មតិមិត្តអ្នកអាន៖ អ្នកស្រុកខេត្តកំពង់ឆ្នាំង ដាក់ងារឲ្យរដ្ឋមន្រ្តី២រូប ម្នាក់រដ្ឋមន្រ្តីស្ពឹក និងរដ្ឋមន្រ្តីសម្ងំ

(កំពង់ឆ្នាំង)៖ ពេលគេឈានជើងចូលទឹកដីខេត្តកំពង់ឆ្នាំង ច្បាស់ជាមានមតិលើកឡើង និងដាក់រហស្សនាមដល់រដ្ឋមន្រ្តី២រូប គឺរដ្ឋមន្រ្តីសម្ងំ និងរដ្ឋមន្រ្តីស្ពឹក។ រដ្ឋមន្រ្តីសម្ងំ នោះគឺប្រជាជន និងមន្រ្តីរាជការជាអ្នកដាក់ឲ្យលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយជាប្រធានក្រុមការងារចុះជួយស្រុកទឹកផុស និងរដ្ឋមន្រ្តីស្ពឹក គឺលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះជួយស្រុករលាប្អៀរ។

សម្រាប់លោករដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន តាមព័ត៌មានដែលទទួលបានពីក្រុមការងាររបស់លោករដ្ឋមន្រ្តី ចុះជួយស្រុករលាប្អៀរ និងប្រជាពលរដ្ឋមូលដ្ឋាន បានលួចបង្ហើបប្រាប់ដឹងថា ពួកគាត់ពិតមិនមានសំណាងសោះឡើយ ពីព្រោះថា ប្រធានក្រុមការងារចុះជួយស្រុករលាប្អៀរ ដែលជាទឹកដីរបស់ពួកគាត់រស់នៅនោះ ហាក់បីដូចជាស្ពឹកណាស់ ស្ពឹកនោះក៏ព្រោះតែល្បឿន នៃការអភិវឌ្ឍន៍តាមមូលដ្ឋាន និងការជួយឧបត្ថម្ភ ទំនុកបម្រុងដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងប្រជាការពារនៅតាមភូមិ ដូចជាមិនមានសោះតែម្តង។

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺឈ្មោះ លោក អ៊ុក រ៉ាប៊ុន ល្បីខាងដើរទិញដីរាប់សិបហិកតា នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាពិសេសស្រុករលាប្អៀរ ដែលជាមូលដ្ឋានគាត់ចុះជួយ។ បើតាមប្រជាពលរដ្ឋ, ដីនៅតំបន់ទ្វារទឹកឈ្វាំង ស្ថិតនៅខាងត្បូងផ្សារព្រៃខ្មែរដ៏ធំល្វឹងល្វើយ គឺជាដីរបស់លោក អ៊ុក រ៉ាប៊ុន ដែលបានទិញពីរាស្រ្តនៅទីនោះ យកទៅធ្វើចំការរបស់គាត់ មានតម្លៃរាប់ម៉ឺនដុល្លារ។ ក្រៅពីមានឈ្មោះគាត់ទៅទិញដី ក៏មានឈ្មោះបងប្អូន សាច់ញាតិគាត់ ទៅទិញដីជាច្រើនកន្លែង នៃស្រុករលាប្អៀរដែរ ដូច្នេះភាពខុសគ្នារវាងការចំណាយលុយទិញដី របស់អ្នកស្រុក និងការចំណាយលុយ ទៅជួយអភិវឌ្ឍន៍ភូមិឋាន គឺខុសគ្នាឆ្ងាយណាស់។

