សត្វ​គោ​២៤០​ក្បាល​ងាប់​ក្នុង​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ​នៅ​ស្រុក​កូន​មុំ និង​លំផាត់

សត្វ​គោ​២៤០​ក្បាល​ងាប់​ក្នុង​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ​នៅ​ស្រុក​កូន​មុំ និង​លំផាត់



រតនគិរី ​៖ ​សត្វ​គោ​របស់​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ​ របស់​វៀតណាម​ ដែល​ចិញ្ចឹម​នៅ​ក្នុង​ដី​សម្បទាន​របស់​ខ្លួន​នៅ​ស្រុក​កូន​មុំ និង​ស្រុក​លំផាត់​ ​បាន​កើត​ជំងឺ​ងាប់​ចំនួន​២៤០​ក្បាល។ ប៉ុន្តែ​សមត្ថកិច្ច​ អាជ្ញាធរ​ហាក់​មិន​អើពើ។

សេចក្ដីរាយការណ៍​ពី​ស្រុក​កូន​មុំ​បាន​​ឲ្យ​ដឹងថា នៅ​ចន្លោះ​ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ សត្វ​គោ​ចំនួន​២៤០​ក្បាល​កើត​ជំងឺ​ងាប់​នៅ​ក្នុង​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ​ដែល​ចិញ្ចឹម​នៅ​ក្នុង​ក្រុមហ៊ុន​​​រាប់​ម៉ឺន​ក្បាល ​ស្ថិតនៅ​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ។ សត្វ​គោ​ងាប់​ទាំងនោះ​ត្រូវ​បាន​គេ​លួច​លក់​សាច់​តាម​បណ្តា​​ភូមិ​ ​​នៅ​ក្បែរ​ក្រុមហ៊ុន​ ក្នុង​១​ក្បាល​តម្លៃ​៦០​ម៉ឺន​រៀល​ ដែល​មាន​ទម្ងន់​ជិត​១០០​គីឡូក្រាម​ឡើង​ទៅ ឬ​ខ្លះទៀត​ដឹក​តាម​រថយន្ត​មក​លក់​នៅ​ទី​សត្តឃាត​ក្រុង​បាន​លុង ដើម្បី​លក់​បន្ត​ទៅ​ឲ្យ​អ្នកលក់​សាច់គោ ដែល​ដឹក​តាម​ម៉ូតូ​ទៅ​​លក់​តាម​ភូមិ ស្រុក ឆា្ងយ​ៗ​ក្នុងតម្លៃ​១​គីឡូក្រាម​ជាង​១​ម៉ឺន​រៀល​ទៅ​១៥០០០​រៀល។ ចំពោះ​សត្វ​គោ​រាប់​ម៉ឺន​ក្បាល​នៅ​ក្នុង​ក្រុមហ៊ុន​នោះ ​​ត្រូវ​បាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ចេញពី​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ចន្លោះ​ដើមឆ្នាំ​២០១៥​ទៅ​២០១៦។

ចំពោះ​ការ​កើត​ជំងឺ​ងាប់​គោ​ជាង​២៤០​ក្បាល​របស់​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ​នៅ​ដី​សម្បទាន​ស្រុក​កូន​មុំ និង​ស្រុក​លំ​ផាត់ ​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ និង​ក្រុមហ៊ុន​ហាក់​មានការ​បិទបាំង។

​ ​លោក​ឈឿន ច័ន្ទ​ធៀង អភិបាលស្រុក​កូន​មុំ​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា​ សត្វ​គោ​ដែល​ងាប់​នោះ​មកពី​ស៊ី​ផ្លែ​ដូង​ប្រេង​ទើប​វា​ពុល​ងាប់។

មជ្ឈដ្ឋាន​មួយចំនួន​លើកឡើងថា ​គឺ​សត្វ​គោ​ដែល​ងាប់​នោះ​បណ្តាល​កើត​ជំងឺ​ឈាមខ្មៅ​ស៊ី​ឈាមក្រហម សូម្បីតែ​បសុពេទ្យ​វៀតណាម​ និង​អូស្ត្រាលី​ព្យាបាល​មិន​ជា​​ផង៕

សត្វ​គោ​២៤០​ក្បាល​ងាប់​ក្នុង​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ​នៅ​ស្រុក​កូន​មុំ និង​លំផាត់