ប្រធានអង្គភាពប្រតិកម្មរហ័ស បានផ្ញើលិខិតស្នើកែតម្រូវផ្លូវការជូនដល់កាសែត The Cambodia Daily

(ភ្នំពេញ)៖ បន្ទាប់ពីបានសម្តែងការប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលបាននិយាយបំផ្លើសខុសពីការពិតនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចំណងជើងថា «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ», នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផ្ញើលិខិតផ្លូវការមួយច្បាប់ជូនសារព័ត៌មាន The Cambodia Daily ដោយស្នើឲ្យធ្វើការកែតម្រូវជាបន្ទាន់ និងប្រញាប់ ចុះផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីជៀសវាងការភ័ន្តច្រឡំសាធារណមតិ។

ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងយ៉ាងថា ចំណងជើងរបស់កាសែតមួយនេះ «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ» គឺមានបំណងឲ្យមហាជនទាំងក្នុង និងក្រៅប្រទេស មានការច្រឡំយ៉ាងធ្ងន់បំផុតចំពោះវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល។ ដោយការចុះផ្សាយនេះមានលក្ខណៈញុះញង់ បំផ្លើស និងក្លែងខុស ពីប្រសាសន៍ដើមរបស់សម្តេច ក្នុងគោលបំណងញុះញង់ និងដុតកំហឹងប្រជាពលរដ្ឋ។

សូមជំរាបថា កាលពីម្សិលមិញក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ ហ្អែងចង់ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង! អត់មានរញ៉េរញ៉ៃទេ […]។ […] កន្លែងខ្លះគេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេថា ពណ៌ខ្មៅ ខ្ញុំថា ពណ៌អីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លាំងប្រដាប់អាវុធគេបង្កើតឡើង ដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដើម្បីដាក់អ្នកទោសកុំឆ្ងល់ពេក»

ប្រធានអង្គភាពប្រតិកម្មរហ័ស បានផ្ញើលិខិតស្នើកែតម្រូវផ្លូវការជូនដល់កាសែត The Cambodia Daily

ប្រភពៈ freshnewsasia