មិន​ដឹក​តាម​ឡាន​ធំ​ទេ ដឹក​បង្កប់​ក្រោម​ដំឡូង​ទៅ​ស្រុក​យួន

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហាម​មិន​អនុញ្ញាត​ឲ្យ​ឈើ​ប្រណីត​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ បាន​ប្រើ​គ្រប់​រូបភាព គឺ​បង្វែរ​ពី​ការ​ដឹក​តាម​រថយន្ត​ធំ​ៗ​មក​លួច​ដឹក​តាម​រថយន្ត​តូច​ៗ​វិញ ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ឧសភា ២០១៦ មាន​គោ​យន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង ដឹក​ដំឡូង​មាន​បង្កប់​ឈើ​ធ្នង់​ជា​ច្រើន​សន្លឹក ត្រូវ​បាន​បង្ក្រាប​លើ​ផ្លូវ​វិស្វកម្ម​ត្រង់​ចំណុច ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ដោយ​មាន​បរិមាណ​ឈើ​ចំនួន​៣៤​សន្លឹក ដែល​បម្រុង​ដឹកនាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម​នោះ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច បាន​តាមដាន​ពី​សកម្មភាព​ដឹកឈើ​ប្រណីត​របស់​ឈ្មួញ ដោយ​បាន​ដឹក​ពី​កន្លែង​ផ្សេង​ៗ​មក​ស្តុក​ទុក​នៅ​ផ្លូវ​ចិន (​សាំ​លិញ ) ហើយ​បាន​ប្រើប្រាស់​រូបភាព​បន្លំ​ភ្នែក​របស់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជំនាញ គឺ​បាន​ដឹក​តាម​គោ​យន្ត​កន្ត្រៃ​តូច​ៗ​ធ្វើ​ជា​ដឹក​ដំឡូង​មី ដោយ​បាន​ដឹក​យក​ទៅ​លក់​នៅ​វៀតណាម បាន​ច្រើន​ជើង​មក​ហើយ គឺ​បាន​ចេញ​តាម​ច្រករបៀង​តូច​ៗ ដែល​មិន​មាន​កម្លាំង​សមត្ថកិច្ច​យាម​ប្រចាំការ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​បាន នូវ​ព័ត៌មាន​ច្បាស់​ការណ៍​នោះ​ថា មាន​គោ​យន្ត​កន្ត្រៃ​២​គ្រឿង ដឹក​ដំឡូង​មី​មាន​បង្កប់​ឈើ​ប្រណីត​ដឹក​ចេញពី​ផ្លូវ​ចិន ស្រប​ពេល​ដែល​កំពុង​តែ​បើកបរ​មក​ដល់​ត្រង់​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ រូប​លោក​បាន​សុំ​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី​សុំ​ត្រួតពិនិត្យ​មើល ក៏​បានឃើញ​សុទ្ធ​សឹង​ប្រភេទ​ឈើ​ធ្នង់​ពិតមែន ។ ហើយ​ក៏​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដោយ​បាន​ឃាត់​គោ​យន្ត​ទាំង​២​គ្រឿង នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដោយ​រាប់​ទៅ​ឃើញ​មាន​ចំនួន​៣៤​កំណាត់​ធំ​ៗ នា​ព្រឹក​ថ្ងៃ​ដដែល វត្ថុ​តាង​ដែល​រឹបអូស​បាន​ក៏​ប្រគល់​ឲ្យ​ទៅ​ជំនាញ​រដ្ឋបាល សង្កាត់​ព្រៃឈើ​មេមត់ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គោ​យន្ត​កន្ត្រៃ​២​គ្រឿង​ខាងលើ​នោះ គឺ​បាន​ហៅ​អ្នក បើកបរ និង​អ្នក​លើក​ដំឡូង​៣​នាក់ មក​សួរនាំ ដោយ​បាន​ឆ្លើយ​ថា មាន​ថៅកែ​ឈ្មោះ វណ្ណ ភេទ​ប្រុស នៅ​ភូមិ​ដូង ឃុំ​រូង ស្រុក​មេមត់ ជា​អ្នក​ជួល​ពួក​គាត់​ឲ្យ​ដឹក ដើម្បី​យក​ទៅ​លក់​នៅ​ទីផ្សារ​វៀតណាម ក្នុង​១​ជើង​បាន​កម្រៃ​២០​ម៉ឺន​រៀល ហើយ​ពួក​គេ​ទើបតែ​ដឹក​បាន​៣​ជើង​ប៉ុណ្ណោះ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​គោ​យន្ត​ទាំង​២​គ្រឿង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​តែ​ម្តង ៕