ចិន ថ្កោលទោស​អាមេរិក​យ៉ាងខ្លាំង​ដែល​ប្រតិបត្តិការ​នាវា​ល្បាត​បំពាន​ក្នុង​ដែនសមុទ្រ​ខ្លួន​ជាថ្មី​

​ជាថ្មី​ម្តងទៀត នាវា​ល្បាត​អាមេរិក បាន​ប្រតិបត្តិការ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​សំណង់ ដែល​ចិន កំពុងតែ​សាងសង់​។ វត្តមាន​នេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រតិបត្តិ​កម្ម​យ៉ាងខ្លាំង និង ថែមទាំង​ប្តេជ្ញា​ចាត់វិធានការ​សមស្រប​ដើម្បី​ការពារ​អធិបតេយ្យ​ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង នៅ​ថ្ងៃទី​១០ ខែឧសភា ម្សិលមិញ​បាន​អះអាងថា នាវា​ល្បាត​អាមេរិក ប្រភេទ USS William P. Lawrence បាន​ចូលទៅក្នុង​ដែនសមុទ្រ​របស់​ចិន​ដោយ​ខុសច្បាប់ ហើយ នាវា​នោះ ក៏​ទទួលបាន​ការព្រមាន​ពី​កម្លាំង​ល្បាត​របស់​ចិន​ឲ្យ​ចាក​ចេញពី​តំបន់​នោះ ភ្លាមៗ​ផងដែរ​។

​លោក លូ បាន​បន្ថែមថា សកម្មភាព​របស់ អាមេរិក បាន​គំរាមកំហែង​ដល់​អធិបតេយ្យ និង​សន្តិសុខ របស់​ចិន បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​និង សំណង់​នៅ​កោះ ក៏ដូចជា​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ ក្នុង​តំបន់​ផងដែរ​។​

​ឆ្លើយតប​នឹង​សកម្មភាព​នេះដែរ អ្នកនាំពាក្យ​រូបនោះ បាន​ថ្លែងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពិតជា​ថ្កោល ទោស​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​បង្កឡើង​ដោយ​អាមេរិក ហើយ ចិន នឹង​បន្ត​ចាត់វិធានការ​ដើម្បី​រក្សា អធិបតេយ្យ និង​សន្តិសុខ​របស់ខ្លួន​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ទាមទារ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ អវត្តមាន​នៃ​ដំណោះស្រាយ​លើ​ជម្លោះ​នេះ បាននិងកំពុង​តែ​ធ្វើ​ឲ្យ​មានការ​ប្រឈមមុខគ្នា​ខ្លាំង ដែល វា មិនមែន​រវាង​ភាគី​ពាក់ព័ន្ធ​នោះទេ តែ​ជាការ ប្រឈម​រវាង ចិន និង​អាមេរិក​។​

​គិត​ចាប់ពី​ចុងឆ្នាំ​២០១៥​កន្លងមក អាមេរិក បាន​ប្រតិបត្តិការ​នាវា​ល្បាត​មកកាន់​តំបន់​ជម្លោះ​ដែល​ក្បែរ សំណង់​របស់​ចិន​ដែល​បាន​សាងសង់​នៅ​ទីនោះ ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដែល​ស្របទៅនឹង​ច្បាប់​អន្តរជាតិ​។ ប្រតិបត្តិការ​នេះ ក៏​ត្រូវបាន​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​បញ្ជាក់​នៅក្នុង​ជំនួប​ជាមួយនឹង​មេដឹកនាំ​អាស៊ាន​ក្នុង​ក្រុង​វ៉ាស៊ីនតោន​កាលពីពេល ថ្មីៗ​ហើយ​ថា លោក នឹងមិន​បញ្ឈប់​ប្រតិបត្តិការ​នេះ​នោះទេ​៕