវ​ទឹក​ស្រក កសិករ​នឹង​ជញ្ជូន​ចាន​ជញ្ជូន​ឆ្នាំង ហើយ​សង់​កូន​ខ្ទម​នៅ​លើ​កោះ ស្នាក់នៅ​ពេញ​មួយ​រដូវ​ធ្វើ​ចម្ការ​ថ្នាំ​ជក់។ ពេល​នោះ​ហើយ​ដែល​កោះ​ធ្លាប់​លិច​ទឹក​ល្ហល្ហាច​ដាច់​កន្ទុយ​ភ្នែក ក្លាយ​ជា​ភូមិករ​អ៊ូអរ​ព័ន្ធ​ដោយ​ចម្ការ​ថ្នាំ​ជក់​ពណ៌​ឡើង​ខៀវ​ស្រងាត់។

កសិករ​ម្នាក់ គឺ​លោកស្រី ទូច ស៊ីយេក វ័យ ៥៨​ឆ្នាំ ឲ្យ​ដឹង​ថា លោកស្រី​ប្រកប​របរ​ធ្វើ​ចម្ការ​ថ្នាំ​ជក់​នេះ​តាំង​ពី​គាត់​នៅ​វ័យ​ជំទង់​មក​ម្ល៉េះ។ រហូត​មក​ដល់​ពេល​នេះ លោកស្រី ស៊ីយេក បាន​ចំណាយ​ពេលវេលា​ជាង​ពាក់​កណ្ដាល​ជីវិត​ទៅ​ហើយ ដែល​គាត់​ចំណាយ​ពេល​រស់នៅ​ក្នុង​កូន​ខ្ទម​លើ​កោះ៖ «សប្បាយ​ពេល​បាន​ផល ផល​ដែល​បាន​ធ្វើ​អស់​រយៈពេល ៨​ខែ។ សប្បាយ​ចិត្ត​ពេល​បាន​គេ​មក​ទិញ (និយាយ​ហើយ​សើច)។ សប្បាយ​ចិត្ត​ហើយ​ពេល​ហ្នឹង»

ដំណាំ​ថ្នាំ​ជក់ ត្រូវ​បាន​ក្រសួង​កសិកម្ម ចាត់​ចូល​ក្នុង​ក្រុម​ប្រភេទ​ដំណាំ​ឧស្សាហកម្ម។

តួលេខ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បង្ហាញ​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ផ្ទៃ​ដី​ដាំ​ថ្នាំ​ជក់​ប្រមាណ ១​ម៉ឺន​ហិកតារ ដែល​មាន​ដាំ​ដុះ​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ក្រចេះ។

កសិករ​ម្នាក់​ទៀត គឺ​លោកស្រី ជឹង សុជាតិ ធ្វើ​ចម្ការ​ថ្នាំ​ជក់​ជាង ២០​ឆ្នាំ​មក​ហើយ។ លោកស្រី​រៀបរាប់​ថា ការ​ប្រកប​របរ​ដាំ​ថ្នាំ​ជក់ គឺ​ត្រូវ​ការ​ប្រើ​កម្លាំង ពេលវេលា និង​ដើម​ទុន​ច្រើន។ លោកស្រី​ថា ថវិកា​ដែល​បាន​មក​ពី​លក់​ស្រូវ ឬ​ធ្វើ​ការងារ​បន្ទាប់​បន្សំ​នានា ហើយ​ពេល​ខ្លះ​ត្រូវ​ខ្ចី​បុល​ប្រាក់​ពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ ត្រូវ​ដាក់​ទុន​លើ​ចម្ការ​ថ្នាំ

ពេល​រដូវ​ប្រមូល​ផល​ថ្នាំ​ជក់ គឺ​ក្នុង​ខែ​មីនា និង​ខែ​មេសា នឹង​មាន​ឈ្មួញ​កណ្ដាល​ទៅ​ទិញ​ថ្នាំ​ជក់​ពី​កសិករ​ដល់​ចម្ការ។ អ្នក​ខ្លះ​ដែល​ត្រូវ​ការ​ប្រាក់​បន្ទាន់​ដើម្បី​សង​គេ ឬ​មិន​ចង់​លក់​ពេល​ថ្នាំ​ជក់​ស្រក​គីឡូ នឹង​លក់​ភ្លាមៗ​បើ​ទោះ​ជា​មិន​អាច​បាន​ថ្លៃ​ក្ដី។

