លោក ហ៊ុន សែន ប្រកាស​ដាក់​ដេញ​ថ្លៃ​ឈើ​រឹប​អូស​បានជាង ៧ ម៉ឺន​ម៉ែត្រ​គូប

ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានប្រកាសថា ឈើជាង ៧ ម៉ឺនម៉ែត្រគូប ដែលរឹបអូសយកបាន ក្នុងការបង្រ្កាបនាពេលថ្មីៗនេះលើការកាប់ឈើខុសច្បាប់ នៅតាមខេត្តភាគខាងកើត ត្រូវបានសម្រេចដាក់ដេញថ្លៃជាសាធារណៈ សម្រាប់ទីផ្សារក្នុងស្រុក។

ក្នុងអំឡុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាលសន្និសីទ កោះពេជ្រ លោកនាយករដ្ឋមន្រ្តីបានថ្លែងថា៖ «ក្នុងនាមនាយករដ្ឋមន្រ្តី បានពិនិត្យឃើញថា វាលំបាកណាស់ … ឈើមួយចំនួនមិនបានយកចេញពីព្រៃទេ ហើយវានឹងងាប់ [បើ] គ្រូត្រូវដឹកឈើ ដូច្នេះខ្ញុំឯកភាពនឹង [ក្រសួងអប់រំ] ដោយសារតែមានអ្នកប្រើប្រាស់ក្នុងស្រុកច្រើនផងដែរ។ ដូច្នេះ បង្កើតគណៈកម្មាធិការដាក់ដេញថ្លៃ ប្រើប្រាស់ក្នុងប្រទេស មិនសម្រាប់នាំចេញទេ»។

លោកបានបន្ថែមថា ថវិកាបានមកពីការដេញថ្លៃនេះ នឹងដាក់បញ្ចូលក្នុងវិស័យអប់រំ ដោយប្រើថវិកានេះទៅទិញឈើ សម្រាប់សាងសង់សាលារៀន និងផ្ទះឲ្យគ្រូបង្រៀន។

កាលពីខែមករា ឆ្នាំនេះ លោក ហ៊ុន សែន បានបង្កើតក្រុមការងារថ្នាក់ជាតិពិសេស សម្រាប់ទប់ស្កាត់ និងបង្រ្កាបលើការកាប់ឈើខុសច្បាប់។

លោក ហ៊ុន សែន ប្រកាស​ដាក់​ដេញ​ថ្លៃ​ឈើ​រឹប​អូស​បានជាង ៧ ម៉ឺន​ម៉ែត្រ​គូប

អាជ្ញាធរដើរពិនិត្យមើលគំនុំឈើខុសច្បាប់ក្នុងទីតាំងដីមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺកាលពីខែមុន។ រូបថត ប៉ូលីស

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ឈើដែលរឹបអូសបាន កំពុងតែស្ថិតនៅតំបន់ក្នុងខេត្តភាគខាងកើត ដូចជា ក្រចេះ មណ្ឌលគីរី និងស្ទឹងត្រែង។

លោក ហ៊ី បានឱ្យដឹងថា៖ «ខ្ញុំមិនដឹងពីគណៈកម្មាធិការដាក់ដេញថ្លៃឈើទេ លោកអាចសួរនៅទីស្តីការគណៈរដ្ឋមន្រ្តី»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា លោកក៏មិនបានដឹងពីគណៈកម្មាធិការនេះដែរ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនដឹងទេ វាថ្មីណាស់ ប៉ុន្តែជាធម្មតា នឹងមានការរួមបញ្ចូលរវាងក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ»។

លោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ និងជាអ្នកនាំពាក្យ នៃក្រុមការងារថ្នាក់ជាតិពិសេស និង លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ពួកគេមិនបានដឹងអំពីគណៈកម្មាធិការដាក់ដេញថ្លៃទេ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ តែងតែអំពាវនាវឲ្យមានការដាក់ដេញថ្លៃជាសាធារណៈនូវទ្រព្យសម្បត្តិរដ្ឋ ដោយមានតម្លាភាព។

លោកថ្លែងថា៖ «យើងមិនអាចធ្វើអត្ថាធិប្បាយឲ្យច្បាស់ទេ ពីព្រោះយើងគ្មានព័ត៌មានទេ សូម្បីតែនៅក្នុងរដ្ឋសភា ដូច្នេះ មានការសង្ស័យពីកង្វះនៃតម្លាភាព ចំពោះទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលដាក់ដេញថ្លៃ [មិនត្រឹមតែឈើទេ]»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