USAID និង​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក បង្កើត​គំរោង​ថ្មី សំរាប់​កំណែ​ទំរង់​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ នៅ​កម្ពុជា​

ភ្នំពេញ:
​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក William A. Heidt និង លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បាន​ផ្តួចផ្តើម​គំរោង​ថ្មី​មួយ នៅថ្ងៃនេះ ដើម្បី​ទ្រទ្រង់​ដល់​ការខិតខំ​របស់​ប្រទេស​កម្ពុជា ក្នុងការ​កែលំអ​តំលាភាព​ផ្នែក​សារពើពន្ធ និង​គណនេយ្យភាព​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ប្រទេស​កម្ពុជា​។

​គំរោង​ផ្តួចផ្តើម​នេះ ដែល​រៀបចំ​បង្កើត​រួមគ្នា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ការិយាល័យ​ផ្តល់ជំនួយ​បច្ចេកទេស (OTA) របស់​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក នឹងដាក់​អោយធ្វើ​ការ​ជាមួយគ្នា​នូវ​អ្នកឯកទេស​មកពី OTA និង​អ្នកឯកទេស​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ដើម្បី​ជំរុញ​បន្ថែម​ដល់​របៀបវារៈ​លើ​កំណែ​ទំរង់​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋាភិបាល​។​

​លោក​ឯកអគ្គរដ្ឋទូត Heidt បានធ្វើការ​កត់សំគាល់​ថា “​ការគ្រប់គ្រង​ប្រកបដោយ​តំលាភាព និង​ប្រសិទ្ធភាព លើ​ធនធាន​ហិរញ្ញវត្ថុ​របស់​ប្រទេសមួយ​មាន​សារៈសំខាន់​ចាំបាច់​ដល់​កំណើន​លូតលាស់​សេដ្ឋកិច្ច​យូរអង្វែង​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានទទួល​ជោគជ័យ​គួរអោយ​ចាប់អារម្មណ៍ ក្នុង​ការលើក​កំពស់​ការប្រមូល​ប្រាក់ចំណូល​របស់ខ្លួន ពី​១៥,៦% នៃ​ផលិតផល​សរុប​ក្នុងស្រុក នៅ​ឆ្នាំ ២០១១ ដល់​ជាង ១៩% នៅ​ឆ្នាំ ២០១៣​។
​ការ​នេះ​ផ្តល់អោយ​រដ្ឋាភិបាល​កម្ពុ​ជា​នូវ​ធនធាន​បន្ថែមទៀត​ក្នុង​ចំនួន​ច្រើន​គួរសម សំរាប់​យកទៅ​ប្រើ​ក្នុង​ផ្នែក​សង្គមកិច្ច​។ កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​អោយ​ក្រសួង​សំរេច​ជោគជ័យ​ច្រើន​ថែមទៀត ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ធនធាន​ថវិកា​របស់ខ្លួន​”​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ ទីប្រឹក្សា​មកពី OTA នឹងធ្វើ​ការ​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​កែលំអ​ការបែងចែក​សំរាប់​យកទៅ​ចាយវាយ​នូវ​ធនធាន​សាធារណៈ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ ក្នុង​ជំហាន​ដំបូង ជំនួយ​នេះ​នឹង​ផ្តោតលើ​ការជួយ​ដល់​ក្រសួងសុខាភិបាល ដែលជា​ក្រសួង​សម​ភាគី​សំខាន់​ជាងគេ សំរាប់​ទីភ្នាក់ងារ USAID ។ ទីប្រឹក្សា​ទាំងនោះ​ក៏​នឹង​ជួយ​ផងដែរ​ដល់​នាយកដ្ឋាន​ថវិកា​របស់​ក្រសួង​ហិរញ្ញវត្ថុ នៅក្នុង​ការពង្រីក​កម្ម​វិធី​ដល់​ក្រសួង​ដទៃទៀត​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​បាន​ពន្យល់ថា “​យើង​រីករាយ​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក លើ​គំរោង​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ​។ ដោយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុ​ជាមាន​កំណើន ការប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ធនធាន​ជាតិ​ដ៏​មាន​តំលៃ​របស់​យើង ក៏​កាន់​តែមាន​សារៈសំខាន់​ច្រើនឡើង​ផងដែរ​”៕