ម្ចាស់​មឈូស​អាថ៌កំបាំង​ចេញមុខ​បំភ្លឺ ក្រោយ​ពេល​មាន​ចម្ងល់​ចាក់ស្រេះ

ម្ចាស់​មឈូស​អាថ៌កំបាំង​ចេញមុខ​បំភ្លឺ ក្រោយ​ពេល​មាន​ចម្ងល់​ចាក់ស្រេះ



បាត់ដំបង​ ៖​ មឈូស​អាថ៌កំបាំង ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្លុង​ចោល​ក្នុង​ប្រឡាយ​ក្បែរ​គុម្ព​សង្កែ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​ ត្រង់​ចំណុច​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​ខេត្តបាត់ដំបង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ​ ត្រូវបាន​លាតត្រដាង​ហើយ​ បន្ទាប់ពី​មាន​សំណួរ​ជាច្រើន​កំពុង​ចាក់ស្រេះ ដោយ​ផ្តោត​ទៅលើ​មឈូស​ជា​របស់​បរទេស​ ហើយ​បាន​យក​មក​ប្លុង​ចោល​នៅ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ដូច្នេះ​តើ​សព​គេ​យក​ទៅ​ណា?

បន្ទាប់ពី​កម្ពុជា​ថ្មី បានចេញ​ផ្សាយ​ចំនួន​ពីរ​លេខ​រួចមក ទន្ទឹម​នឹង​ការ​ចោទសួរ​មិន​ចេះ​ចប់​មិន​ចេះ​ហើយពី​សំណាក់​ប្រិយមិត្ត ដែល​គេ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ចាំបាច់​ត្រូវ​ដក​យក​សព​ចេញពី​មឈូស ហើយ​បោះ​មឈូស​ចោល? នេះ​ហើយ​ ដែល​ជា​បញ្ហា ព្រមទាំង​បាន​ឲ្យ​ធ្វើ​ឲ្យ​សមត្ថកិច្ច​​​ឈឺ​ក្បាល​ក្នុង​ការ​តាមដាន និង​ការ​ស្រាវជ្រាវ​ដើម្បី​ចង់​ដឹង​ការពិត។

នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​នេះ​ កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ​បាន​ទូរស័ព្ទ​បញ្ជាក់​ប្រាប់​មក​កម្ពុ​ជា​ថ្មី​ថា ពិត​ដូចដែល​កម្ពុ​ជាថ្មី​ធ្វើការ​ផ្សាយ​មែន​ ព្រោះ​ម្ចាស់​មឈូស ដែល​រស់នៅ​ក្នុង​ផ្សារ​ថ្មី ស្ថិត​ក្នុង​ភូមិ​១៣​មករា​ សង្កាត់​ព្រែក​ព្រះ​ស្ដេច​ ក្រុង​បាត់ដំបង បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា គឺ​សព​មានឈ្មោះ ខៀវ អាយុ​ជាង​៥០​ឆ្នាំ ​ជា​ប្រពន្ធ​របស់​ខ្លួន(​ម្ចាស់​មឈូស​នេះ) ដែល​មាន​មុខរបរ​លក់​មាស​នៅ​ផ្សារ​ថ្មី និង​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​ APOLLO ក្នុង​ទីក្រុង​ញ៉ូ​វ​ដេលី ប្រទេស​ឥណ្ឌា យ៉ាង​ពិត​ប្រាកដ ហើយ​ក៏បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​តែ​ម្តង។ ក្រោយ​​មក ​រូបលោក​បាន​នាំ​​សព​ភរិយា​បញ្ជូន​តាម​យន្តហោះ​ ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​ខាង​មន្ទីរពេទ្យ​បាន​ប្រើប្រាស់​មឈូស​របស់​គេ និង​បាន​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​ជាទីបំផុត។

ម្ចាស់​មឈូស​អាថ៌កំបាំង​បាន​បន្ត​ប្រាប់​សមត្ថកិច្ច​ថា នៅ​ពេល​ដឹក​សព​ភរិយា​របស់​គាត់​មកដល់​ផ្ទះ​វិញ ​គឺ​គាត់​បាន​ទៅ​រក​ទិញ​មឈូស​ខ្មែរ​​ ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ ព្រមទាំង​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ដែល​ទើបតែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ។ ដោយឡែក មឈូស​ចាស់​ ដែលជា​មឈូស​បរទេស លោក​បាន​ជួល​ក្មេងៗ​នូវ​ស្រា​បៀរ​មួយ​កេស​ ​ ​ដោយ​ឲ្យ​ពួកគេ​ដឹក​តាម​​រថយន្ត​យក​ទៅ​ប្រគល់​ឲ្យ​វត្ត គឺ​វត្ត​ណា​ក៏​បាន​ដែរ​ដើម្បី​ធ្វើការ​ដុតចោល។ ប៉ុន្តែ​លោក​មិនបាន​ដឹងថា ពួក​ក្មេងៗ​គេ​ដឹក​យក​ទៅ​បោះចោល​នៅក្នុង​ដុប​សង្កែ​បែបនេះ​សោះ​ ទើប​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងនេះ។ ឥឡូវ​គឺ​នៅ​ល្ងាច​នេះ​ដែរ​ម្ចាស់​មឈូស បាន​ជួល​ឲ្យ​កម្លាំង​ប៉ុស្តិ៍​អូរ​ដំបង​២ ដុត​មឈូស​នោះ​ចោល​ហើយ បន្ទាប់ពី​បាន​ទុកចោល​នៅ​តាម​ទី​សាធារណៈ​អស់​មួយ​រយៈ​មកនេះ៕
ម្ចាស់​មឈូស​អាថ៌កំបាំង​ចេញមុខ​បំភ្លឺ ក្រោយ​ពេល​មាន​ចម្ងល់​ចាក់ស្រេះ

ម្ចាស់​មឈូស​អាថ៌កំបាំង​ចេញមុខ​បំភ្លឺ ក្រោយ​ពេល​មាន​ចម្ងល់​ចាក់ស្រេះ