ព្រះសង្ឃ​០៤​អង្គ និង​ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំបួរ ចុះ​បង្ក្រាប​និង​ចាប់​ឃាត់​មុខសញ្ញា​ជួញដូរ​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ចំនួន​០៥​អង្គ​/​នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ស្ថិត​ក្នុងភូមិ​ព្រៃ​សម្ព័រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប​។

បើ​តាម​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​នោះ ១.​ឈ្មោះ រ៉ាត់ ទូច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​ជាប់​ពី​បទ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ហើយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៤ កញ្ចប់​តូច និង​សម្ភារ​ប្រើប្រាស់ គ្រឿងញៀន​មួយ​ចំនួន​។ ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព ថា​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ជាមួយ​លោកសង្ឃ​ចំនួន​៤​អង្គ នៅ​វត្ត​សាមគ្គី​រង្សី​ទើប​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន និង​ធ្វើតេស្ត​ទឹកនោម​ឃើញ​សារធាតុ​ញៀន​គឺ​ទី​១.​ព្រះ​នាម ខឹ​ម ឌី ព្រះ​ជន្ម​១៧ ព្រះ​វស្សា  ទី​២.​ព្រះ​នាម នូ សា​វិ ព្រះ​ជន្ម​១៧ ព្រះ​វស្សា ទី​៣.​ព្រះ​នាម អ៊ុំ ភា​រំ ព្រះ​ជន្ម​១៥ ព្រះ​វស្សា ទី​៤.​ព្រះ​នាម ពៅ ស្វាយ ព្រះ​ជន្ម​១៤ ព្រះ​វស្សា​។ លទ្ធផល​ធ្វើតេស្ត​ទឹក​ម៉ូត  មាន​សារជាតិ​ញៀន​ទាំង​០៤​អង្គ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពិនិត្យ​ឃើញ​សារធាតុ​ញៀន​សមត្ថកិច្ច​រាយការណ៍​ជូន​លោក​ប្រធាន​ធម្មការ និង​សាសនា​ខេត្ត និង​ព្រះ​អនុគណ​ស្រុក​ស្វាយ​ទាប បាន​ធ្វើការ​ផ្សឹក​សង្ឃ​ទាំង​០៤​អង្គ​នៅ​រសៀល ថ្ងៃ​ទី​១១ ខែឧសភា រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ចាប់​បាន​លោកសង្ឃ​ប្រើប្រាស់​គ្រឿងញៀន​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ និង​គណៈកម្មការ​វត្ត​ហួសចិត្ត​យ៉ាង​ខ្លាំង ៕