មន្ទីរពេទ្យ​​ក្នុង​ព្រៃ ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ

មន្ទីរពេទ្យ​​ក្នុង​ព្រៃ ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ



ខេត្តកំពង់ឆ្នាំង ៖ ក្រុម​សមត្ថកិច្ច​ចម្រុះ ក្នុង​នោះ​មាន​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ព្យាបាល​ជំងឺ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​លយ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ។

លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានឱ្យ​ដឹង​ថា បុរស​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​ព្យាបាល​តាម​ថ្នាំបុរាណ​ផង​និង​ថ្នាំពេទ្យ​ផង​នេះ ឈ្មោះ តេះ សារី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ ប៉ុន្តែ​បុរស​រូប​នេះ គ្មាន​សញ្ញាបត្រ ឬ​ច្បាប់​អនុញ្ញាត​ណា​ឱ្យធ្វើ​អាជីវកម្ម​បែប​នេះ​ឡើយ គឺជា​ការ​លួចលាក់​ព្យាបាល​ដោយ​ខុសច្បាប់ ។

កន្លង​មក បុរស​រូប​នេះ​ធ្លាប់​បាន​ទទួល​ការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​លើក​រួច​មក​ហើយ​ឃើញ​ថា​បាន​ស្ងប់ស្ងាត់​មួយ​រយៈ ។ ស្រាប់តែ​ថ្មី​ៗ​នេះ​មាន​សេចក្តីរាយការណ៍​ថា បុរស​រូប​នេះ​នៅ​តែ​បន្ត​លួចលាក់​បើក​គ្លីនិក​ព្យាបាល​អ្នកជំងឺ​ទាំង​គ្មាន​ឯកទេស​បន្ត​ទៀត ទើប​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​សុំ​ឆ្លង​យោបល់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក ឡុ​ង ស៊ី​ថា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត រួម​នឹង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ព្យាបាល​ជំងឺ​ខាងលើ​នេះ​តែ​ម្តង ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បន្ត​ថា ក្រោយ​ពី​ការ​ឆែកឆេរ​កន្លែង​ព្យាបាល​ជំងឺ​ខាងលើ បាន​រក​ឃើញ​មាន​ខ្ទម​សម្រាប់​ឱ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​៣​កន្លែង និង​គ្រែ​សម្រាប់​អ្នកជំងឺ​ដេក​ចំនួន​១៦ មាន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​២​នាក់​មក​ព្យាបាល​យូរថ្ងៃ​ហើយ ។ ក្រៅពី​នេះ បាន​រក​ឃើញ​រណ្តៅ​ដី​១៨​កន្លែង​សម្រាប់​ដុត​កប់​សម្បក​ថ្នាំ សឺ​រ៉ាំ​ង និង​ម្ជុលចាក់​ថ្នាំ​គ្រប់​ប្រភេទ ដែល​បាន​ប្រើប្រាស់​ហើយ ។
ក្នុង​ករណី​ខាងលើ​នេះ បុរស​ឈ្មោះ តេះ សារី ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​គឺ​មាន​កំហុស ៖

១-​រំលោភច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​លើ​ការ​ប្រកប​របរ​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​អម​វិ​ជ្ជ​សាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ (​បើក​កន្លែង​ព្យាបាល​ជំងឺ​) ។
២-​រំលោភ​លើ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ ដោយ​ប្រើប្រាស់​ឱសថ​សម័យ និង​ឱសថ​បុរាណ​លាយឡំ​គ្នា និង​បើក​សេវា​ព្យាបាល​នៅ​ក្នុង​ខ្ទម​ក្នុង​ព្រៃ​ខុស​លក្ខណៈ​បច្ចេកទេស ។

តាម​ផ្លូវច្បាប់​កំហុស​ទាំងនេះ​ស្ថិត​ក្នុង​បទលហុ ដែល​គ្រាន់តែ​អប់រំ​និង​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​រក​ឃើញ​ថា បុរស​រូប​នេះ​បាន​បូម​ឈាម​ពី​អ្នកជំងឺ​តែ​មិន​បាន​យក​ទៅ​ពិនិត្យ​វិភាគ​ជំងឺ បែរជា​យក​ទៅ​បោះចោល ហើយ​មក​បោក​អ្នកជំងឺ​ថា​ឈឺ​នេះ​ឈឺ​នោះ​រួច​ព្យាបាល គឺជា​ករណី​បោកប្រាស់ ដែល​ជា​បទ​ព្រហ្មទណ្ឌ ។ អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​នៅ​រសៀល​ថ្ងៃ​ដដែល​ភរិយា​បុរស​រូប​នេះ បាន​ដាក់​ពាក្យ​ប្តឹង​ចោទ​បុរស​ជា​ប្តី​ថា បាន​បង្ខំ​នាង​ឱ្យ​រំលូតកូន​ចំនួន​៧​ដង​រួច​មក​ហើយ ។ ការ​រំលូតកូន​នេះ​ក៏​ស្ថិត​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែរ​តែ​ត្រង់​ថា​តុលាការ​ចោទ​ក្នុង​បទល្មើស​ណា​លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ចម្រុះ ជន​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​រូប​នេះ​និយាយ​ថា រូបគេ​ជា​គ្រួ​ពេទ្យ​របស់​ទាហាន ប៉ុ​ល ពត កាលពី​សម័យ​សង្គ្រាម មិន​ធ្លាប់​បាន​សិក្សា​ពី​ជំនាញ​ពេទ្យ​ណាមួយ​នោះ​ទេ គឺ​ព្យាបាល​ល​ជំងឺ​ដោយ​ឱសថ​សម័យ​លាយ​ជាមួយ​ឱសថ​បុរាណ​តាម​ចំណេះដឹង​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ។

មន្ត្រី​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន ជន​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​រូប​នេះ​ទៅ​កាន់​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