ឈ្មួញ​កណ្ដាល​ម្នាក់ គឺ​លោក វ៉ាន់ សេងថៃ ឲ្យ​ដឹង​ថា លោក​ទិញ​ថ្នាំ​ជក់​ពី​កសិករ​យក​មក​បត់​ជា​ដុំ ឬ​បាវ (១០​បាវ​ស្មើ ១​គីឡូក្រាម) ដើម្បី​បោះ​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត ដូចជា​ខេត្ត​ពោធិ៍សាត់ សៀមរាប និង​ខេត្ត​បាត់ដំបង៖ «ឲ្យ​តម្លៃ​តាម​គុណភាព​ដែរ។ ទី​មួយ គុណភាព​ខ្លាំង ឬ​ខ្សោយ។ ទី​ពីរ ថ្នាំ​សម្បូរ ឬ​ក្រ។ ពេល​មិន​សូវ​មាន បាន​ថ្លៃ។ ពេល​សម្បូរ ធូរ​ថ្លៃ ពេល​បាន​ផល​ច្រើន»

ការ​ដាំ​ដំណាំ​ថ្នាក់​ជក់ ត្រូវ​ការ​ការ​ថែទាំ​ដិតដល់​តាំង​ពី​ការ​បណ្ដុះ​កូន រហូត​ដល់​ពេល​ហាល​សរសៃ​ថ្នាំ។

អនុប្រធាន​ដេប៉ាតឺម៉ង់​ដំណាំ​ឧស្សាហកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក អ៊ីវ ភីរុណ ពន្យល់​ប្រាប់​ថា ដូច​ដំណាំ​ផ្សេង​ទៀត​ដែរ ថ្នាំ​ជក់​ត្រូវ​ការ​ទឹក​ស្រោចស្រព​ច្រើន៖ «ថ្នាំ​ជក់​ដាំ​នៅ​តាម​ដង​ទន្លេ​ផ្ទៃ​ដី​ដែល​លិច​ទឹក។ ដី​ដែល​លិច​ទឹក ធ្វើ​ឲ្យ​សន្លឹក​ថ្នាំ​មាន​គុណភាព​ខ្ពស់ ដោយសារ​ពេល​ទឹក​លិច​ចូល​មក ហើយ​ស្រក​ទៅ​វិញ ធ្វើ​ឲ្យ​ជំងឺ និង​សត្វ​ល្អិត​មួយ​ចំនួន​ងាប់ និង​ដាច់​វដ្ដ​ជីវិត។ វា​ត្រូវ​ការ​ស្រោចស្រព ត្រូវ​ការ​ធ្វើ​ស្មៅ គ្រៀវ​សន្លឹក​ថ្នាំ។ វា​មាន​ការងារ​ច្រើន​បើ​ប្រៀបធៀប​នឹង​ដំណាំ​ផ្សេង។ ដូច្នេះ កសិករ​ធ្វើ​ដំណាំ​ថ្នាំ​ជក់ ត្រូវ​ឧស្សាហ៍​ព្យាយាម»

ក៏ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៥ ទឹក​ទន្លេ​មេគង្គ​មិន​បាន​ជន់​លិច​កោះ​នៅ​មុខ​ឃុំ​ស្វាយឃ្លាំង នោះ​ទេ។ នេះ​មាន​ន័យ​ថា ដី​ល្បាប់​ក៏​មិន​បាន​ហូរ​មក​ស្រោចស្រព​ដី​ចម្ការ​ថ្នាំ​ដែរ។ នេះ​ហើយ​ជា​ឧបសគ្គ​របស់​កសិករ ដែល​ជួប​ប្រទះ​នៅ​ឆ្នាំ​នេះ។

បើ​ទោះ​ជា​មាន​ទន្លេ​មេគង្គ​ហូរ​កាត់​ក្ដី ក៏ប៉ុន្តែ​ដី​ចម្ការ​ជាច្រើន​នៅ​ឆ្ងាយ​ពី​ទន្លេ។ ខ្វះ​ប្រព័ន្ធ​ស្តុក និង​បង្ហូរ​ទឹក ជា​អ្វី​ដែល​កសិករ​អះអាង​ថា មាន​ទឹក តែ​នៅ​តែ​ខ្វះ​ទឹក។

