លោក កឹម សុខា ថា​ការ​យក​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​បង្ហាញ​ជា​សាធារណៈ​ជា​រឿង​នយោបាយ

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា មូលហេតុ​មាន​សកម្មភាព​កន្លង​ទៅ​ដែល​ព្យាយាម​គាស់​កកាយ​រឿង​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​លាត​ត្រដាង​ជា​សាធារណៈ ព្រោះ​តែ​លោក​ធ្វើ​កិច្ចការ​ជាច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ជាតិ។ លោក កឹម សុខា និយាយ​ថា ប្រសិន​បើ​រូប​លោក​មិន​មែន​ឈរ​តំណាង​ឲ្យ​ប្រទេស​ជាតិ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ទេ ប្រហែល​ជា​គេ​មិន​ប្រឹង​ចំណាយ​លុយ និង​ស្ថាប័ន ដើម្បី​លាត​ត្រដាង​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​ជា​សាធារណៈ​បែប​នេះ​ទេ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​អនុប្រធាន​គណបក្ស​ប្រឆាំង​ប្រកាន់​ជំហរ ថា​មិន​ឈ្លោះ មិន​ឆ្លើយ និង​មិន​ឆ្លង​អ្វី​ទាំងអស់ បន្ទាប់​ពី​បែក​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​តាម​រយៈ​ខ្សែ​អាត់​សំឡេង ដែល​គេ​ចោទ​ប្រកាន់​ថា អាច​ជា​រូប​លោក កឹម សុខា ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ថ្លែង​ទៅ​កាន់​យុវជន​បក្ស​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា លោក កឹម សុខា ឲ្យ​ដឹង​ថា ការ​ប៉ុនប៉ង​យក​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​ជាច្រើន​លើក​ច្រើន​សា​កន្លង​ទៅ បង្ហាញ​ជា​សាធារណៈ ត្រូវ​បាន​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា គឺ​ជា​ការ​កាច់កុង​ផ្នែក​នយោបាយ។ ម្យ៉ាង​វិញ​ទៀត នោះ​ក៏​ព្រោះ​តែ​លោក​ធ្វើ​អ្វីៗ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​ប្រជាធិបតេយ្យ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ​ចោទ​ប្រកាន់​ថា ប្រសិន​បើ​រឿង​នេះ​វា​មិន​ពាក់ព័ន្ធ​នឹង​ប្រទេស​ជាតិ​ទេ ឬ​រូប​លោក​ពុំ​មែន​ជា​បុគ្គល​ដែល​ធ្វើ​កិច្ចការ​ដើម្បី​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម​នោះ​ទេ ទំនង​ជា​ពុំ​មាន​សកម្មភាព និង​រហូត​ចំណាយ​លុយ ព្រម​ទាំង​បញ្ចេញ​ស្ថាប័ន​របស់​រដ្ឋ អុកឡុក និង​ប្រឆាំង​លោក​គ្រប់​ពេលវេលា​យ៉ាង​ដូច្នេះ​ទេ៖ «»

បើ​ទោះ​បី​ជា​បែប​ណា លោក កឹម សុខា ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​រឿង​ឯកជន​របស់​លោក​ដែល​កំពុង​លើក​ឡើង​នៅ​ពេល​នេះ ហើយ​ត្រូវ​បាន​គេ​ព្យាយាម​ទម្លាយ​ចេញ​នោះ ពាក់ព័ន្ធ​នឹង​ខ្សែ​អាត់​សំឡេង​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នេះ ឬ​យ៉ាង​ណា​នោះ​ឡើយ? ក៏ប៉ុន្តែ វិវាទ និង​បញ្ហា​ប្រឈម​ចុង​ក្រោយ​របស់​លោក កឹម សុខា នៅ​ពេល​នេះ បន្ទាប់​ពី​មាន​ការ​គំរាម​កំហែង​ជាច្រើន​លើក​ច្រើន​សា​នោះ គឺ​ពុំ​មាន​អ្វី​ក្រៅ​ពី​បញ្ហា​ដែល​ចោទ​ប្រកាន់​ថា លោក​មាន​រឿង​អាស្រូវ​ស្នេហា​នោះ​ទេ។