ប្រជាពលរដ្ឋម្នាក់រស់នៅ ក្នុងភូមិមួយ របស់ឃុំជើងគ្រាវ បាននិយាយបែបចំអកថា «គាត់(អ៊ុក រ៉ាប៊ុន)មកដូចជា មិនបានជួយអីផង តែបើមកទិញដីអ្នកស្រុក គឺមានហើយ ដីរាប់ហិកតា គឺជារបស់គាត់ ចង់ភូមិឃុំយ៉ាងម៉ិចៗ ក៏គាត់ដូចជាមិនខ្វល់ទេ»។ សម្រាប់ឃុំជើងគ្រាវ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានសរសើដល់ប្រធានក្រុមការងារចុះជួយឃុំគឺលោក សូរ សាម៉ន មានតួនាទីនៅក្រសួងការពារជាតិ ដែលមានការគិតគូដល់ប្រជាជន តាមរយៈការជួយឧបត្ថម្ភផ្សេងៗ ប៉ុន្តែដោយសារតែលោកត្រូវទទួលបន្ទុកការងារដល់ទៅ៣ឃុំនោះ ទើបឃុំនីមួយៗ មិនសូវបានជួយឲ្យច្រើន។ មន្រ្តីមូលដ្ឋានម្នាក់ បាននិយាយថា «បើគាត់ (សូរ សាម៉ន) ចុះជួយតែឃុំជើងគ្រាវវិញ នោះប្រជាការពារ និងប្រជាពលរដ្ឋ អាចប្រសើរឡើងខ្លាំង តែធ្វើម៉េចគាត់ចុះជួយដល់ទៅ៣ឃុំឯណោះ»។

សម្រាប់លោក អ៊ុក រ៉ាប៊ុន វិញពេលខ្លះការធ្វើមន្ទីរបក្ស ប្រាប់ឲ្យថ្នាក់ដឹកនាំមូលដ្ឋានធ្វើសិនទៅ ចាំគាត់ចេញតាមក្រោយ តែក្រោយធ្វើរួច គឺបាត់ឈឹងតែម្តង ហើយដាក់ឈ្មោះខ្លួនឯងទៀត។ ប្រជាពលរដ្ឋនិយាយថា បើសិនគាត់យកលុយត្រឹមមួយភាគរយ នៃការទិញដី របស់អ្នកស្រុកមកទិញសម្ភារជូនប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ដូចជា សម្លៀកបំពាក់ វិទ្យុទាក់ទងវិញ មិនដឹងជាប្រសើរយ៉ាងណានោះទេ មិនធ្វើឲ្យអាជ្ញាធរមូលដ្ឋានខិតខំដោះស្រាយខ្លួនឯងតាមរយៈការរៃអង្គាសប្រាក់ និងសុំសប្បុរសជននានា ឲ្យជួយទិញដោយខ្លួនឯងយ៉ាងដូច្នេះឡើយ។

សម្រាប់លោក អ៊ុក រ៉ាប៊ុន ដែលត្រូវបានផ្លាស់មកកាន់ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏ត្រូវមន្រ្តីមួយចំនួនមានឋានៈដល់ទៅ ប្រធាន-អនុប្រធាននាយកដ្ឋាន លួចបង្ហើបថា ពេលដែលដឹងថា រដ្ឋមន្រ្តីលោក ជា សុផារ៉ា ចេញ ហើយទទួលបានមេថ្មីនោះ ម្នាក់ៗមុខស្រពាប់ស្រពន់ និងខកចិត្តខ្លាំងណាស់ ក៏ព្រោះតែនឹកឃើញពីការដឹកនាំយ៉ាងរស់រវើករបស់រដ្ឋមន្រ្តីចាស់ ហើយដូរមកដឹកនាំមិនសូវរដាស់ សម្រាប់រដ្ឋមន្រ្តីថ្មីយ៉ាងដូច្នេះទៅវិញ តែចេះតែទ្រាំទៅ៕

មតិមិត្តអ្នកអាន៖ អ្នកស្រុកខេត្តកំពង់ឆ្នាំង ដាក់ងារឲ្យរដ្ឋមន្រ្តី២រូប ម្នាក់រដ្ឋមន្រ្តីស្ពឹក និងរដ្ឋមន្រ្តីសម្ងំ

ប្រភពៈ freshnewsasia