លោកស្រី សុជាតិ រៀបរាប់​ថា លោកស្រី​ត្រូវ​ជីក​អណ្ដូងទឹក​នៅ​ក្បែរ​ចម្ការ ដើម្បី​ទាញ​យក​ទឹក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ស្រោចស្រព​ចម្ការ។ តែ​ប្រាក់​ដើម្បី​ជីក​អណ្ដូង និង​បូម​ទឹក​ពី​អណ្ដូង ជា​បញ្ហា​ចោទ៖ «វា​ឆ្ងាយ (ពី​ប្រភព​ទឹក) ពេល​ធ្វើ​ថ្នាំ​ទាល់​តែ​បូម និង​ដឹក​ទឹក បាន​ទឹក​យក​មក​ប្រើ វា​ឆ្ងាយ​ពី​ទន្លេ។ វា​មិន​ស្រួល នៅ​ជិត​ផង​ហ្នឹង។ អ្នក​ខ្លះ​មាន​ជិត​ដែរ តែ​ភាគ​តិច»

រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៥ បាន​អនុម័ត​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់ ដែល​ច្បាប់​នេះ​មាន​គោល​បំណង​ការពារ​សុខភាព​សាធារណៈ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ដែល​បណ្ដាល​មក​ពី​ផលិតផល​ថ្នាំ​ជក់។

លោក អ៊ីវ ភីរុណ អះអាង​ថា នា​ពេល​សព្វថ្ងៃ អគ្គនាយកដ្ឋាន​កសិកម្ម​គ្មាន​ផែនការ​លើក​ស្ទួយ និង​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ថ្នាំ​ជក់​នោះ​ទេ។ លោក​ថា ផ្ទៃ​ដី​ចម្ការ​ថ្នាំ​ជក់ នឹង​មិន​កើន​ឡើង​ទេ​សម្រាប់​ពេល​ខាង​មុខ។ លោក​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​កសិកម្ម​ត្រៀម​រៀបចំ​ជួយ​កសិករ​ដាំ​ថ្នាំ​ជក់​ដែល​ចង់​ផ្លាស់ប្ដូរ​មក​ដាំ​បន្លែ​ផ្លែ​ឈើ​វិញ ដូចជា ផ្ដល់​ជំនួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​ជួយ​សិក្សា​ទីផ្សារ​បន្លែ​ផ្លែ​ឈើ​ជូន​កសិករ៖ «ក្នុង​នាម​យើង​ជា​មន្ត្រី​កសិកម្ម​នៃ​ក្រសួង​កសិកម្ម ពិសេស​អគ្គនាយកដ្ឋាន​កសិកម្ម គឺ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ហ្នឹង។ ហេតុ​នេះ​ហើយ យើង​មាន​នាយកដ្ឋាន​មួយ គឺ​នាយកដ្ឋាន​សហគមន៍​កសិកម្ម គឺ​ដើម្បី​ចងក្រង​កសិករ​ដែល​គាត់​ចង់​ផ្លាស់​ប្ដូរ​ដំណាំ គាត់​អាច​ប្ដូរ​មុខ​ដំណាំ​ផ្សេង ហើយ​សម្រប​សម្រួល​ឲ្យ​មាន​ទីផ្សារ​ជូន​គាត់ តាម​រយៈ​ផលិតកម្ម​តាម​កិច្ចសន្យា ឬ contract farming គឺ​គាត់​បាន​ផលិតផល​ទៅ គឺ​មាន​ទីផ្សារ​ទិញ មាន​ក្រុមហ៊ុន​ណា​អាច​កែច្នៃ​ទិញ ទៅ​ធ្វើ​អ្វី​ទៀត ឬ​នាំ​ចេញ។ ចឹង​តាម​រយៈ​ការ​បង្កើត​សហគមន៍​កសិកម្ម ឬ​ផលិតកម្ម​តាម​កិច្ចសន្យា ធ្វើ​ឲ្យ​ផលិតផល​គាត់​មាន​ទីផ្សារ​ច្បាស់លាស់ តម្លៃ​ក៏​សមស្រប​ទៅ​តាម​ទីផ្សារ»