ក្រោយ​ពី​សំឡេង​ខ្សែ​អាត់​ដែល​បែក​ធ្លាយ​ជា​សាធារណៈ​អំពី​រឿង​អាស្រូវ​ស្នេហា​ភ្លាម គេ​សង្កេត​ឃើញ​ថា មាន​សកម្មភាព​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ប្រឆាំង​លោក កឹម សុខា ភ្លាម​ដែរ។ រហូត​មក​ដល់​ពេល​នេះ លោក កឹម សុខា ព្រោះ​តែ​ប្រកាន់​គោលការណ៍​មិន​ឆ្លើយ មិន​ឆ្លង និង​មិន​ឈ្លោះ​ក្នុង​រឿង​ឯកជន​នេះ ដែល​គេ​ចោទ​ថា អាច​ជា​រឿង​របស់​លោក​ជា​មួយ​នាង ស្រី​មុំ នោះ នៅ​ក្នុង​ដៃ​តុលាការ លោក កឹម សុខា មាន​បណ្ដឹង​ពីរ​រួច​ជា​ស្រេច​ទៅ​ហើយ។ បញ្ហា​ប្រឈម​ទាំង​នេះ នៅ​មិន​ទាន់​គិត​ដល់​សកម្មភាព​មួយ​ចំនួន​ដែល​ដឹក​នាំ​ដោយ​លោក ស្រី ចំរើន បាន​បន្ត​ធ្វើ​យុទ្ធនាការ​គ្រប់​ទីកន្លែង ទាមទារ​ឲ្យ​លោក កឹម សុខា ឆ្លើយ​បំភ្លឺ​ក្នុង​រឿង​នេះ​ជា​ហូរហែ​នៅ​ឡើយ​ផង។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា នេះ​ជា​រឿង​របស់​លោក កឹម សុខា ដែល​ពុំ​មាន​អ្នក​បង្កើត​ឡើង​ក្រោម​ហេតុផល​អ្វី​ផ្សេង​ឡើយ។ ម្យ៉ាង​ទៀត ប្រសិន​បើ​ចៀសវាង​កុំ​ឲ្យ​មាន​ការ​អូស​បន្លាយ​វែង​ឆ្ងាយ លោក កឹម សុខា ត្រូវ​ចេញ​មុខ​ដោះស្រាយ និង​ឆ្លើយ​បំភ្លឺ គឺ​ជា​មធ្យោបាយ​ដ៏​ល្អ៖ «»

ជុំវិញ​បញ្ហា​នេះ អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា នេះ​ជា​របៀប​ឆាក​ល្ខោន​ដែល​គេ​និពន្ធ​ឡើង ហើយ​ព្យាយាម​ច្បិច​យក​សាច់​រឿង​មួយ​ជ្រុង​ដើម្បី​សម្ដែង​ប៉ុណ្ណោះ ដែល​វា​ពិបាក​ដល់​អ្នក​តាម​ដាន។ ទាំង​នេះ​ហើយ គឺ​ជា​ការ​បង្កើត​ឆាក​ឈុត​ស្មុគស្មាញ​មួយ​ដល់​អ្នក​ទស្សនា។ ម្យ៉ាង ឆាក​ល្ខោន​មួយ​រឿង​នេះ ក៏​អាច​ជា​ល្បិច​នយោបាយ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដៃគូ​ម្ខាង​ទៀត​ត្រូវ​បាត់បង់​ជំនឿ​ចិត្ត​ពី​អ្នក​គាំទ្រ​បាន​មួយ​កម្រិត​ដែរ។

អ្នក​វិភាគ​សង្គម លោក មាស នី កត់​សម្គាល់​ថា អាច​មាន​ហេតុផល​ពីរ​យ៉ាង​នៅ​ក្នុង​សំណុំ​រឿង​នេះ។ ហេតុផល​ទី​១ ទំនង​ជា​រឿង​ពិត​របស់​លោក កឹម សុខា ដែល​ធ្វើ​ឲ្យ​លោក​ព្យាយាម​នៅ​សម្ងំ​មិន​តតាំង​អ្វី​ទាំងអស់ និង​ចំណុច​ទី​២ អាច​ជា​ចេតនា​ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​របស់​អ្នក​នយោបាយ​ពី​បក្ស​ម្ខាង​ទៀត។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក មាស នី ចាត់​ទុក​ថា ប្រសិន​បើ​លោក កឹម សុខា នៅ​បន្ត​លាក់​មុខ​ទៀត ប្រហែល​ចៀស​មិន​ផុត​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ៖ «»

ចំណែក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ វិញ បាន​ព្រមាន​ថា លោក កឹម សុខា អាច​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​មិន​ទៅ​បង្ហាញ​មុខ​តាម​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​កញ្ញា ធី សុវណ្ណថា នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១ ឧសភា វេលា​ម៉ោង ៩​ព្រឹក​ទេ​នោះ។

អ្នក​ច្បាប់​និយាយ​ថា ការ​ព្រមាន​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង គឺ​ជា​ការ​ជ្រៀតជ្រែក​ទៅ​ក្នុង​កិច្ចការ​របស់​តុលាការ។ ជុំវិញ​សំណុំ​រឿង​នេះ អ្នក​វិភាគ​សង្គម លោក អ៊ូ វីរៈ ក៏​នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ដែរ តាម​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។