ចិនស្ដីបន្ទោសតៃវ៉ាន់នៅមុនរដ្ឋាភិបាលថ្មីចូលកាន់អំណាច

ប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា រដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់ នឹងត្រូវទទួលខុសត្រូវចំពោះវិបត្តិណាមួយ ដែលកើតឡើងជាមួយប្រទេសចិន នៅពេលរដ្ឋាភិបាលថ្មីចូលកាន់អំណាច។ ការថ្លែងដូច្នេះរបស់ចិន គឺជាការដាក់សម្ពាធទៅលើរដ្ឋាភិបាលថ្មី មុនការឡើងកាន់តំណែងជាផ្លូវការរបស់ប្រធានាធិបតីថ្មី មកពីគណបក្សគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។

ប្រទេសចិន និងកោះតៃវ៉ាន់ មានទំនាក់ទំនងល្អនឹងគ្នានៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលផុតអាណត្តិ ប៉ុន្តែ ទំនាក់ទំនងនេះ បានចាប់ផ្ដើមរកាំរកូសនៅពេលលោកស្រី Tsai Ing-wen និងគណបក្ស DPP របស់លោកស្រី បានឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីខែមករាកន្លងមកនេះ។ គណបក្សរបស់លោកស្រី Tsai Ing-wen បានគាំទ្រការប្រកាសឯករាជ្យពីប្រទេសចិន។

ក្រុងប៉េកាំង មិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីដណ្ដើមយកដែនដីកោះនេះមកវិញនោះឡើយ ដោយសារចិនគិតថា វាជាខេត្តមួយដែលព្យាយាមបំបែកខ្លួនចេញ និងចង់បានឯករាជ្យ។

ចិនស្ដីបន្ទោសតៃវ៉ាន់នៅមុនរដ្ឋាភិបាលថ្មីចូលកាន់អំណាច

Taiwan’s president-elect Tsai Ing-wen speaks to journalists before visiting earthquake survivals at the hospital at Tainan, southern Taiwan February 8, 2016. REUTERS/Tyrone Siu

លោកស្រី Tsai ដែលនឹងត្រូវចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ ខែឧសភានោះ បាននិយាយថា លោកស្រីនឹងរក្សាទំនាក់ទំនងដដែលនេះ ប៉ុន្តែលោកស្រីមិនដែលចុះញ៉មចំពោះកិច្ចព្រមព្រៀងទ្វេភាគីដ៏សំខាន់មួយ ដែលទទួលស្គាល់គោលនយោបាយ«ចិនតែមួយ»នោះឡើយ។ សម្ដីរបស់លោកស្រី បានធ្វើឲ្យក្រុងប៉េកាំងខឹងសម្បារ។

នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩២ជាមួយគណបក្សជាតិនិយម កោះតៃវ៉ាន់ និងចិនដីគោក បានឯកភាពគ្នាថា មានចិនតែមួយប៉ុណ្ណោះ ប៉ុន្តែ ភាគីនីមួយៗ បានបកស្រាយផ្សេងគ្នាអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។ កងកម្លាំងគណបក្សជាតិនិយមដែលបានចាញ់សង្គ្រាម បានភៀសខ្លួនទៅកោះតៃវ៉ាន់នៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលជាមួយពួកកុំម្មុយនីស្តនៅឆ្នាំ១៩៤៩។

លោក Ma Xiaoguang អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា វាច្បាស់លាស់ហើយថា នរណាកំពុងបំផ្លាញស្ពាន និងព្យាយាមផ្លាស់ប្ដូរស្ថានការណ៍។

លោក Ma បានថ្លែងតាមទូរទស្សន៍រដ្ឋថា ប្រសិនបើមាននរណាមិនយល់ពីចំណុចនេះ ឬក៏កំពុងព្យាយាមជំរុញវានោះ វាមិនមែនជាទង្វើប្រកបដោយហេតុផលនោះឡើយ។

ប្រទេសចិនបានដាក់សម្ពាធលើតៃវ៉ាន់ចាប់តាំងពីការបោះឆ្នោតខែមករាកន្លងមកម៉្លេះ ដោយបានចាប់បញ្ជូនជនសង្ស័យតៃវ៉ាន់ពីប្រទេសកេនយ៉ាន និងម៉ាឡេស៊ី និងបង្កើតចំណងកាទូតជាមួយប្រទេសហ្គាំប៊ី អតីតសម្ព័ន្ធមិត្តតៃវ៉ាន់នៅអាហ្វ្រិក។

កាលពីថ្ងៃអាទិត្យកន្លងមកនេះ រដ្ឋាភិបាលដែលគ្រោងចូលកាន់អំណាចរបស់កោះតៃវ៉ាន់ បានចោទប្រកាន់ប្រទេសចិនថាបានលូកលាន់កិច្ចការនយោបាយ បន្ទាប់ពីក្រុងប៉េកាំងមានមន្ទិលសង្ស័យទៅលើកោះតៃវ៉ាន់ ដែលបានដាក់អ្នកសង្កេតការណ៍របស់ខ្លួននៅឯអង្គការសុខភាពពិភពលោក។

លោក Ma និយាយថា ការចូលរួមកាលពីមុនរបស់តៃវ៉ាន់ បានឈរលើគោលការណ៍ចិនតែមួយ ជាអ្វីដែលអង្គការសហប្រជាជាតិទទួលស្គាល់។

តៃវ៉ាន់ បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សន្និបាតសុខភាពពិភពលោក តាំងពីឆ្នាំ២០០៩មក ក្នុងឋានៈជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ៕

ប្រភពៈ VOD