ក៏ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦ ប្រជា​កសិករ​នៅ​ឃុំ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ អះអាង​ថា ពួក​គាត់​មិន​ដែល​ឃើញ​តំណាង​ក្រសួង​កសិកម្ម ចុះ​មក​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​កសិកម្ម​អ្វី​នោះ​ឡើយ ហើយ​តម្លៃ​ទីផ្សារ​កសិកម្ម គឺ​អាស្រ័យ​លើ​មាត់​ឈ្មួញ​កណ្ដាល។

កសិករ​នៅ​ឃុំ​ស្វាយឃ្លាំង មួយ​ចំនួន ធ្លាប់​បាន​ប្ដូរ​ពី​ដាំ​ថ្នាំ​ជក់ មក​ដាំ​បន្លែ​ផ្លែ​ឈើ ក៏ប៉ុន្ដែ​កសិករ​លោក លឹម ប្រុស ឲ្យ​ដឹង​ថា លោក​ធ្លាប់​សាកល្បង​ដាំ​ម្ទេស​ដែរ ក៏ប៉ុន្តែ​ពេល​ប្រមូល​ផល​ហើយ គ្មាន​ទីផ្សារ ហើយ​លក់​បាន​ថោក បង្ខំ​ឲ្យ​លោក​ត្រឡប់​មក​ដាំ​ថ្នាំ​ជក់​វិញ៖ «ព្រោះ​អី​ធ្វើ​ម្ទេស​វា​មិន​ចំណេញ ព្រោះ​ជួល​វេរ​គេ (ឈ្នួល) ថ្លៃ ហើយ​សាំង​ទៅ​មក ២​លីត្រ វេរ​បេះ ១​គីឡូ ៥០០​(រៀល)។ ហើយ​ពេល​ខ្លះ មួយ​ថ្ងៃ​បាន​តែ ៣០​គីឡូ​ទេ។ ក្នុង ១០នាក់​បាន​តែ​ជាង ១​តោន​ទេ។ វា​មិន​ចំណេញ។ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ថ្នាំ (ជក់) វិញ។ ពេល​ផ្លាស់​ប្ដូរ វា​គ្រាន់​បើ​តិច គ្រាន់​បើ​ជាង​ម្ទេស​តិច»

កសិករ​ថ្នាំ​ជក់​ចាស់​វស្សា លោកស្រី ទូច ស៊ីយេក មាន​ប្រសាសន៍​ថា ជីវិត​គ្រួសារ​លោកស្រី​មិន​អាច​រស់​បាន​ទេ បើ​សិន​ជា​ផ្លាស់ប្ដូរ​ទៅ​ធ្វើ​ចម្ការ​បន្លែ ឬ​ផ្លែ​ឈើ​វិញ៖ «ប្រជាជន​មិន​សូវ​គិត​ទេ​កម្លាំង ហត់ៗ​ទៅ​ឲ្យ​តែ​បាន បាន​ចំណេញ​ខ្លះ​ទៅ។ ទៅ​ដាំ​បន្លែ​ហ្នឹង​ដឹង​តែ​អត់​ចង់​ម្ដង​ហើយ! អត់​សូវ​ចង់ ព្រោះ​អត់​សូវ​បាន​លក់​បាន​ថ្លៃ (បន្លែ)។ មិន​សូវ​ចង់​ទេ និយាយ​ទៅ! ដាំ​វា​អត់​សូវ​កើត​បាន​ផល។ អត់​ចង់​ទេ! ចង់​ដាំ​តែ​ថ្នាំ (ជក់)។ ម៉េច​ម៉ា​បាន​ហូប​ខ្លះ អា​ហ្នឹង។ បាន​ចំណេញ​ខ្លះ។ បន្លែ​ហ្នឹង​ដឹង​តែ​មិន​រួច​ខ្លួន​ហើយ។ អត់​ចង់​វិញ»

ជីវិត និង​វាសនា​របស់​ប្រជា​កសិករ​ជាច្រើន នឹង​ពឹង​អាស្រ័យ​លើ​គោល​នយោបាយ​ទឹក និង​កសិកម្ម​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។